អ្នក​ជំងឺ​កូ​វីដ​១៩ ២​នាក់​នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​នោះ​ម្នាក់​ជា​ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥស្លាម​ជា​សះស្បើយ​ហើយ
BREAKING NEWS
Search

អ្នក​ជំងឺ​កូ​វីដ​១៩ ២​នាក់​នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​នោះ​ម្នាក់​ជា​ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥស្លាម​ជា​សះស្បើយ​ហើយ

បន្ទាយមានជ័យ ៖ អ្នក​ជំងឺ​កើត​កូ​វីដ​១៩ ចំនួន​២​នាក់​នៅ​ខេត្តបន្ទាយមានជ័យ ក្នុងនោះ​ម្នាក់​ជា​ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥស្លាម​បានជា​សះស្បើយ​ហើយ ​ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ល្ងាច​ថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​២០២០ ស្នាក់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ឯ​អ្នក​ជំងឺ​ជា​ពលករ​ខ្មែរ​ម្នាក់ទៀត​ បាន​នឹង​កំពុង​មាន​សុខភាព​ល្អ​នៅ​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​បន្ត​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត​កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ចន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​ក​ម្ពុ​ជា ជប៉ុន​មង្គល​បូរី​និង​មន្ត្រី អ្នកពាក់ព័ន្ធ សាច់ញាតិ​មិត្ត​ជាច្រើន​បាន​ទៅ​អបអរសាទរ​និង​ទទួល​ជូន​ដំណើរ​លោក​វ៉ាន់ គឹម​សាន្ត អាយុ​៤១​ឆ្នាំ អ្នក​ជំងឺ​កូ​វីត​១៩ ដែល​បានជា​សះស្បើយ​បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល បំប៉ន​បីបាច់​សុខភាព​ពី​ថ្ងៃ​ទី​១៦​ខែមីនា​កន្លងមក។

ក្នុង​នោះ​អ្នក​ជំងឺ​បាន​ទទួល​ការ​លួង​ចិត្ត​ពី​អាជ្ញាធរ​ខេត្ត ហើយ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ ដល់​មន្ត្រី​និង​អ្នក​គ្រប់គ្នា​ ដែល​មិន​ត្រឹមតែ​មិន​រើសអើង​ប៉ុណ្ណោះ​ទេ ថែមទាំង​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​កក់ក្តៅ​ថែម​ទៀត​ផង។ គាត់​បាន​លា​ទាំង​ក្តី​អាល័យ​ពី​បន្ទប់​ដាច់ដោយឡែក​ដែល​ជាទី​ទទួល​ពិនិត្យ ព្យាបាល​ជំងឺ​កូ​វីដ​១៩ COVID-19 ក្នុង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី ហើយ​បាន​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ម្នាក់ឯង​វិល​ទៅផ្ទះ​វិញ​។

លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថា ​ក្រុមការងារ​បាន​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ទទួល​អ្នក​ជំងឺ​កូ​វីត​១៩ ដំបូង​គេ​ចំនួន​២​នាក់​កាលពី​ថ្ងៃទី​១៦​ខែមីនា។ គឺ​វ៉ាន់ គឹម​សាន្ត ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥស្លាម​អាយុ​៤១​ឆ្នាំ ​ដែល​ត្រឡប់​ពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី គាត់ មាន​សមាជិក​៥​នាក់​និង​ម្នាក់ទៀត​ជា​ពលករ​ខ្មែរ​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឫស្សី​ សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ​ដែរ គាត់​មាន​សមាជិក​៧​នាក់ អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​លើ​អ្នក​ជំងឺ​ គឺ​គ្រួសារ​ពួក​សរុប​១២​នាក់ ក៏​រក​ឃើញ​លទ្ធផល​អ​វិជ្ជមាន​COVID-19។ ឥឡូវ​ពួកគេ មាន​សុខ​ភាពល្អ​ហើយ។

លោក​អ៊ុំ​រាត្រី រួម​ជា​មួយ​មន្ត្រី ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ញាតិមិត្ត​ព្រមទាំង​សមាជិក​ព្រឹទ្ធសភា​ក៏​បន្ត​ជូន​ដំណើរ​អ្នកឈ្នះ​ជំងឺ​កូ​វីត​១៩ រូបនេះ​ដល់ផ្ទះ​ផងដែរ៕
​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114