BREAKING NEWS
Search

អ្នកនាំពាក្យ​សុខាភិបាល ​៖ ​យុទ្ធសាស្ត្រ​«E5»​ ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩

ភ្នំពេញ ៖ ​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១១​កញ្ញា​នេះ​ថា ​ដោយសារ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​«E5»​បានល្អ​ទើប​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ដោយ​មិនមាន​ការឆ្លង​ចូល​នៅក្នុង​សហគមន៍​។

លោកស្រី​បាន​មានប្រសាសន៍​បន្ត​ថា ​យុទ្ធសាស្ត្រ អ៊ី​៥«E5»​នោះ​គឺ​ទី E ១​គឺ​ការរុករក​និង​ស្រាវជ្រាវ​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​អ្នក​ដែល​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។ E២​គឺ​ត្រូវ​តាម​ស្រាវជ្រាវ​ជា​បន្តទៀត​នូវ​អ្នក​សង្ស័យ​រក​បណ្តាញ​នៃ​ការចម្លង​បន្ត​នៃ​កូ​វីដ​១៩​នេះ​នៅ​ក្រុម​ណាមួយ​ ឬ​ ទីតាំង​ណាមួយ​ដែលមាន​ការសង្ស័យ​ដែល​ថា ​នឹង​អាច​មាន​ការចម្លង​ពី​បុ​គ្គល​មួយ​ទៅ​បុគ្គល​មួយ​បាន​លឿន​ជាទីបំផុត​។ E៣​នៅ​ពេល​ដែល​យើង​រកឃើញ​ ឬ​ សង្ស័យ​ថា ​មាន​ករណី​វីរុស​កូ​វីដ​១៩ ​មាន​ឆ្លង​ត្រូវតែ​ដាក់​បុគ្គល​ទាំងនោះ​ឲ្យ​នៅ​ដាច់ដោយឡែក​ភ្លាមៗ​ដោយ​មិន​បង្អង់​យូរ​ឡើយ​។

E៤​គឺ​ប្រសិនបើ​រក​ឃើញ​អ្នក​ដែលមាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ហើយ​ត្រូវតែ​បញ្ជូន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ឲ្យ​បាន​លឿន​ជាទីបំផុត​ដោយ​មិន​រង់ចាំ​ទុក​យូរ​នោះ​ទេ​និង E៥​គឺ​យើង​ត្រូវ​អនុវត្ត​វិធានការ​ការពារ​ប្រសើរ​ជាង​ការ​ព្យាបាល​ឲ្យ​បាន​លឿន​និង​មុន​បុគ្គល​ ឬ​ ក្រុម​ណាមួយ​នោះ​ចម្លង​វីរុស​កូ​វី​ស​១៩ ​ដែល​ចំណុច​ទី​៥​នេះ​សំខាន់​មែនទែន​ដែល​បច្ចុប្បន្ន​នេះ​ក្រសួង​នៅតែ​បន្ត​អនុវត្ត​ចំណុច​នេះ​នៅឡើយ​។

ក្រៅពី​យុទ្ធសាស្ត្រ​ខាងលើ​នេះ​ លោកស្រី​បាន​បន្ថែម​ថា ​«អ្វី​ដែល​យើង​មិនអាច​បំភ្លេចបាន​នោះ​គឺ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន ​ដែល​បាន​គិតគូរ​បាន​ច្បាស់លាស់​និង​ដាក់ចេញ​នូវ​វិធានការ​យ៉ង​ម៉ឺងម៉ាត់​ក្នុង​ការ​ទប់ស្កាត់​ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​១៩​បន្ត​ចូលមកក្នុង​កម្ពុជា​»។

លោកស្រី​បាន​បន្ត​ថា ​«​ប្រសិនបើ​មិនមាន​ការដឹកនាំ​ដ៏​ឈ្លាស​វៃឆ្លាត​វៃ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យើង​ទេ ការទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វីដ​១៩​របស់​យើង​ក៏​ប្រហែលជា​មិន​មាន​លទ្ធផល​ដូច​ថ្ងៃនេះ​ទេ​។​

ដូច្នេះ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រី​និង​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេចនាយក​រដ្ឋមន្ត្រី​នូវ​ការ​យកចិត្ត​ដាក់​និង​ការ​ចង្អុលបង្ហាញ​នានា​និង​ទឹកចិត្ត​មនុស្ស​និង​បេះដូង​ទូលំទូលាយ​របស់​សម្តេច​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រួច​ចាក​ផុតពី​ការ​រាតត្បាត​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​»​។

លោកស្រី​បាន​បន្ថែម​ទៀត​ថា ​កត្តា​ផ្សេងទៀត​ដែល​នាំ​ឲ្យ​យើង​ទប់ស្កាត់​វីរុស​កូ​វីដ​១៩​បានល្អ​ប្រសើរ​នេះ​ក៏​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថ្នាក់ដឹកនាំ​បុគ្គលិក​និង​មន្ត្រីរាជការ​សុខាភិបាល​ទូទាំងប្រទេស​ពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​យើង​ដែល​បាន​ខិតខំ​ពិនិត្យ​ព្យាបាល​និង​ស្រាវជ្រាវ​រុករក​អ្នកជំងឺ​កូ​វីដ​១៩​បានល្អ​ប្រសើរ​និង​បាន​ទាន់ពេលវេលា​។

​លោកស្រី​បាន​លើក​របាយការណ៍​មក​បញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​បានជា​សះស្បើយ​១០០​ភាគរយ​ហើយ​ ក្នុងចំណោម​អ្នកជំងឺ​សរុប​ចំនួន​២៧៤​នាក់​ក្នុង​នោះ​ស្រី​៥៤​និង​បុរស ២២០​នាក់​ដោយ​មិនមាន​អ្នកស្លាប់​និង​មិន​មាន​ការចម្លង​ជំងឺ​នេះ​ចូលទៅក្នុង​សហគមន៍​នៅឡើយ​ដែរ​។

តែ​យ៉ាងណាក៏ដោយ លោកស្រី​បន្ត​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត​ដល់​ប្រជាពលរដ្ឋ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មានការ​ចម្លង​នូវ​វីរុស​កូ​វីដ​១៩​ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ទាំងអស់គ្នា​នូវ​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​ដើម្បី​កុំ​ឲ្យ​មានការ​ចម្លង​ទៅ​បុគ្គល​ចម្លង​ទៅ​ក្រុមគ្រួសារ​និង​ចូល​សហគមន៍​៕
សំអឿន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114