អ្នកនាំពាក្យ​ក្រសួង​ការងារ​ថា បើ​មាន​ករណី​បិទ ឬ​ព្យួរការងារ​នៅ​ខែ​៣ ឬ​ខែ​៤ ខាងមុខ គឺ​ដោយសារ​កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​

ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​បាន​អះអាង ថា ប្រសិនបើ​មាន​ករណី​បិទ ឬ​ព្យួរ ការងារ​កម្មករ និយោជិត នៅ​ខែមីនា ឬ​ខែមេសា ខាងមុខ មិនមែន​មកពី​ឥទ្ធិពល នៃ​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទេ គឺ​ដោយសារ​កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដោយសារ​តែ​មកដល់ពេលនេះ រោងចក្រ​នៅ​ប្រទេស​ចិន​មិនទាន់​ឆ្លើយតប​ការ​កម្មង់​ទិញ​វត្ថុធាតុដើម​នៅឡើយ​ទេ​។

ការលើកឡើង​របស់លោក ហេង សួរ បានធ្វើ​ឡើង​នៅ​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០ និង​បន្ទាប់ពី​មានការ​បំផុស​ព័ត៌មាន​មួយចំនួន​ថា នឹងមាន​ការបិទ​រោងចក្រ​មួយចំនួន​នៅ​ខែ​ខាងមុខ ដោយសារតែ​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​។

តាម​លោក ហេង សួរ “​ការពិត​មិនមែន​ទេ ហើយ​ចំពោះមុខ​អ្វីដែល​ជាការ​ជាក់ស្ដែង​គឺ រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏ដូចជា​រោងចក្រ​នៅ​ប្រទេស​ផ្សេងទៀត​ដែល​ពឹង​ទៅលើ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន គឺ​ត្រូវ​ប្រើពេល​ប្រហែលជា​ខ្ទង់​៤០​ថ្ងៃ សម្រាប់​ការទទួលបាន​នូវ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដើម្បី​មក​ធ្វើជា​ជីពចរ​សង្វាក់​ផលិតកម្ម​របស់ខ្លួន ហើយដោយ​ឡែក​សម្រាប់​រោ​ង​ចក្រ​កនៅ​កម្ពុជា​យើង រោងចក្រ​កាត់ដេរ​ភាគច្រើន គឺ​ក្រណាត់​យកមក​ពី​ចិន ហើយ​ដែល​ការដឹកជញ្ជូន​មកនេះ​គឺ​ខែ​១២ និង​ខែ​១​នេះ មានការ​ដឹកជញ្ជូន​មក​ច្រើន ពេល​ចូលឆ្នាំ​ចិន ដល់ពេល​ក្រោយ​ចូលឆ្នាំ​ចិន​រោងចក្រ​នៅ​ចិន​បាន​បិទ​ទាំងស្រុង ហើយ​បន្ទាប់ពី​មានការ​ផ្ទុះ​នៅ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​នេះ គឺ​រោងចក្រ​នៅ​ចិន​គឺ​មិនទាន់​ដំណើរការ​នៅឡើយ​ទេ​”​។

លោក ហេង សួរ បញ្ជាក់ទៀតថា ផ្អែកទៅលើ​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ និង​រោងចក្រ​យើង​មួយចំនួនទៀត​មានដូចជា​ស្បែកជើង​ក៏​អាចមាន​បញ្ហា ប៉ុន្តែ​ស្បែកជើង​ដូចជា​មិនទាន់មាន​សញ្ញាណ​ធ្ងន់ធ្ងរ​នៅឡើយ​ទេ តែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ត្រូវការ​វត្ថុធាតុដើម ដូចជា​ក្រណាត់ ឬ​ជា​អ្វី​ផ្សេងៗ​ពី​ប្រទេស​ចិន​នេះ ហើយ​ឥលូវ​នេះ ក្រណាត់​ដែល​បាន​ស្តុក​នោះ គឺអាច​ប្រើប្រាស់​ត្រឹម​ចុងខែ​២​ប៉ុណ្ណោះ​។ “​អញ្ចឹង ! ឥលូវ​នេះ​គាត់​បាន​ព្យាយាម​កុម្ម៉ង់​ក្រណាត់​បន្ថែម​ពី​ប្រទេស​ចិន ក៏ប៉ុន្តែ​រោងចក្រ​នៅ​ប្រទេស​ចិន​អត់​ទាន់​ហ៊ាន​ឆ្លើយ​ថា ​យ៉ាងម៉េច ដោយសារតែ​មិនទាន់​ដឹងថា តើ​ពេលណា​រោងចក្រ​របស់ខ្លួន​អាច​ដំណើរការ​បាន​។ អីចឹង​ហើយ ! បានជា​ក្នុង​ខែ​៣​ខាងមុខនេះ វា​អាច​មាន​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​ស្នើ​សុំ​ព្យួរ​ការងារ​កម្មករ​យើង​មួយចំនួន នេះ​គឺជា​អង្គហេតុ​ពិត ហើយ​បើ​មាន​ករណី​បិទ ឬ​បើ​មានការ​ព្យួរ នៅក្នុង​ខែ​៣ ឬក៏​ខែ​៤​ខាងមុខនេះ​”​។

លោក ហេង សួរ អះអាងថា អ្វី​ដែលជា​ការបិទ ឬក៏​ព្យួរ​នេះ មិនមែន​មកពី​ឥទ្ធិពល EBA ឬ​ឥទ្ធិពល​អ្វី​នោះទេ គឺ​បណ្តាលមកពី​ឥទ្ធិពល​នៃ​កង្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​។

គួរ​រំលឹក​ថា គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ ស្អែក​នេះ ថា​តើ​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ឬ​មិន​ដក ហើយ​បើ​មាន​ការដក តើ​ដក​ទាំងស្រុង ឬ​ដក​ផ្នែក​ណាមួយ​។

ដោយឡែក​ធនាគារ​ពិភពលោក​ធ្លាប់បាន​លើក​ឡើង​ថា ផលិតផល​នាំចេញ​ដោយសារ​វិស័យ​រោងចក្រ និង​វិស័យ​ទេសចរណ៍​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រាកំណើន​ជា​មធ្យម ៨ ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៨ និង ២០១៨ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ក្លាយជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​នៅលើ​ពិភពលោក ថ្វី​ដ្បិត​មានការ​ថមថយ​តិចតួច​នូវ​កំណើន​នេះ​មក​ត្រឹម​៧ ភាគរយ​ក្នុង​ឆ្នាំ ២០១៩ ក្ដី​។ ពី​ឆ្នាំ​១៩៩៦ មាន​រោងចក្រ​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​ប្រហែល​ចំនួន ៦០ និង​កម្មករ​៨ ម៉ឺន​នាក់ បាន​កើន​ដល់​ជិត ១​ពាន់​រោងចក្រ និង​កម្មករ​ជិត​៨១ ម៉ឺន​នាក់​នាពេល​បច្ចុប្បន្ន​។

​ទាក់ទង​បញ្ហា​នេះ លោក ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ​ថា ដោយសារតែ​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​វី​រ៉ុ​ស​កូ​រ៉ូ​ណា បានធ្វើ​ឲ្យ​រោងចក្រ​ផលិត​វត្ថុធាតុដើម​របស់​ចិន សម្រេចចិត្ត​បញ្ឈប់​ការផ្គត់ផ្គង់​វត្ថុធាតុដើម ដល់​រោងចក្រ​តាម​ប្រទេស​នានា​លើ​ពិភពលោក និង​កម្ពុជា​ផងដែរ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នៅក្នុង​បរិបទ​នៃ​ជំងឺ​វី​រ៉ុ​ស​ហ្នឹង យើង​ឃើញ​មាន​ផលប៉ះពាល់​ច្រើន​ជុំវិញ​ពិភពលោក រវាង​ការផ្តល់ និង​ទទួល​វត្ថុធាតុដើម​ពី​ប្រទេស​ចិន អាស្រ័យ​ដោយ​រោងចក្រ​ចិន​មួយចំនួនធំ​បាន​បិទ ដូចជា​រោងចក្រ​ផលិត​រថយន្ត ហើយ​ការបិទ​រោងចក្រ​ហ្នឹង​អាចមាន​ផលប៉ះពាល់​ដល់​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ដែរ ដូចជា​ការបញ្ជូន​វត្ថុ​ធាតុ​ដើម​មកកាន់​កម្ពុជា​។ ដូច្នេះ​រយៈពេល​នៃ​ការបិទ ក៏ដូចជា​ការបញ្ជាទិញ វា​ត្រូវ​រយៈពេល​៩០​ថ្ងៃ​ទៅ ១០០​ថ្ងៃ ហើយ​ពិភពលោក​មិនទាន់​បានទទួល​ការឆ្លើយតប​អ្វី​ឡើយ ពី​រឿង​រោងចក្រ​ផ្តល់​វត្ថុធាតុដើម មកកាន់​រោងចក្រ​របស់គេ​រៀងៗ​ខ្លួន នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា​ដែរ​។ ដូច្នេះ​ផល​រំពឹងទុក​របស់​យើង រហូតដល់​១០០​ថ្ងៃ ប្រហែលជា​ខែ​មិនា យើង​នឹង​អាច​ទទួលលទ្ធផល​ថា​តើ វត្ថុ​ធាតុ​របស់​ចិន​ហ្នឹង អាចមក​កាន់​ទីផ្សារ​ពិភពលោក​ដែរ​ទេ​”៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114