អ្នកវិភាគ៖ សង្រ្គាមពាក្យសំដីរវាងចិន និងអាមេរិក មិនអាចវិវត្តន៍ឈានទៅរកភ្លើងសង្រ្គាមលោកថ្មីទេ នៅក្នុងសតវត្សរ៍ទី២១នេះ
BREAKING NEWS
Search

អ្នកវិភាគ៖ សង្រ្គាមពាក្យសំដីរវាងចិន និងអាមេរិក មិនអាចវិវត្តន៍ឈានទៅរកភ្លើងសង្រ្គាមលោកថ្មីទេ នៅក្នុងសតវត្សរ៍ទី២១នេះ

ភ្នំពេញៈ សង្រ្គាមពាក្យសំដីរវាងចិន និងអាមេរិក វាមិនអាចវិវត្តន៍ឈានទៅរកភ្លើងសង្រ្គាមលោកថ្មីទេ នៅក្នុងសតវត្សរ៍ទី២១។ នេះជាការវិភាគរួមមួយរបស់វាគ្មិនដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីឡើងពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិននិងសហរដ្ឋអាម៉េរិក»​នាព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០នៅរាជបណ្ឌិត្យសភាកម្ពុជា។

វាគ្មិនសំខាន់ៗចំនួន៤រូប ដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះមាន១. លោកសាស្ត្រាចារ្យបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ
២. លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ប្រចាំប្រទេសកម្ពុជា ៣. លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងកិច្ចពិភាក្សាទាំងមូលវាគ្មិនទាំងអស់ក៏បានលើកឡើងអំពីប្រវត្តិសាស្រ្តចិន និងអាមេរិក បទពិសោធន៍ពីអតីតកាលនិងបច្ចុប្បន្នរួមនឹងការព្យាករណ៍ទៅថ្ងៃអនាគតផងដែរ។

អ្នកឆ្លើយឆ្លងព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា លោក ពុយ គា ថា នេះគឺជាសង្រ្គាមពាក្យសំដី១របស់របបនយោបាយ ប្រធានាធិតី សហរដ្ឋអាមេរិក លោកដូណាល់ត្រាំ ជាមួយនឹងចិនតែប៉ុណ្ណោះ ចំពេលយុទ្ធនាការសហរដ្ឋអាមេរិកស្វែងរកសំលេងឆ្នោតដូច្នេះលោក ដូណាល់ត្រាំកំពុងយកបញ្ហានេះដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។

ដោយឡែកនៅក្នុងបរិបទប្រទេសកម្ពុជាវិញ រដ្ឋាភិបាលនៅក្នុងទំនាក់ទំនងការទូតក៏ដូចជាទំនាក់ទំនងរវាងប្រទេសនិងប្រទេសគឺមានភាពស្មើគ្នា តែទោះជាយ៉ាងណាគេមើលឃើញថា កម្ពុជាមានទំនោរធ្ងន់ទៅលើចិន។ការណ៍នេះលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឧទាហរណ៍ពីប្រទេសវៀតណាម បច្ចុប្បន្នបានងាកទៅចាប់យកអាមេរិក ដែលកាលពីមុនអាមេរិកនិងវៀតណាមគឺជាសត្រូវនឹងគ្នានោះ។ ជាមួយគ្នានេះដែរលោកបណ្ឌិត ក៏បានលើកយកទ្រឹស្តីរបស់អតីតប្រធានាធីតីចិនដែលបានលើកឡើងថា មិនថាឆ្មាស ឬ ឆ្មាខ្មៅទេ សំខាន់ឲ្យតែវាចាប់កណ្តុរបាន និងប្រធានាធីតីបច្ចុប្បន្នលោក ស៊ីស៊ីនពីង ដែលបានធ្វើឲ្យចិន បើកទ្វារឡើងមានសេដ្ឋកិច្ចខ្លាំងចំណាត់ថា្នក់ទី២នេះក៏បានលើកឡើងថា ក្នុងទំនាក់ទំនងមិនមែនមិត្ត មិនមែនសត្រូវ ឲ្យតែមានផលប្រយោជន៍គឺត្រូវតែចាប់យក។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានរំលេចឲ្យដឹងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចខ្លាំងគឺពឹងផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា ។ លោកលើកឧទាហរណ៍ទៅលើប្រទេស ជប៉ុន តៃវ៉ាន់ សិង្ហហ្គាពួរនិងកូរ៉េខាងត្បូងជាដើម៕

អត្ថបទ៖ វត្តី

ចុចអាន៖ GMAC ក្រើនរំលឹកដល់ថៅកែរោងចក្រទាំងអស់ត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩