BREAKING NEWS
Search

អ្នក​ជំនាញ​អំពាវនាវ​មិន​ឲ្យ​មានការ​ទិញ​លក់​កូ​ន​ឃ្មុំ​និង​សំបុក​ឃ្មុំ

សៀមរាប ​៖ ការ​កាត់​យក​កូន​ឃ្មុំ និង​សំបុក​ឃ្មុំ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ គឺជា​មូលហេតុ​១​ក្នុងចំណោម​មូលហេតុ​៣​ផ្សេងទៀត ដែល​នាំ​ឲ្យ​សត្វ​ឃ្មុំ​រង​នូវ​ការវិនាស និង​មិន​អាច​បន្ត​ពូជ​រស់រាន​មានជីវិត​បាន នៅក្នុង​ព្រៃ​ជា​និរន្ត​។

បើ​តាម​លោក ពាង ឆុ​ញ ប្រជា​សហគមន៍​អភិរក្ស​សត្វ​ឃ្មុំ នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា សំបុក​ឃ្មុំ​គឺជា​កន្លែង​ដែល​សត្វ​ឃ្មុំ​អាច​បង្កើតជា​ជម្រក និង​បង្ក​កំណើត​កូន​តចៅ​រាប់ពាន់​ក្បាល​ក្នុង​សំបុក​តែមួយ ឬក៏​អាច​រីក​បន្ត​សំបុក​ទៅកាន់​មែន​ឈើ​ផ្សេងទៀត ដោយ​អាស្រ័យ ទៅលើ​មេ​ឃ្មុំ​ញី​(​ស្តេច​ស្រី​)​របស់​វា និង​កត្តា​អំណោយផល​ពី​ព្រៃឈើ និង​អាកាសធាតុ​ផងដែរ​។

ជាទូទៅ​គេ​សង្កេត​ឃើញ​ថា អ្នក​រុករាន​ព្រៃ​នៅ​តំបន់​ឆ្ងាយ​ភាគច្រើន តែង​មិនសូវមាន​ការយល់ដឹង​ច្រើន​ទាក់ទង​នឹង​អត្ថប្រយោជន៍ នៃ​ការ​រក្សាទុក​សំបុក​ឃ្មុំ​ឲ្យ​នៅ​ឋិតថេរ ព្រមទាំង​ការ​អភិរក្ស​សត្វ​ឃ្មុំ​ជាមួយនឹង​ព្រៃឈើ​ធម្មជាតិ ឲ្យ​នៅ​គង់វង្ស​បានជា​ដរាប​ឡើយ​។ ព្រោះ​តម្រូវការ​អ្នកទិញ​ទឹកឃ្មុំ កូន​ឃ្មុំ និង​សំបុក​ឃ្មុំ ត្រូវ​បាន​កើន​ឡើងជា​បន្តបន្ទាប់​។ នេះ​បើ​តាម​លោក​ប្រជា​សហគមន៍ ​លោក​បញ្ជាក់​ថា «​អ្នក​រុករាន​ព្រៃ​មកពី​ឆ្ងាយ​លួច​ចូល​មក​កាត់​យក លម្អង​ទឹកឃ្មុំ ព្រមទាំង​សំបុក​ឃ្មុំ​ទាំងស្រុង​ផងដែរ ដែល​នេះ​ធ្វើ​ឲ្យ​ឃ្មុំ​មិន​អាច​មាន​កន្លែង​បង្ក​កំណើត ដូច្នេះ​ត្រូវតែ​រួមគ្នា​អភិរក្ស​សត្វ​ឃ្មុំ​ឡើងវិញ ដោយ​មិន​ត្រូវ​ទិញ​កូន​ឃ្មុំ និង​សំបុក​ឃ្មុំ ទើប​មិនមាន​អ្នក​លួច​កាត់​យកទៅលក់​បន្ត​»​។

ការ​រួមគ្នា​អភិរក្ស​សត្វ​ឃ្មុំ​ឲ្យ​នៅ​គង់វង្ស​គឺជា​រឿង​ចាំបាច់​ណាស់ ព្រោះ​ឃ្មុំ​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ជីវិត​មនុស្ស​និង​ធម្មជាតិ ដែល​ក្នុងនោះ​មាន ទី​១. ផ្នែក​សន្តិសុខ​ស្បៀង​៖ ឃ្មុំ​បាន​ចូលរួម​៣០%​នៃ​ការផលិត​ផលដំណាំ​កសិកម្ម ដោយ​ឃ្មុំ​បាន​ចូលរួម​ក្នុង​ការនាំ​លំអងផ្កា​ពីមួយ​ទៅកាន់​ផ្កា​ផ្សេងទៀត ទី​២.​ការអភិរក្ស​ព្រៃ​៖ គ្មាន​ឃ្មុំ​គ្មាន​ព្រៃ និង​ទី​៣. ផលិតផល​ទឹកឃ្មុំ​៖ មាន​មនុស្ស​រាប់ពាន់​នាក់​បាន​ដើរ​ប្រមូល​ផល​ទឹកឃ្មុំ​។ នេះ​បើតាម​លោក អេ​រិ​ក ហ្គឺ​រី​ន ជា​អ្នក ជីវវិទូ​ជនជាតិ​បារាំង និង​ជា​អ្នក​ជំនាញ​និរន្តរភាព​អភិរក្ស​សត្វ​ឃ្មុំ និង​ចិញ្ចឹម​ឃ្មុំ​។

លោក​បាន​បញ្ជាក់​ថា «​ការ​ផុត​ពូជ​នៃ​ប្រភេទ​ឃ្មុំ​ទាំងនេះ ត្រូវបាន​គេ​មើលឃើញ​ដោយសារ​ការ​គំរាមកំហែង​ដូច​ជា​ការ​អន់ថយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី (​ការកាប់បំផ្លាញ​ព្រៃឈើ​) ការ​ពង្រឹង​លើ​វិស័យ​កសិកម្ម (​ការដាំ​ដំណាំ​តែមួយ​ប្រភេទ ការប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​) ការបំផ្លាញ​ដោយ​អ្នករក​ទឹកឃ្មុំ​និង​ការប្រែប្រួល​អាកាសធាតុ​»​។

បើ​តាម​លោក​អេ​រិ​ក ហ្គឺ​រី​ន គួរ​អភិរក្ស​ឬ​ស្តារ​ព្រៃ​ធម្មជាតិ​ឡើងវិញ​តាមរយៈ​ការ​លើកកម្ពស់​កសិកម្ម​បរិស្ថាន ដោយ​កាត់បន្ថយ​ការប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ដាំ​ដំណាំ​មាន​ផ្កា​ចម្រុះ​ជាច្រើន ហើយ​លើកទឹកចិត្ត​ដល់​ការ​ប្រមូល​ផល​ទឹកឃ្មុំ ប្រកបដោយ​និរន្តរភាព​ដោយ​ចៀសវាង​ការ​បរិភោគ​កូន​ឃ្មុំ ព្រមទាំង​លើកកម្ពស់​ការចិញ្ចឹម​ឃ្មុំ ដើមកំណើត​ខ្មែរ​ឃ្មុំ​យក្ស​អា​ភី​ស៊ីរ៉ា​ណា​ផងដែរ​៕
ប៊ុន រដ្ឋា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114