ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​គាំទ្រ​ចង់​ដឹង​លទ្ធផល ​ខណៈ​ថៃ នារី​សុជាតា និង ប៊េ​ន​នី យ៉ាំង ត្រូវ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​តាម​បណ្តឹង​ពេជ្រ សូលីកា

ភ្នំពេញ ​៖​ បន្ទាប់ពី​មាន​ជម្លោះ​ហែកហួរ​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ជុំវិញ​ភាព​ចម្រូងចម្រាស​នៃ​ការ​រួម​ដៃ​គ្នា​ទម្លាយ​រឿងអាស្រូវ​ពី​សំណាក់​កញ្ញា ថៃ នារី​សុជាតា និង ប៊េ​ន​នី យ៉ាំង នោះ ​ទីបំផុត​តារា​ស្រី​កញ្ញា ពេជ្រ សូលី​កា ថ្មីៗ​នេះ​ បានសម្រេច​ដាក់ពាក្យ​បណ្តឹង​លើ​ភាគី​ជម្លោះ​ទាំងពីរ​នាក់​នេះ ​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់។

បើ​ផ្អែក​តាម​ពាក្យ​បណ្តឹង​របស់​តារា​ចម្រៀង​កញ្ញា ពេជ្រ សូលី​កា ដែល​បាន​ប្តឹង​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ចំពោះ​ភាគី​ជម្លោះ​គឺ​កញ្ញា ថៃ នារី​សុជាតា និង​កញ្ញា ប៊េ​ន​នី យ៉ាំង នោះ បាន​បញ្ជាក់ថា​ បុគ្គល​ទាំងពីរ​រូបនេះ​ត្រូវបាន​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នា​វេលា​ម៉ោង​០៩ ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​។​

នៅក្នុង​ពាក្យបណ្តឹង​នោះ បាន​បញ្ជាក់ទៀតថា ​កញ្ញា ថៃ នារី​សុជាតា ដែល​ត្រូវជា​កូនស្រី​របស់​លោក ថៃ នរៈ​សត្យា អតីត​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ព្រមទាំង​តារា​ស្រី​កញ្ញា ប៊េ​ន​នី យ៉ាំង គឺ​តម្រូវ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ គង់ ស្រី​ពេជ្រ (​ពេជ្រ សូលី​កា ) ​ក្រោយ​ពេល​មានការ​ជេរប្រមាថ​កិត្តិយស។

ទាក់ទង​នឹង​ការ​កោះហៅ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​បុគ្គល​ទាំងពីរ​រូប ​ចូល​បំភ្លឺ​នេះដែរ​ កម្ពុ​ជាថ្មី​នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា មិនអាច​ទំនាក់ទំនង​សុំ​ការ​សួរនាំ​ពី​កញ្ញា ថៃ នារី​សុជាតា និង ប៊េ​ន​នី យ៉ាំង ជុំវិញ​លទ្ធផល​យ៉ាង​នៅឡើយ​ទេ​។ ​ចំណែក​ឯក​តារា​ស្រី​កញ្ញា ពេជ្រ សូលី​កា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ កម្ពុ​ជាថ្មី​បាន​ធ្វើ​ការទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការ​បញ្ជាក់​ដែរ​ តែ​ទូរស័ព្ទ​នៅ​ពេល​តេ​ចូល ​ត្រូវ​បាន​បុរស​ម្នាក់​ជា​អ្នកទទួល​ជំនួស​ ហើយ​ប្រាប់​ថា​កញ្ញា ពេជ្រ សូលី​កា រវល់​ចេញទៅ​ក្រៅ​មិនទាន់​មកវិញ​ទេ។

គួរ​រម្លឹកថា​ អំឡុង​ពេលដែល​បែកធ្លាយ​ដំណឹង​ភ្ជាប់​ពាក្យ​របស់​កញ្ញា ពេជ្រ សូលី​កា ជាមួយ​បុរស​អាណិកជន​ខ្មែរ​-​អូស្ត្រាលី​រូប​សង្ហា​នោះ ​ក៏​ស្រាប់តែ​កញ្ញា ថៃ នារី​សុជាតា ដែល​ធ្លាប់​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​គ្នា​ជាង​១០​ឆ្នាំ​នោះ បាន​ចេញមុខ​ទម្លាយ​និង​បកអាក្រាត​ថា ពេជ្រ សូលី​កា ក្បត់​មិត្តភក្តិ​មក​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ដែល​ធ្លាប់ជា​អតីត​សង្សារ​ខ្លួន​ ខណៈដែល​កញ្ញា ប៊េ​ន​នី យ៉ាំង ក៏បាន​រួមដៃគ្នា​ក្នុង​សង្គ្រាម​នេះ​ផង​នោះ​។​ ទន្ទឹមគ្នា​នៃ​ការ​កោះហៅ​នេះដែរ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​ជាច្រើន​កំពុង​អន្ទះសា​​ចង់ដឹង​និង​រង់​ចាំមើល​លទ្ធផល​ ថា​តើ​ក្លាយទៅជា​បែប​ណា​?៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114