អ្នក​ស្រាវជ្រាវ​បង្ហាញ​ពី​ទម្រង់​កាយវិការ​ពិត​របស់​បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ ក្នុង​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ

មាន​ចម្ងល់​ជា​យូរ​មក​ហើយ ទាក់ទង​នឹង​ទម្រង់​កាយវិការ​ពិត​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដោយ​អ្នកស្រាវជ្រាវ​ខ្លះ​យល់ថា ព្រះអង្គ​មាន​កាយវិការ​សមាធិ ឯ​ខ្លះ​ទៀត​ថា ​ព្រះអង្គ​លើកដៃ​ប្រណម្យ ប៉ុន្តែ​ពុំទាន់​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ច្បាស់​តាមរយៈ​ការសន្និដ្ឋាន​របស់​មតិ​នីមួយៗ​នៅឡើយ​។

ទាក់ទង​នឹង​ភាពផ្ទុយ​គ្នា​នៃ​ការយល់ឃើញ​ខាងលើ នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមការងារ​ចម្រុះ​មកពី​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា លោក ជាវ ប៊ុន​ថង និង​លោក Eric Bourdonneau បាន​បង្ហាញ​ថា កាយវិការ​ពិត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺ​ស្ថិតក្នុង​ទម្រង់​លើកដៃ​ប្រណម្យ​ត្រឹម​ដើមទ្រូង​។

ចំពោះ​ការ​អះអាង​បែបនេះ ក្រុមការងារ​ចម្រុះ​បាន​បង្ហាញ​ភស្តុតាង​ជាច្រើន​ទាក់ទង​នឹង​ការសិក្សា​ស្រាវជ្រាវ​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថត​ស្កែ​ន​វិភាគ​បែប​វិទ្យាសាស្ត្រ​ទៅលើ​ទំហំ និង​ការ​ផ្គុំ​បំណែក​ព្រះ​ហត្ថ​ដែល​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ទៅនឹង​ដងខ្លួន​នៃ​បដិមា​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ពិតជា​ត្រូវ​គ្នា​គ្រប់​ជ្រុងជ្រោយ​ត្រង់ចំណុច​ដែល​ត​ភ្ជាប់​គ្នា​។

​ការ​រក​ឃើញ​នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​ថ្មី​មួយ​ ដែល​កើត​ចេញពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​អ្នកជំនាញ​បារាំង​និង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ស្រាយ​បំភ្លឺ​នូវ​ចម្ងល់​និង​ភាព​ប្រទាំង​ប្រទើស​គ្នា​លើ​ការយល់ឃើញ​ផ្សេងគ្នា​ឱ្យ​ងាក​មក​ស្របគ្នា​បាន៕
កម្ពុជាថ្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114