អ្នកនយោបាយ​ជើងចាស់​ថា សេចក្តី​សម្រេច​របស់ EU ផ្តើម​ចេញពី​ការ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ លោក កឹម សុខា និងឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​

ភ្នំពេញ ៖ លោក គង់ គាំ ដែល​គេ​ស្គាល់​ថា ជា​អ្នកនយោបាយ​ជើងចាស់​មួយ​រូប ហើយ​ជា​អតីតមន្ត្រី​ជាន់​ខ្ពស់​នៅ​អតីត​គណបក្សប្រឆាំង​ផង​នោះ​បាន​អះអាង​ថា សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប (EU) គឺជា​លទ្ធផល​ដែល​ផ្តើមចេញពី​ការ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​អតីត​មេ​បក្ស CNRP (​កឹម សុខា​) និង​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ និង​ការ​ទាមទារ​អោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ហើយ​អ្នកនយោបាយ​ជាប់​បម្រាម ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ទាំងអស់​ទទួល​តំណែង​វិញ​។​

លោក គង់ គាំ លើកឡើង​របស់​អ្នកនយោបាយ​ជើងចាស់​រូបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប បានចេញ​សម្រេច ដោយ​ដក​ផ្នែក​ខ្លះ ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។

លោក គង់ គាំ ថា ការ​ព្រួយបារម្ភ​ដែល​ថា ក្រោយ​ដក EBA កម្ពុជា ​ត្រូវ​បង់ពន្ធ​១០០​ភាគរយ លើ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ទៅ​សហភាព​អឺរ៉ុប​នោះ មិន​មាន​អ្វី​គួរ​បារម្ភ​ទេ ពីព្រោះ​សេចក្តី​សម្រេច​ជាក់ស្ដែង​របស់​គណៈកម្មកា​រ​អឺរ៉ុប កាលពី​ថ្ងៃ​១២ ខែ​កុម្ភៈ ឲ្យ​ទំនិញ​ពី​កម្ពុជា​នាំ​ចូល​ទៅ​អឺរ៉ុប​ប្រមាណ​៨០​ភាគរយ​រួច​ពន្ធ គឺ​ដូច​មិន​បង់ពន្ធ​ដដែល ហើយ​ទំនិញ​ប្រមាណ​២០​ភាគរយ ដែល​តម្រូវឲ្យ​បង់ពន្ធ (​ជា​ផលិតផល​កាត់ដេរ ជា​ស្បែកជើង ជា​សម្ភារៈ​ធ្វើដំណើរ និង​ស្ករ​) រាជរដ្ឋាភិបាល ក៏ដូចជា​ក្រុមហ៊ុន​វិនិយោគ ផលិតករ កម្មករ និង​អ្នកទិញ រង​ផល​ប៉ះពាល់​តិចតួច​បំផុត ឬ​ទុក​ដូចជា​ធម្មតា​។

បើតាម​ លោក គង់ គាំ សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ខាងលើ គឺជា​លទ្ធផល​ដែល​ចាប់ផ្ដើម​ពិចារណា​ចេញពី​ការស៊ើបអង្កេត​ចំនួន​២ គឺ​ ទី​១- ការ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​មេបក្ស​សង្គ្រោះ​ជាតិ កឹម សុខា និង​ដោះលែង​ឲ្យ​រួចខ្លួន​ដោយ​ឥត​លក្ខខណ្ឌ។ ទី​២- ការទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ និង​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ទទួល​បាន​តំណែង​វិញ (​ស្មើនឹង​ឈូស​តុលាការ និង​ឆា​រដ្ឋអំណាច​)​។

តាម​លោក គង់ គាំ ជារួម​សេចក្តីសម្រេច​គណៈកម្មកា​រ​អឺរ៉ុប កាលពី​ថ្ងៃ​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ គ្រាន់​តែ​រក្សា​តម្លៃ​គោលការណ៍​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​របស់ខ្លួន ដែល​ផ្អែក​ខ្លាំង​លើ​ជំហរ​នយោបាយ​តែប៉ុណ្ណោះ​។ កម្ពុជា ​មានការ​ជឿជាក់​ថា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប នៅតែ​បន្ត​ភាពជា​ដៃគូ​ជួយ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើន​សមត្ថភាព និង​បំពេញ​គោលការណ៍​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស សមស្រប​ឆ្ពោះ​ទៅ​ឆ្នាំ​២០៣០ ដែល​កម្ពុជា​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។​

លោក គង់ គាំ អះអាង​ថា នៅ​ឆ្នាំ​២០២០​នេះ សកម្មភាព​ការទូត និង ​កិត្តិយស​របស់​កម្ពុជា កាន់តែ​ទូលំទូលាយ​ក្នុងឋានៈ​ជា​ប្រទេស​ម្ចាស់ផ្ទះ (​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប រួម​ទាំង​ការចូលរួម​ជំនួប អាស៊ាន​-​សហរដ្ឋអាមេរិក​) តាម​គម្រោង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ​។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ គណៈកម្មការ​អឺរ៉ុប បាន​ចេញ​សម្រេច ដោយ​ដក​ផ្នែក​ខ្លះ​ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)” ពី​កម្ពុជា ដែល​ការសម្រេចចិត្ត​នេះ ត្រូវ​បាន​គេ​អះអាង​ថា នឹង​ប៉ះពាល់​ដល់​ផលិតផល​មួយ​ចំនួន ដែល​កម្ពុជា​បាន​នាំចូល​ទៅកាន់​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប ដែល​រួមមាន​ផ្នែក​ខ្លះ ​នៃ​សំលៀកបំពាក់ និង​ស្បែកជើង ព្រមទាំង​ផលិតផល​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ផលិតផល​ស្ករស​។ ការសម្រេច​ដក​នេះ មាន​ទំហំ​ប្រហែល​មួយ​ភាគ​ប្រាំ ឬ​មា​ន​តម្លៃ​ប្រមាណ​ជា​១​ពាន់​លាន​អឺរ៉ូ នៃ​តម្លៃ​នាំចេញ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប ហើយ​ការសម្រេចចិត្ត​ដក​នេះ ​នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខ​៕


អត្ថបទ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114