អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង អំពាវនាវ​ឲ្យ​ប្រជាជន​ផ្អាក​បន្ត​ធ្វើ​ចំណាកស្រុក ទោះ​កូ​វីដ​-១៩ មានការ​ថមថយ​ក្តី
BREAKING NEWS
Search

អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង អំពាវនាវ​ឲ្យ​ប្រជាជន​ផ្អាក​បន្ត​ធ្វើ​ចំណាកស្រុក ទោះ​កូ​វីដ​-១៩ មានការ​ថមថយ​ក្តី

ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​លោក​ណុប ចាន់ណា​រិន្ទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​បន្ត​ការ​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅ​តំបន់​ផ្សេង និង​ទៅ​ក្រៅប្រទេស ព្រោះ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ មិនទាន់​រលាយ​ចេញពី​ផែនដី​នៅឡើយ ទោះបី​ខណៈ​នេះ​កម្ពុជា​មានការ​ថមថយ​ក្តី​។

ការ​លើក​ឡើង​របស់​លោក ណុប ចាន់ណា​រិន្ទ អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នា​ពេល​នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ចុះ​ជួប​ដោយផ្ទាល់​ជាមួយ​ប្រជាជន​ខ្វះខាត​ស្បៀង​ដោយ​ឥទ្ធិពល​កូ​វីដ​-១៩ ចំនួន​៦០​គ្រួសារ មកពី​៥​ភូមិ នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែវិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសគរាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០។

លោក​ណុប ចាន់ណា​រិន្ទ បន្ត​ថា ការអនុវត្ត​បែបនេះ មាន​អត្ថប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង និង​គ្រួសារ​ផង ដូចជា ទប់ស្កាត់​បាន​ការ​ចម្លង​កូ​វីដ​-១៩ និង​ធានា​បាន​នូវ​ការគ្រប់គ្រង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ មិន​លំបាក​បង់​ថ្លៃឈ្នួល​ផ្ទះ ឬ​រក​ការងារ​ធ្វើ​នោះ​ឡើយ។ ព្រោះ​ប្រទេស​យើង ជា​ប្រទេស​កសិកម្ម និង​ម្យ៉ាងទៀត រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​វិធានការ​គ្រប់យ៉ាង ដោយ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ស្លាប់​ដោយសារ​ដាច់​ស្បៀង​មិន​បានដឹង​នោះឡើយ។

នៅក្នុង​ពិធី​ចុះ​សួរ​សុខទុក្ខ​នេះ លោក ណុប ចាន់ណា​រិន្ទ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ជ្រោយចង្វារ បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជ​រដ្ឋា​បាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ ដោយ​ក្តី​នឹករលឹក បើ​ទោះ​ជា​សម្តេច​ទាំងពីរ​មិនបាន​ចុះ​មក​ដោយ​ផ្ទាល់​ក៏ដោយ តែ​លោក​បាន​ផ្តាំផ្ញើ​ឲ្យ​រដ្ឋបាល​គ្រប់​ថ្នាក់ និង​ក្រុមការងារ​គ្រប់​ទីកន្លែង​ឲ្យ​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​តម្រូវការ​ឲ្យ​បាន​ទាន់ពេលវេលា។

លោក​ណុប ចាន់ណា​រិន្ទ បញ្ជាក់ជូន​ពលរដ្ឋ​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ​រាជរដ្ឋាភិបាល រួមជា​មួយ​ក្រុមការងា​រ​គណបក្ស​ចុះជួយ​សង្កាត់​កោះដាច់ បាន​តាមដាន​ជាប់​ជាប្រចាំ នូវ​រាល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន និង​ធ្វើ​ជំរឿន​តាម​ខ្នង​ផ្ទះ ស្វែងរក​អ្នក​ខ្វះខាត​ដោយ​ទទួល​ឥទ្ធិពល​ពី​កូ​វីដ​-១៩ ដូចជា​អ្នក​បាត់បង់​ការងារ​នៅតាម​វិស័យ​ឯកជន ហើយ​ខ្វះខាត​ជីវភាព​ពិតប្រាកដ ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ។ ជាក់ស្តែង​ដូច​បងប្អូន ដែល​នៅ​នេះ​ស្រាប់ គឺ​រដ្ឋបាល​សង្កាត់​កោះដាច់ ក្រុមការងារ​រាជរដ្ឋាភិបាល ព្រះសង្ឃ ពលរដ្ឋ​ដែលមាន​ជីវភាព​ពី​ធូរធារ និង​ក្រុមហ៊ុន​មួយចំនួន បាន​ចូលរួម​ជា​ថវិកា សម្ភារៈ ដើម្បី​ចែករំលែក​ដល់​ការ​ខ្វះខាត​របស់​បងប្អូន។

យោង​តាម​របាយការណ៍​របស់​លោក ប៉ាត់ អ៊ែ​ល ចៅសង្កាត់​កោះដាច់ បាន​ឲ្យ​ដឹង​ថា មកដល់​បច្ចុប្បន្ន​នេះ ដោយ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​មានការ​យល់ដឹង​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ រួមផ្សំ នឹង​ការ​ចុះ​ផ្សព្វផ្សាយ​ជាប់​ជាប្រចាំ​ស្តីពី​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល បាន​ធ្វើ​ឲ្យ​យើង​បញ្ចៀស​បាន​នូវ​ការ​រ​ឆ្លង ឬ​កើត​កូ​វីដ​-១៩ បាន​ទាំងស្រុង។

លោក ប៉ាត់ អ៊ែ​ល បាន​បន្ដ​ថា មកដល់ពេលនេះ​ក្រុមការងារ និង​រដ្ឋបាល​សង្កាត់ បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ដោយ​ឥទ្ធិពល​កូ​វី​-១៩ មាន​ចំនួន​១៤០​គ្រួសារ ក្នុង​ចំនួន​ប្រាំ​ភូមិ​ទូទាំង​សង្កាត់។

ទោះជា​យ៉ាងណាក៏ដោយ ក្រុមការងារ និង​រដ្ឋបាល​សង្កាត់​នៅតែ​បន្ត​ចែក​ទៀត រហូតដល់​ជំងឺ​ផ្លូវដង្ហើម កូ​វីដ​-១៩ ចេញ​ផុតពី​ផែនដី។ លោក​ថា ប្រសិនបើ​បងប្អូន ណា​មានការ​ខ្វះខាត​ស្បៀង​សូម​អ​ញ្ជើញ​មករក​រដ្ឋបាល​សង្កាត់​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​ជូន​ដោយ​ឥតគិតថ្លៃ។

អំណោយ​ដែល​ប្រជាពលរដ្ឋ​ទទួល​ពី​ក្រុមការងារ​នា​ថ្ងៃនេះ ក្នុង​ម្នាក់ៗ ទទួល​បាន​អង្ករ​១០​គីឡូក្រាម ឃី​ត​មួយ​កញ្ចប់ និង​ថវិកា​២​ម៉ឺន​រៀល៕
វិមាន

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114