BREAKING NEWS
Search

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឲ្យ​ជនរួមជាតិ កុំ​មានការ​ព្រួយបារម្ភ ទាក់ទង​ព័ត៌មាន​នៃ​ការដក​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា របស់ EU

ភ្នំពេញ ​៖ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ទាក់ទង​ការដក​ការ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា របស់​សហភាព​អឺរ៉ុប (EU) ដោយ​បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពម៉ឺងម៉ាត់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុងធ្វើការ​បម្រើ​ផលប្រយោជន៍​ប្រជាជន​ខ្មែរ​ប្រកបដោយ​ជោគជ័យ ទាំង​កិច្ច​គ្រប់គ្រង​រដ្ឋ ក៏ដូចជា​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ និង​សហប្រតិបត្តិការ ក្នុង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ជាមួយ​សមា​ភាគី​សហភាព​អឺរ៉ុប​។

លោក ផៃ ស៊ី​ផាន បានលើកឡើង​បែបនេះ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​។ លោក​ថ្លែងថា ថ្មីៗ​នេះ សហភាព​អឺរ៉ុប​បានចេញ​សេចក្តី​ថ្លែងការណ៍ មួយ​ទាក់ទង​ទៅ​នឹង​កម្មវិធី​ពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា (​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ “EBAs”) ដែល​បញ្ហា​នេះ មិនបាន​ធ្វើ​ឲ្យ​កម្ពុជា​មានការ​ព្រួយបារម្ភ​ហួសហេតុ ឬ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​នោះឡើយ​។ ពីព្រោះ​យោងទៅតាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​សហភាព​អឺរ៉ុប ចំពោះ​ពន្ធ​អនុគ្រោះ EBAs គឺ​មាន​គោលការណ៍ និង​ទិសដៅ “​សម្រាប់​ផ្ដល់​ឲ្យ​ប្រទេស ដែលមាន​ការអភិវឌ្ឍ​តិចតួច (LDCs)” ដូចជា​ប្រទេស​កម្ពុជា ហើយក៏​ជា​ប្រទេស ដែល​នាំ​មុខ​គេ​ក្នុង​ការផ្តល់​សច្ចាប័ន នៃ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែលជា​កត្តា​ចម្បង​មួយ ក្នុងការ​ទទួលបាន​ព​ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBAs នេះ​។

តាម​លោក ផៃ ស៊ី​ផាន “​កម្ពុជា ក៏បាន​នឹង​កំពុង​បន្ត​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ល្អ និង​ជិតស្និទ្ធ ជាមួយ​សហភាព​អឺរ៉ុប ទាំង​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​ផលប្រយោជន៍​រួមគ្នា​ទៅវិញទៅមក​។ នៅក្នុង​ស្ថានភាព​នេះ សហភាព​អឺរ៉ុប និង​កម្ពុជា នៅតែ​បន្ត​រក្សា​ភាពជា​ដៃគូ ក្នុង​កិច្ច​សន្ទនា ដើម្បី​ថែរក្សា​ផលប្រយោជន៍​រួម ដែល​កើត​ចេញ​ពី​ពន្ធ​អនុគ្រោះ (EBAs) ជាមួយនឹង​កិច្ចធានា​នូវ​អធិបតេយ្យ និង​ឯករាជ្យ​ភាព​រៀងៗ​ខ្លួន​។ សម្រាប់​កម្ពុជា គឺ​នៅតែ​គោរព និង​វាយតម្លៃ​ខ្ពស់ លើ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក៏ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុង​កិច្ច​រួម​គ្នា ដើម្បី​សិទ្ធិ​សេរី និង​ជីវភាព​ថ្លៃថ្នូរ​របស់​ក​ម្មករ កម្ម​ការី ដែលជា​បុព្វហេតុ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កម្ពុជា និង​សហភាព​អឺរ៉ុប ដែល​បាន​ប្តេជ្ញា​អភិវឌ្ឍន៍ និង​ការពារ រហូតដល់​ទទួលបាន​ជោគជ័យ ជា​ប្រយោជន៍​រួម​នា​បច្ចុប្បន្ននេះ​”​។

លោក ផៃ ស៊ី​ផាន លើកឡើង​ទៀតថា “​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា មាន​កិ​តិ្ត​យស និង​សេចក្តី​រីករាយ សូម​ជម្រាប​ជូន​ដល់​ជនរួមជាតិ​ទាំងអស់ កុំ​ឲ្យ​មានការ​ព្រួយបារម្ភ តាមរយៈ​ការវិភាគ និង​ការវាយតម្លៃ មិន​សម​ហេតុផល ស្តីពី​ពន្ធ​អនុគ្រោះ EBAs ហើយ​ពន្ធ​អនុគ្រោះ​នេះ គឺមាន​នីតិវិធី​ក្នុងការ​អនុវត្ត ឬ​ការដោះស្រាយ ដែល​នឹង​ត្រូវ​ចំណាយ​ពេល​វែងឆ្ងាយ​ទៅ​មុខ​ទៀត ក្នុង​កិច្ច​សហប្រតិបត្តិការ រវាង​ភាគី​សហភាព​អឺរ៉ុប និង​កម្ពុជា​។ នៅ​ក្នុង​ន័យ​នេះ ដំណើរការ​នៃ​ផលិតកម្ម​ឧស្សាហកម្ម វាយណភ័ណ្ឌ​នៅ​កម្ពុជា សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​នោះ មិន​ទាន់​មាន​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ​នោះទេ ខណៈ​ដែល​ភាគី​ពាក់ព័ន្ធ​កំពុង​តែ​ធ្វើការ​ពិភាក្សា និង​ដោះស្រាយ ទៅតាម​នីតិវិធី នៃ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អឺរ៉ុប ស្ដីពី​ការអនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) នេះ​”​។

ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ក្នុងឋានៈ​ជា​ប្រទេស​អធិបតេយ្យ​មួយ កម្ពុជា​ត្រូវតែ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍ ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​របស់ខ្លួន​ដូចដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ខណៈ​ដែល​កម្ពុជា​ធ្វើការ​ក្នុង​ភាព​ស្មើមុខ​មាត់​ជាមួយ​សហគមន៍​អន្តរជាតិ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៧ ខែតុលា ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ថា កន្លងមក​មានការ​រៀប​ចំ​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង​មុននឹង​មានការ​ដាក់ចេញ​សេចក្តី​សម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ដែលជា​ការចាប់ផ្ដើម​នីតិវិធី​ជា​ផ្លូវការ​ដើម្បី​ឈាន​ទៅ​ដល់​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​អ្វីៗ​គ្រប់បែបយ៉ាង​លើកលែងតែ​អាវុធ ឬ​ហៅ​កាត់​ថា EBA សម្រាប់​ប្រទេស​កម្ពុជា ដែល​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន​នេះ មាន​រយៈពេល​៦​ខែ ហើយ​អំឡុង​ពេលនេះ គណៈកម្មការ​អឺរ៉ុប​ផ្ដល់​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​នូវ​ឱកាស​គ្រប់បែបយ៉ាង ដើម្បី​ធ្វើការ​សហការ និង​ប្រមូល​រាល់​ព័ត៌មាន ដែល​ចាំបាច់​ទាំងអស់​។ បន្ទាប់ពី​រយៈពេល​៦​ខែ​នេះ នឹង​មាន​រយៈពេល​៦​ខែ​ទៀត សម្រាប់​រៀបចំ​របាយការណ៍​អំពី​លទ្ធផល​រក​ឃើញ ហើយ​នៅពេល​បញ្ចប់​នីតិវិធី​នេះ នឹង​ចេញ​សេចក្តីសម្រេច​មួយទៀត ថា​តើ​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​អត់​។ តែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បានចាត់ទុក​ដំណើរការ​ដក​ការអនុគ្រោះ​ពន្ធ​នេះ​ថា ជាការ​សម្រេច​ដ៏​អយុត្តិធម៌​បំផុត ហើយ​នេះ​បង្ហាញ​ឲ្យ​ឃើញថា សហភាព​អឺរ៉ុប​បាន​បដិសេធ​ដោយ​ចំហ អំពី​វឌ្ឍនភាព​ដែល​កម្ពុជា​សម្រេច​បាន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114