អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អះអាង​ថា​ នឹង​ជួយ​កម្ពុជា​យកឈ្នះ​ជំងឺកូវីដ១៩ ឲ្យ​ទាល់តែ​បាន​

​ភ្នំពេញ​ ៖ ​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​អះអាង​ថា ​រដ្ឋាភិបាល​ចិន​នឹង​ប្រឹងប្រែង​ជួយ​កម្ពុជា​គ្រប់យ៉ាង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​ទប់ស្កាត់​កា​ររីក​រាលដាល​វីរុស កូវីដ១៩ និង​ជួយ​កម្ពុជា​យកឈ្នះ​ជំងឺ​រាតត្បាត កូវីដ១៩ ​ឲ្យ​ទាល់តែ​បាន​។ ​លោក Geng Shuang បាន​បញ្ជាក់​ថា​ នោះ​ក៏​ព្រោះតែ​កម្ពុជា​បាន បង្ហាញ​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ចិន​ក្នុង​គ្រា​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 ដ៏​លំបាក​កន្លងមក​។​ លោក Geng Shuang បាន​អះអាង​បែបនេះ​នៅ​ក្នុង​សន្និសីទ​កា សែត​កាលពី​ថ្ងៃ​ទី​២៣ មីនា នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។​

​ឆ្លើយ​នឹង​សំនួរ​អ្នកសារព័ត៌មាន​ជុំវិញ​ការ​បញ្ជូន​សម្ភារ​បរិក្ខារ​ពេទ្យ និង ក្រុម​អ្នក​ជំនាញ​សុខាភិបាល ៧ នាក់មក​កម្ពុជា​នោះ លោក Geng Shuang បាន​បញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវនេះ​កម្ពុជា​ កំពុង​ប្រឈមមុខ​នឹង​ការទប់ស្កាត់​វីរុស​កូវីដ១៩ ដ៏​កាច​សាហាវ។ ដូច្នេះ​វា​មិន​ត្រឹមតែ អាច​និយាយ​បាន​ថា ​ចិន​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កម្ពុជា​ទេ​ ហើយក៏​មិន​គ្រាន់តែ​ជា​តំណាង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពិសេស​ដែរ ​ប៉ុន្តែ​វា​ពិតជា​សាក​សម​ណាស់​ សម្រាប់​មិត្តភាព​ដែកថែប​នៅ​ក្នុង​សហគមន៍​វាសនា​រួមគ្នា​តែមួយ​។​ ចិន​នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ ដើម្បី​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​វីរុស​កូវីដ១៩ នេះ​ជាពិសេស​ រួមចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទៀតផង​»​។​

​គួររំលឹកថា ​រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ ៧ នាក់​មកដល់​កម្ពុ​ជាកា​លពី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០២០ ជាមួយនឹង​ជំនួយ​ជា​សម្ភារ​បរិក្ខារ​ពេទ្យ ជាច្រើន​រួមមាន​ឧបករណ៍​ធ្វើ​តេ​ស្ត, ឧបករណ៍​ដកដង្ហើម N95, របាំង​វះកាត់​, ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង អាវធំ​សម្រាប់​វះកាត់​ជាដើម​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​ផ្ទុះឡើង​ជំងឺ កូវីដ១៩។

​កាលពី​ដើមខែ​កុម្ភៈ ឆ្នាំ ២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​បំពេញ​ទស្សនកិច្ច​រយៈពេល​ខ្លី​ នៅ​ប្រទេស​ចិន​ខណៈ​ មេរោគ​កូ​វីដ​១៩​បាន​វាយ ប្រហារ​យ៉ាង​ខ្លាំង​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ​ក្នុង​គោលបំណង​បង្ហាញ​នូវ​សាមគ្គីភាព​ជា​មួយរ​ដ្ឋា​ភិ​បាល​ចិន​ ក៏ដូចជា​ប្រជាពលរដ្ឋ​ចិន​ នៅក្នុង​គ្រា​លំបាក​និង​ពង្រឹង​នូវ​ស្មារតី​និង​ជំនឿ​ចិត្ត​ សម្រាប់​ប្រជាពលរដ្ឋ​និង​និស្សិត​កម្ពុជា​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​ចិន​ ដើម្បី​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ស្នាក់នៅ​តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ចិន និង ចង់​បញ្ជូន​សារ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ថា ​ជំងឺ​របស់​ពលរដ្ឋ​កម្ពុជា​មិនមែន​ជំងឺ​បង្កឡើង​ដោយ​មេរោគ «​កូ​រ៉ូ​ណា​» នោះ​ទេ​គឺ​ជំងឺ​ភ័យខ្លាច​។​

​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​គូស​បញ្ជាក់​នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាពេល​នោះ​ថា​ ចាប់ពី​ឆ្នាំ ២០២០ នេះ​ទៅ​ទំនាក់ទំនង​កម្ពុជា​-​ចិន នឹង​ស្ថិត​នៅ​ក្នុង​ទំព័រ​សករាជ​ថ្មី​ទៀត​ដែរ​ អាច​ដាក់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នៅ​ក្នុង​កម្រិត​ថ្មី​មួយទៀត ។

​នៅក្នុង​ខែកុម្ភៈ​នោះដែរ ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​និង​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិ នរោត្តម មុនិនាថ សីហនុ បាន​ផ្ញើ​ព្រះរាជសារ​ចូលរួម​រំលែក​ទុក្ខ​លំបាក​ ជាមួយ​រដ្ឋាភិបាល​ចិន និង សព្វ​ព្រះរាជហឫទ័យ​ឧបត្ថម្ភ​ថវិកា​១០​ម៉ឺន​និង​៥​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដល់​ការ​លំបាក​របស់​ចិន​។​ ដោយឡែក​ប្រជាពលរដ្ឋ​ខ្មែរ​ក៏បាន​ឧបត្ថម្ភ​ជំនួយ​ជា​ម៉ាស់​និង​ថវិកា​ដល់​ចិន​ផង​ដែរ​។

​សូមបញ្ជាក់ថា ​គិត​ទាំង​អ្នក​ឆ្លង​ថ្មី​នៅថ្ងៃនេះ ​គឺ​កម្ពុ​ជា​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩​កើន​ឡើង ដល់​ចំនួន​៨៧​នាក់​ហើយ ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​បាន​នាំ​មុខ​គេ​ដោយមាន អ្នក​ឆ្លង​ចំនួន​៣៤​នាក់ ,​ខេត្តកំពង់ចាម​១១​នាក់​, រាជធានី​ភ្នំពេញ​១១​នាក់ ,​ខេត្តបាត់ដំបង​៨​នាក់​, ត្បូងឃ្មុំ​៤​នាក់​, ខេត្ត​កែប​៤​នាក់ ,​កំពង់ឆ្នាំង​ចំនួន​៣​នាក់​,​សៀមរាប ២​នាក់ ,​កោះកុង​២​នាក់ ,​កំពត​២​នាក់ ,​ព្រះវិហារ​២​នាក់ ,​បន្ទាយ​មាន​២​នាក់ និង ខេត្តកណ្តាល​ម្នាក់​។ ក្នុង​នោះ​ជាសះស្បើយ​២​នាក់​គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៥​ឆ្នាំ និង​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ ។​

​បើទោះបី​នៅ​កម្ពុ​ជា មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ កើត​ឡើងជា​រៀងរាល់ថ្ងៃ​ក៏ដោយ​ ប៉ុន្តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល​បាន​អះអាង​ថា មកដល់ពេលនេះ​ពុំទាន់​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា​ មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ​តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង។ ជាការ​កត់សម្គាល់​បន្ថែ​ម​ថា​ការរក ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៣ នាក់​បន្ថែម​ទៀត​នេះ​កើតឡើង​ចំ​ពេល​ ដែល​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​ចិន​ចំនួន​៧​នាក់​និង​សម្ភារៈ​ពេទ្យ​មួយចំនួន​ផង​ត្រូ​វបាន​បញ្ជូន​មកដល់ ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​១៩​នេះ។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​គូសបញ្ជាក់ថា ​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​ចិន​នឹង​ពិភាក្សា អំពី​បទពិសោធន៍​នៃ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ជាមួយនឹង​ភាគី​កម្ពុជា​ ជួយ​សម្របសម្រួល​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ​និង​ផ្តល់​យោបល់​ណែនាំ​ជូន​ដល់​អ្នក ជំងឺ​ក្នុង​ពេល​ព្យាបាល​ផង​ដែរ​៕