អ្នក​ប្រដាល់ Williams ឡើង​ការពារ​ខ្សែក្រវាត់​ទម្ងន់​ស្រាល WBA និង IBF​ជាមួយ​កីឡាករ Rosario

​អ្នក​ប្រដាល់ Julian Williams នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ទម្ងន់​ស្រាល WBA​និង IBF​នៅ​ថ្ងៃ​សៅរ៍​នេះ ជាមួយ​កីឡាករ​ដូ​មី​នី​ក Jeison Rosario​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក​។

កីឡាករ Williams​ដែលមាន​ប្រវត្តិ​ឈ្នះ​២៧​លើក ស្មើ​១​លើក និង​ចាញ់​១​លើក ហើយ​និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​១៦​លើក​នោះ នឹង​ឡើង​ការពារ​ខ្សែក្រវាត់​របស់លោក​ជា​លើកដំបូង ក្រោយពី​លោក​ដណ្តើមបាន​ខ្សែក្រវាត់​មួយ​នេះ​ពី​កីឡាករ​អាមេរិក Jarrett Hurd កាលពី​ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅ នៅក្នុង​ទីក្រុង Washington ។

កីឡាករ Williams បាន​និយាយថា លោក​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ កាលដែល​លោក​អាច​នាំយក​ខ្សែក្រវាត់​របស់លោក​មក​កាន់​ទីក្រុង​កំណើត​របស់លោក ប៉ុន្តែ​លោក​មិន​បណ្តោយ​ឲ្យ​កីឡាករ Rosario ដណ្តើមយក​វិញ​ជាដាច់ខាត​។

លោក​បន្តថា លោក​នឹង​ប្រឹង​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​។​
​ដោយឡែក កីឡាករ Rosario ដែលមាន​ប្រវត្តិ​ប្រកួត​ឈ្នះ​គេ​១៩​លើក ស្មើ​១​លើក និង​ចាញ់​១​លើក ហើយ​និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​១៣​លើក រកបាន​ឱកាស​ឡើង​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​នេះ ក្រោយពី​លោក​សម្រេចបាន​ជ័យជំនះ​៥​លើក​ជាប់ៗ​គ្នា ពោលគឺ​លោក​បានឈ្នះ កីឡាករ​ម៉ិ​ក​ស៊ិ​ក Jorge Cota នៅ​ការប្រកួត​ចុងក្រោយ​របស់លោក​កាលពី​ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ​។

កីឡាករ Rosario បាន​និយាយថា នេះ​គឺជា​ឱកាស​មួយ​ដែល​លោក​បាន​ប្រឹងប្រែង​អស់​រយៈពេល​យ៉ាងយូរ ហើយ​លោក​នឹង​ត្រៀមខ្លួន​រួចរាល់ ដើម្បី​សម្រេចបាន​ជោគជ័យ​នៅ​ការប្រកួត​មួយ​នេះ​។​
​លោក​បន្តថា លោក​មាន​អារម្មណ៍​ថា​ខ្លួនឯង​ខ្លាំង ហើយ​និង​មាន​ជំនឿ​ចិត្ត​ខ្ពស់​។ គ្មាន​សំពាធ​មកលើ​រូបលោក​នោះទេ ហើយ​លោក​ពិត​ជាមាន​កម្លាំងចិត្ត​ខ្ពស់​ណាស់​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114