BREAKING NEWS
Search

អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​អប់រំ​ពលរដ្ឋ​នៅ​សហគមន៍​អន្លង់​គង​ថ្មី ចូលរួម​ប្រយុទ្ធ​ប្រឆាំង COVID-19

ភ្នំពេញ​ ៖ អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខណ្ឌ​ដង្កោ​ លោក កែប ជុតិមា ក្នុង​ពិធី​សំណេះសំណាល និង​ផ្សព្វផ្សាយ អប់រំ ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​១២០​គ្រួសារ ក្នុង​សហគមន៍​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២០ បាន​ណែនាំ​ និង​ប្រាប់​ប្រជាពលរដ្ឋ ពី​វិធី​ការពារ ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាកុល ឬ ជែល ជាប្រចាំ​ ចៀសវាង​ការ​ចាប់ដៃ​គ្នា ត្រូវ​ប្រើ​កាយ​វិការ​សំពះ ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រមា ​ក្នុង​ទីប្រជុំជន និង​រក្សា​គម្លាត ២​ម៉ែត្រ​ពីគ្នា ហើយ​ត្រូវ​តាមដាន​សុខភាព​ប្រសិន​មាន​អាកា​រៈ​ក្អក​មិន​បាត់ ក្តៅខ្លួន ខ្លាំង សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ ឬ ខ​ល​ទៅ​លេខ​ទូរសព្ទ​១១៥ ដើម្បី​ទទួល​បាន​សេវា​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ។​

លោក កែប ជុតិមា បាន​មានប្រសាសន៍ថា បងប្អូន ​ត្រូវ​ថែទាំ អនាម័យ​ខ្លួន​ជាប់​ជាប្រចាំ ហើយ​ចៀស​វាង​កុំ​នៅ​ជុំគ្នា​ច្រើន ឧស្សាហ៍​លាងដៃ​ដោយ​សាប៊ូ។ បញ្ហា​មិន​ធ្ងន់ធ្ងរ​ទេ តែ​បញ្ហា​សំខាន់ គឺ​យើង​មិន​បាន​ដើរលេង​ទៅ​ណា។ បើ​បងប្អូន​មាន​បញ្ហា​ក្តៅខ្លួន សូម​បងប្អូន​ប្រាប់​អាជ្ញាធរ​ភូមិ សមត្ថកិច្ច ហើយ​យើង​ត្រូវ​ទៅ​ពេទ្យ​ភ្លាម បើ​បងប្អូន​សង្ស័យ​ថា អត់​ស្រួល ពិសេស​អ្នក​មកពី​ក្រៅ ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច។ សម្តេច​តេ​ជោ លោក​យកចិត្តទុកដាក់​ណាស់ គឺ​ សម្តេច​ធ្វើយ៉ាងណា​មិនឲ្យ​បងប្អូន​រង​គ្រោះ​ដោយសារ​ជំងឺ COVID-19 រាតត្បាត​នេះ​ទេ។​

លោក កែប ជុតិមា បាន​ថ្លែង​បញ្ជាក់ទៀតថា «​យើង​មិន​ត្រឹម​ការពារ​តែ​ខ្លួន​យើង​នោះ​ទេ គឺ​យើង​ការ​ពារ​ដល់​គ្រួសារ ប្រពន្ធ កូន​យើង ពិសេស​ការពារ​ដល់​សហគមន៍​យើង។ ព្រោះ​ជំងឺ​នេះ​ ឆ្លង​លឿន​ណាស់ តែ​មិន​ធ្វើ​ឲ្យ​ស្លាប់​នោះ​ទេ បើ​យើង​ការពារ​អនាម័យ​បាន​ល្អ​នោះ​»។​

ក្នុងឱកាស​នោះ លោក កែប ជុតិមា ប្រធាន​ក្រុមការងារ បាន​លើក​ឡើង​ជម្រាប​ជូន​បងប្អូន​ប្រជាពល​រដ្ឋ ដោយ​សង្កត់ធ្ងន់​ពី​គ្រោះថ្នាក់​ នៃ​ជំងឺឆ្លង​កូ​វីដ-​១៩ COVID-19 ដែល​មកទល់​បច្ចុប្បន្ន​នេះ ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​ឆ្លង​ជាស​កល​នៅ​ស្ទើរ​គ្រប់​ប្រទេស​លើ​ពិភពលោក​។

ដោយឡែក​នៅ​កម្ពុជា​យើង ទោះបី​ជំងឺ​នេះ​មិនទាន់​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៅឡើយ ហើយ​មាន​អ្នកជំងឺ​ជា​សះស្បើយ​ខ្លះ​ក៏ដោយ​ក្តី ប៉ុន្តែ​មិនទាន់មាន​សញ្ញា​ស្រាកស្រាន្ត​នៅឡើយ​ទេ​។​
ហេតុនេះ យើង​ត្រូវ​ចូលរួម​យ៉ាងសកម្ម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នេះ​បន្តទៅទៀត​ តាម​ការដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ការណែនាំ​វេជ្ជសាស្ត្រ​របស់​ក្រសួងសុខាភិបាល​ជាអាទិ៍ ​៖ ការរស់នៅ​មាន​អនាម័យ​ខ្ជាប់ខ្ជួន លាងដៃ​ដុស​សាប៊ូ​ញឹកញាប់ ក្នុង​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ត្រូវ​រក្សា​គំលាត​សមស្រប​និង​ពាក់​ម៉ាស​ការពារ​ផ្លូវ​ដ​ង្កើ​ម ពិសេស​ចៀសវាង​ដាច់ខាត​ការ​ប្រមូលផ្ដុំ​មាន​មនុស្ស​ច្រើន-​-ល-​។​

ទន្ទឹម​នោះ ត្រូវ​រួបរួមសាមគ្គី​គ្នា​រក្សា​ប្រក្រតី​ភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ការពារ​សុខភាព​ផ្ទាល់ខ្លួន ​និង​គ្រួសារ ការពារ​សុខភាព​សាធារណៈ ដើម្បី​បង្ការ​ទប់ស្កាត់​ដាច់ខាត​មិនឲ្យ​ជំងឺ​នេះ​ឆ្លង​រាលដាល​ក្នុង​សហគមន៍ ពិសេស​ក្នុង​ស្ថានភាព​ជាក់ស្ដែង ​នៃ​ចលនា ពលករ​អ្នក​មកពី​ក្រៅ និង​ក្រៅប្រទេស​វិល​ត្រឡប់​មកកាន់​មូលដ្ឋាន​ភូមិ​ស្រុកកំណើត​របស់​ខ្លួន​វិញ​។​

ម្យ៉ាងវិញទៀត ត្រូវ​ចេះ​សាមគ្គី​ជួយ​យកអាសា​គ្នា​ទាំង​ក្នុង​ពេល​មាន​គ្រោះភ័យ ​នៃ​ជំងឺឆ្លង COVID-19 ទាំង​ក្នុងពេល​ពុះពារ​ឆ្លងកាត់​ការ​លំបាក​ដែល​ជា​ផល​ប៉ះពាល់​ នៃ​វិបត្តិ COVID-19 នេះ ទៅលើ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ក្នុង​សហគមន៍​។​

គួរ​បញ្ជាក់​ថា ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ និង​ទប់ស្កាត់​ការ​ឆ្លង​មេរោគ COVID-19 លោក កែប ជុតិ​មា បាន​ផ្តល់​ក្រមា និង​អង្ករ ដល់​មេ​គ្រួសារ​បក្ស ចំនួន​១២០​នាក់ និង​ថវិកា សមាជិក​បក្ស ចំនួន​៧០​នាក់​ផង​ដែរ៕​


អត្ថបទ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114