អ្នកស្រុក​ប្រាប់​ដំណើរ​រឿង បណ្តាំ​គ្រូទាយ​ ពេល​កំណើត​ព្រះគោព្រះកែវ
BREAKING NEWS
Search

អ្នកស្រុក​ប្រាប់​ដំណើរ​រឿង បណ្តាំ​គ្រូទាយ​ ពេល​កំណើត​ព្រះគោព្រះកែវ

ខេត្តកំពង់ឆ្នាំង៖ តាមរឿងព្រេងនិទានរបស់ខ្មែរ បូកផ្សំជាមួយភ័ស្តុតាងដែលមានដើមស្វាយ និងដើមពោធិ បានបន្សល់​ទុកតឹកតាងដល់សព្វថ្ងៃ បញ្ជាក់ភស្តុតាង​ថា ព្រះគោព្រះកែវ ពិតជាបានចាប់កំណើតនៅក្នុងភូមិស្រះចក (បច្ចុប្បន្ន) ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។

ក្នុងនោះដែរ និសិត្សវិទ្យាស្ថានជាតិគ្រប់គ្រង ផ្នែកទេសចរណ៍ នៅក្នុងអំឡុងឆ្នាំ២០០១ ក៏បានចារឹកអក្សរលើផ្ទាំងថ្មមួយផ្ទាំងនៅកន្លែងទីកំណើតព្រះគោព្រះកែវ ដោយបានទទួលស្គាល់ថា ដើមស្វាយ១ដើម នៅចំណុចដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំលង្វែកកំពុងគោរបូជា ពិតជាកន្លែងទីកំណើតរបស់ព្រះគោព្រះកែវពិតមែន។

លោកយាយ កែវ សារុំ អាយុ៧៨ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យ រស់នៅភូមិ​ស្រះចក ឃុំលង្វែកដែលបាន​ដឹងប្រវត្តិរឿងព្រះគោព្រះកែវពីឪពុកម្តាយ និងចាស់ៗតៗគ្នានៅក្នុងភូមិបានដឹងថា ម្តាយព្រះគោព្រះកែវឈ្មោះ នាង មាលា មានប្តីជាកសិករ ពេលពរពោះព្រះគោព្រះកែវ ជិតគ្រប់ខែ ថ្ងៃមួយ​បានឃើញផ្លែស្វាយខ្ចី១ផ្លែនៅចុងស្វាយ ដោយឃ្លានពេកក៏បានអង្វរអោយប្តីឡើងបេះស្វាយអោយឆី។ ប៉ុន្តែប្តីបានចាំបណ្តាំគ្រូទាយប្រាប់ថា ប្រយត្ន័ប្រពន្ធមានគ្រោះថ្នាក់ដោយសារផ្លែស្វាយ ប្តីក៏បានប្រកែកថា បងឈឺជើងមិនអាចឡើងបេះស្វាយអោយអូនបានទេ ចាំបងទៅរកឬស្សីវែងៗមកបេះអោយឆី ។ ការដោះសារ បែបនេះព្រោះតែប្តីខ្លាចប្រពន្ធឆីផ្លែស្វាយនោះទៅមានគ្រោះថ្នាក់។

ខណៈពេលដែលប្តីទៅរកឬស្សីមកបេះផ្លែស្វាយយូរពេក នាងមាលា ក៏រកបានបង្អោងឬស្សី១ដើម មកដាក់ឡើងបេះផ្លែស្វាយនោះដោយខ្លួនឯង ហើយក៏បានជាន់មែកស្វាយនៅចុងមែក បាក់ធ្លាក់មកដី ស្លាប់​ក្នុងគ្រានោះតែម្តងទៅ។ ក្នុងពេលនោះដែរ ព្រះគោដែលជាសត្វគោមានបុណ្យចេះនិយាយភាសាមនុស្សក៏បានកើតមក ចំណែកព្រះគោនៅក្នុងផ្ទៃម្តាយក៏ត្រូវបានព្រះគោជាកូន ប្រាប់អោយឪពុកវះពោះម្តាយយកប្អូនកែវ កើតចេញមក ។ ក្រោយមក អ្នកស្រុកក្នុងភូមិនាំគ្នាគិតថា មនុស្សកើតកូនមកជាគោចង្រៃដល់ភូមិស្រុក ក៏បាននាំគ្នាទៅសម្លាប់បុរសជាឪពុក និងព្រះគោព្រះកែវ តែត្រូវព្រះគោនាំឪពុកនិងប្អូន ហោះរំលងស្ទឹងគេចខ្លួនពីការកាប់សម្លាប់របស់​អ្នក​ស្រុក ទៅរស់នៅក្នុងព្រៃភ្នំ រៀនសូត្រសីលមន្តវិជ្ជាការ ក្រោយមក ព្រះកែវបានឡើងជាស្តេចខ្មែរ គ្រប់គ្រងព្រះនគរសម័យនោះទៀតផង។

ដោយឡែកក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមានផ្ទះលក់ដូរ នៅជិតទីតាំងដើមស្វាយដែលអ្នកស្រុកមានកសាងរូបសំណាកព្រះគោព្រះកែវក្នុងភូមិឃុំខាងលើ បាននិយាយអោយដឹងថា មុនជម្ងឺកូវីតវាយលុក នៅទីតាំងដើមស្វាយព្រះគោព្រះកែវនេះគឺមានភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកស្រុកមកពីទីជិតឆ្ងាយ មកទិញផ្លែឈើ និងយកដង្វាយមកបន់ស្រន់ ដល់ព្រះគោព្រះកែវជារៀងរាល់ថ្ងៃមិនដាច់ឡើយ ពិសេសស្ងៃសីល ព្រោះតែពួកគាត់មានជំនឿថា ព្រះគោព្រះកែវមានបារមីស័ក្តសិទ្ធបន់ស្រន់បានដូចបំ ណង។ ប៉ុន្តែក្រោយពេលមានជម្ងឺកូវីតវាយលុកចូលមក រហូតដល់ពេលនេះពុំមានអ្នកមកបន់ស្រន់យកដង្វាយមកថ្វាយនោះទេ។ តែទោះបីយ៉ាងណា ប្រជាពលរដ្ឋក្នុងមូលដ្ឋានជឿជាក់ថាពេលអស់ជម្ងឺកូវីត ប្រជាពលរដ្ឋដែលមានជំនឿលើបារមីព្រះគោព្រះកែវ ពិតជាមកគោរពបូជារូបសំណាក ព្រះគោ ព្រះកែវ នៅទីនេះជាបន្តទៀត ៕

កំពង់ឆ្នាំង,ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ( ឈៀង ថារិទ្ធ )