BREAKING NEWS
Search

អ្នកនាំពាក្យ​ក្រសួងការបរទេស​ ៖ ការ​ដក​២០​ភាគរយ​នៃ EBA មិនមែន​បិទ​ទីផ្សារ​ទាំងស្រុង​នោះទេ​

​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក កុយ គួ​ង បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នា​រសៀល​ថ្ងៃទី​១២ ខែសីហា នេះ​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​នេះ មិនមែន​បិទ​ទីផ្សារ​ទាំងស្រុង​ទេ មានន័យថា គ្រាន់តែ​យកពន្ធ​ជាធម្មតា​ឡើងវិញ​ប៉ុណ្ណោះ ហើយ​កម្ពុជា​អត់​មាន​ឆ្ល​យ​តប​នោះទេ ពីព្រោះ​កម្ពុជា​បានបញ្ជាក់​ជំហរ​ច្បាស់​ហើយ នាពេល​កន្លងមក​។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ធ្វើ​ឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប (EU) នៅ​ថ្ងៃទី​១២ សីហា នេះ បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ ស្តីពី​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​ចំពោះ​កម្ពុជា ដែល​បាន​បញ្ជាក់ថា ផលិតផល​នាំចេញ​ធម្មតា​របស់​កម្ពុ​ជាមួយ​ចំនួន​ដូចជា សម្លៀកបំពាក់ និង​ស្បែកជើង ផលិតផល​សម្រាប់​ធ្វើដំណើ​រ និង​ស្ករ នឹងត្រូវ​យកពន្ធ​ឡើងវិញ នៅពេល​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។​

លោក កុយ គួ​ង បញ្ជាក់​យ៉ាងនេះ​ថា “​នេះ​មិនមែន​ការដក​ទាំងស្រុង​ទេ គឺ​គ្រាន់តែ​ជាការ​ដក​២០​ភាគរយ​ប៉ុណ្ណោះ ហើយ​ការដក​២០ ភាគរយ​នេះ មិនមែន​បិទ​ទីផ្សារ​ទាំងស្រុង​នោះទេ មានន័យថា ២០​ភាគរយ​នេះ សហភាព​អឺរ៉ុប យកពន្ធ​ជាធម្មតា​ឡើងវិញ​”​។ លោក​បញ្ជាក់ទៀតថា “​កម្ពុជា​អត់​មាន​ធ្វើ​សេចក្តីថ្លែងការណ៍​ណាមួយ ដើម្បី​តបត​សេចក្តីសម្រេច​របស់​សហ​ភាព​អឺរ៉ុប​នេះ​បន្ថែមទៀត​ទេ ពីព្រោះ​ជំហរ​របស់​កម្ពុជា​បានបញ្ជាក់​យ៉ាងច្បាស់ នាពេល​កន្លងមក​រួច​ហើយ នៅក្នុង​សេចក្តីថ្លែងការណ៍​នាពេល​កន្លងមក ហើយ​ជំហរ​នេះ​អត់​មាន​ប្រែប្រួល​ទេ​”​។​



សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ក្រសួងការបរទេស បានចេញ​សេចក្តីថ្លែងការណ៍​មួយ​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ភារកិច្ច​ប្រគល់ជូន​គណៈកម្មការ​អឺរ៉ុប នូវ​ការឆ្លើយតប​ចុងក្រោយ​របស់ខ្លួន ចំពោះ​របាយការណ៍​រប​ស់​គណៈកម្មការ​អឺរ៉ុប អំពី​ការរកឃើញ និង​សន្និដ្ឋាន​ពាក់ព័ន្ធ​នឹង​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្តោះអាសន្ន ដែល​បានផ្តល់​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​កម្មវិធី “​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA”​។​



បើតាម​ក្រសួងការបរទេស សេចក្តី​ឆ្លើយតប​ចុងក្រោយ​នេះ គឺជា​របាយការណ៍​គ្រប់​ជ្រុងជ្រោយ​អំពី​សកម្មភាព និង​វិធានការណ៍​នានា ដែល​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំង​ឡា យ ដែលជា​ការព្រួយបារម្ភ​របស់​គណៈកម្មការ​អឺរ៉ុប ជាអាទិ៍​រួមមាន​ការគោរព​សិទ្ធិ ក្នុងការ​ចូលរួម​នយោបាយ សិទ្ធិ​ដីធ្លី សេរីភាព​បញ្ចេញមតិ និង​សេរីភាព​បង្កើត​សមាគម​ជាដើម​។ ក្នុង​ចន្លោះ​ពេលដែល​គណៈកម្មកា​រ​អឺរ៉ុប ចេញ​សេចក្តីសម្រេច​ចុងក្រោយ​របស់ខ្លួន រាជរដ្ឋាភិបាល​សង្ឃឹម​ថា គណៈកម្មការ​អឺរ៉ុប នឹងធ្វើ​ការពិចារណា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​សុ​ឆន្ទៈ របស់​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់ ក្រោម​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ “ គ្រប់មុខ​ទំ​និញ​លើកលែង​សព្វាវុធ​-EBA ដែល​អាច​ផ្តល់​ផលប៉ះពាល់​សង្គម​ដល់​កម្មការិនី​ប្រមាណ​ជិត​មួយ លាន​នាក់ និង​ផលប៉ះពាល់​ដោយ​ប្រយោល​ដល់​ក្រុមគ្រួសារ​សាច់​ញា តិ ដែល​រស់នៅ​ពឹង​ផ្អែកលើ​ប្រាក់​ឈ្នួល​របស់​ពួកគេ រួមទាំង​ការគោរព​នូវ​គោលការណ៍​អធិបតេយ្យភាព និង​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។

​ទាក់ទង​បញ្ហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រេះ​រាជាណាចក្រ​កម្ពុជា​ធ្លាប់បាន​មាន​ប្រកាស​ន៏​ថា ទោះបី​ត្រូវ​បាត់ EBA ក៏​កម្ពុជា​មិន​ស្លាប់ ឬ​ក្លាយទៅជា​អ្នកមាន​បានដែរ​។ សម្តេច​លើកឡើងថា ពេលនេះ ត្រូវ​រួមគ្នា ដើម្បី​ពង្រីក​ការលូតលាស់​ខាង​សេដ្ឋកិច្ច ដើម្បី​បន្ត​ពង្រឹង​ឯករាជ្យភាព​ខាង​នយោបាយ ហើយ​មិន​ត្រូវយក​អធិបតេយ្យភាព​ទៅ​ដោះដូរ​ជាមួយនឹង​ជំនួយ​ណាមួយ​នោះឡើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដោយ​ភាព​ម៉ឺងម៉ាត់​ថា “​ប្រទេសមួយ​បើ​មិនអាច​អនុវត្ត​ច្បាប់​របស់ខ្លួន​បាន​មិនចាំបាច់​ហៅថា ជា​រដ្ឋ​អធិបតេយ្យ​នោះទេ​។ យើង​ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ឲ្យ​ទៅជា​ឱកាស​ទៅជា​កាលានុវត្តភាព នៃ​ការខិតខំ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​យើង​”៕
កោះ​កែវ

  


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114