ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ក្នុងនោះមាន៥នាក់ពាក់ព័ន្ធនឹងការជក់ ឬ ប្រើប្រាស់គ្រឿងញៀន ចំណែកម្នាក់ទៀតជាអ្នកជួញដូរ មានទាំងអាវុធខ្លីមួយផងនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ចុះបើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួននិងដកហូតទាំងអាវុធ១ដើមទៀតផង កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ទី១ ឈ្មោះ អៀង ម៉េងហៀង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានអាវុធខ្លី១ដើម ត្រូវបានដកហូត ជាអ្នកជួញដូរ។ ទី២ ឈ្មោះ វ៉ែន វៀន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅ ភូមិខាងលើ មានថ្នាំ១កញ្ចប់តូច ។ ទី៣ ឈ្មោះ យឿង ស្រឹប ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ។ ទី៤ ឈ្មោះ ឈិត សុលៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ។ ទី៥ ឈ្មោះ ជ័យ ផាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី៦ ឈ្មោះ មាស សុភ័ក្រ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។
តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា នៅចំណុចនោះមានក្រុមអ្នកជក់និងអ្នកជួញដូរគ្រឿងញៀនកំពុងពពាក់ពពូនជាមួយគ្នាមើលទៅរញ៉េរញ៉ៃរួចមក កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍ចោមចៅ៣ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ កម្លាំងជំនាញ ចុះទៅបង្ក្រាប នៅទៅតាំងខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងនោះដកហូតបានអាវុធខ្លីមួយដើមផងដែរ។
ជនសង្ស័យត្រូវបាននាំខ្លួន សាកសួរនៅប៉ុស្តិ៍ចោមចៅ៣ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញបន្តតាមនីតិវិធី៕
វិទូ