អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ៖ ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​ចុងក្រោយ​មាន​សុខ​ភាពល្អ​ធម្មតា​ទេ​

​ភ្នំពេញ​ ៖​ អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​ចុងក្រោយ​ដែលជា​ស្ត្រី​មាន​អាយុ​៣៦​ឆ្នាំ​រស់នៅ​ខេត្តបន្ទាយមានជ័យ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​នោះ​មាន​សុខ​ភាពល្អ​ធម្មតា​ទេ​ប៉ុន្តែ​គាត់​នៅមាន​បញ្ហា​ជំងឺផ្លូវចិត្ត​ដោយសារ​គាត់​គិត​ច្រើន​ដែល​បណ្តាលមកពី​ការ​បែក​ពី​ក្រុមគ្រួសារ​យូរពេក​។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃទី​១៥​ខែឧសភា​ថា​រហូតមកដល់​ថ្ងៃទី​១៥​ឧសភា​នេះ​ស្ថានភាព​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់​ចុងក្រោយ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​មាន​សុខភាព​ល្អ​ទេ​។

នៅពេល​សួរថា​ហេតុអ្វី​បានជា​គាត់​ក្រ​ព្យាបាល​ជាសះស្បើយ លោកស្រី​បាន​ពន្យល់ថា​មូល​ហេតុដែល​អ្នកជំងឺ​រូបនេះ​ក្រ​ព្យាបាល​ជា​គឺ​ដោយសារតែ​គាត់​ក្រៅពី​មាន​ឆ្លង​វីរុស​កូ​វីដ​១៩​ហើយ​គាត់​មាន​បញ្ហា​ជំងឺផ្លូវចិត្ត​មួយទៀត​ទើប​ធ្វើ​ឲ្យ​ការ​ការព្យាបាល​យូរ​ជាងគេ​។

បើ​តាម​លោក​សាស្ត្រាចារ្យ ងី​ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀតបាន​មានប្រសាសន៍ថា​ក្រុមគ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​ផ្លូវ​ចិត្តបាន​នឹង​កំពុងធ្វើការ​អប់រំ​និង​ផ្តល់​ប្រឹក្សា​ដល់​អ្នកជំងឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​គាត់​មាន​ភាព​តានតឹង​ជា​បន្តទៀត​និង​បាន​ឆាប់​ជាសះស្បើយ​។

ស្ត្រី​មាន​អាយុ​៣៦​ឆ្នាំ​រស់នៅ​ខេត្តបន្ទាយមានជ័យ​នេះ​ ត្រូវ​បាន​ក្រសួងសុខាភិបាល​បញ្ជូន​មក​សម្រាក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០​ ជាមួយ​បុរស​ជនជាតិខ្មែរ អាយុ៧៥​ឆ្នាំ មាន​ជំងឺ​ទឹកនោមផ្អែម​និង​លើសឈាម រស់នៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំកំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ដែល​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​១២​ឧសភា​កន្លង​ទៅ​នេះ​បន្ទាប់ពី​បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​២​ដង​។

គួរ​បញ្ជាក់​ថា ​រហូតដល់​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​រក​មិនឃើញ​ករណី​ថ្មី​គឺ​មាន​អ្នកជំងឺ​១២២​នាក់​ដដែល​និង​មិនមាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ដែរ​គឺមាន​ចំនួន​១២១​នាក់​ដដែល​និង​នៅសល់​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​១​នាក់​ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។

ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ​ក៏​ក្រសួងសុខាភិបាល​នៅតែ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ។

ជាង​នេះ​ទៅ​ទៀត ​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត​ដូចជា​ពន្យា​ការរៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ និង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​បុគ្គល​ផងដែរ​ដូចជា​អង្គុយ​ឬ​ឈ​ឲ្យ​នៅ​ឃ្លាត​ពីគ្នា​ជាដើម​៕
សំអឿន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114