ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ជួយសង្គ្រោះ​បារាំង​៣​នាក់​ ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បុគ្គលិក​សង្គ្រោះបន្ទាន់​ចំនួន​៣​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​នៅ​ជិត​ទីក្រុង Marseille ខណៈពេល​កំពុង​បំពេញបេសកកម្ម​ជួយសង្គ្រោះ​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​ដែលជា​កន្លែង​ទឹកជំនន់​បាន​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​។​

ឧទ្ធម្ភាគចក្រ EC145 របស់​ពួកគេ​បាន​បាត់បង់​ការទាក់ទង​វិទ្យុ​និង​រ៉ា​ដា​ខណៈពេល​កំពុង​ហោះហើរ​ជួយសង្គ្រោះ​និង​ត្រួតពិនិត្យ​នៅក្នុង​តំបន់ Var កាលពី​យប់​ថ្ងៃអាទិត្យ​។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Christophe Castaner និង​រដ្ឋលេខាធិការ Laurent Nunez បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នក​ទាំងបី​ត្រូវបាន​គេ​រកឃើញ​ស្លាប់​នៅ​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​នៅ​ជិត​ទីក្រុង Rove​។​

ការស៊ើបអង្កេត​មួយ​កំពុងដំណើរការ​ដើម្បី​កំណត់​អំពី​មូលហេតុ​នៃ​ការធ្លាក់​នេះ​។​ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ដោយសារ​ទឹកជំនន់​នៅក្នុង​តំបន់ Riviera ដែល​ត្រូវ​រង​ការវាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ថ្មី​ពោល​គឺមាន​រយៈពេល​មួយ​សប្តាហ៍​បន្ទាប់ពី​អាកាសធាតុ​ដ៏​អាក្រក់​បាន​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​ស្លាប់​។​

នៅក្នុង​តំបន់ Var, អ្នក​គង្វាល​ម្នាក់​ត្រូវបាន​ទឹក​កួច​យកទៅ​ខណៈពេល​គាត់​កំពុង​ព្យាយាម​ជិះ​រថយន្ត​ឆ្លងកាត់​ដើម្បី​ទៅ​មើល​ហ្វូង​សត្វ​ចិញ្ចឹម​របស់គាត់​។ អាជ្ញាធរ​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា សាកសព​របស់គាត់​ត្រូវបាន​គេ​រកឃើញ​ក្នុង​រថយន្ត​របស់គាត់​នៅ​យប់​ថ្ងៃអាទិត្យ​នៅ​ចម្ងាយ​៣០០​ម៉ែត្រ​ពី​កន្លែង​ទឹក​កួច​។​

នៅ​កន្លែង​ផ្សេងទៀត​ក្នុង​តំបន់​នេះ ម្ចាស់​ក្រោល​សត្វ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ក្នុង​រយៈពេល​២​ម៉ោង​បន្ទាប់ពី​គាត់​ក៏ត្រូវ​បាន​ទឹក​កួច​យកទៅ​ដូចគ្នា​ខណៈពេល​កំពុង​មើល​សត្វ​របស់គាត់​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114