BREAKING NEWS
Search

អ្នកបាញ់​ស៊ី​ប​អ៊ីរ៉ាក់​តាមដាន​ក្រុម​ជី​ហាដ​គ្រប់ពេល​ក្នុង​ទីក្រុង Mosul

នៅ​ចម្ងាយ​ពីរ​បី​រយ​ម៉ែត្រ​ពី​វិហារ​ឥស្លាម​មួយ​នៅ​ភាគ​ខាងលិច​ទីក្រុង Mosul អ្នក​លប​បាញ់​ស៊ី​ប​អ៊ីរ៉ាក់​លោក Salah al-Zuheiri បានដាក់​ភ្នែក​របស់គាត់​ជាប់​នឹង​កែវពង្រីក​នៅពេលដែល​គាត់​ស្វែងរក​ក្រុម​ជី​ហាដ​រដ្ឋ​ឥស្លាម​។​

កងកម្លាំង​អ៊ីរ៉ាក់​កំពុង​ប្រយុទ្ធ​ដើម្បី​ដណ្តើម​ទីក្រុង Mosul ពី​ក្រុម IS មកវិញ​បន្ទាប់ពី​ក្រុម​នេះ​រាតត្បាត​ទីក្រុង​នេះ​ក្នុង​ឆ្នាំ​២០១៤ ​ហើយ​មេដឹកនាំ​របស់ខ្លួន​បានប្រកាស “​រដ្ឋ caliphate” ចេញពី​ព្រះវិហារ​មួយ​នៅក្នុង​ទីក្រុង​ចាស់​របស់​ទីក្រុង​នេះ​។​

Zuheiri បាន​និយាយថា “​អ្នក​ប្រយុទ្ធ​ក្រុម IS ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​យើង​។ យើង​តាមដាន​ពួកគេ​ទាំងថ្ងៃទាំងយប់​”​។ Zuheiri គឺជា​អ្នកបាញ់​ស៊ី​បម្នាក់​នៅ​ជាមួយ​ប៉ូលិស​សហព័ន្ធ​អ៊ីរ៉ាក់​ដែល​ចូល​ទីតាំងនៅ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ព្រះវិហារ Al-Nuri ។

នៅ​ខាងក្នុង​បន្ទប់​ងងឹត​មួយ​ក្នុង​អគារ​កម្ពស់​បួន​ជាន់​ដែល​បាន​ដណ្តើម​មកវិញ​ពី​ក្រុម​ជី​ហាដ លោក Zuheiri បាន​ព្យាយាម​ភ្ជង់​កាំភ្លើង​របស់គាត់​នៅលើ​បាវ​ខ្សាច់​។ ផែនទី​នៃ​សង្កាត់​ជុំវិញ​នោះ​ដែល​គូរ​ដោយ​ដៃ​ត្រូវបាន​ព្យួរ​លើ​ជញ្ជាំង​នៅខាងមុខ​គាត់​។​

លោក Zuheiri និង​សហការី​របស់គាត់​បាន​នៅ​ទីតាំង​ដូចគ្នានេះ​រហូតដល់​ទៅ​១២​ម៉ោង​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល​ពី​រស​ប្តា​ហ៍​ជាប់ៗ​គ្នា​។ ពួកគេ​ទទួលបាន​អាហារ​បី​ដង​ក្នុង​មួយថ្ងៃ​ហើយ​ចាក​ចេញពី​ទីតាំង​របស់ខ្លួន​តែ​នៅពេលណា​ដែល​ចាំបាច់​ប៉ុណ្ណោះ​ដូចជា​ទៅ​បន្ទប់ទឹក​ជាដើម​។​
​លោក​បាន​និយាយថា “​យើង​បានសម្លាប់​ពួក​ជី​ហាដ​ពី​បី​ទៅ​ប្រាំ​នាក់​ក្នុង​មួយថ្ងៃ​”​។​

វត្តមាន​របស់​ជន​ស៊ីវិល​នៅក្នុង​ទីក្រុង​ចាស់​គឺជា​ឧបសគ្គ​ដ៏​ចម្បង​សម្រាប់​កងកម្លាំង​អ៊ីរ៉ាក់​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ដើម្បី​ដណ្តើមយក​ភាគ​ខាងលិច​ទីក្រុង Mosul មកវិញ​បន្ទាប់ពី​បាន​រឹបអូស​យក​ភាគ​ខាងកើត​បានមក​វិញ​នៅក្នុង​ខែមករា​។​

អង្គការសហប្រជាជាតិ​បាន​និយាយថា ជន​ស៊ីវិល​ប្រមាណ​៦០០,០០០​នាក់​នៅតែ​ស្ថិតក្នុង​ទីតាំង​ដែល​ក្រុម IS កាន់កាប់​ដែល​ក៏​រួមបញ្ចូល​ទាំងពីរ​ភាគបី​នៃ​ទីក្រុង​ចាស់​ផងដែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684