ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​​ស្រុក​កំពង់​ត្រាច ​រៀប​​​​ប្រណាំង​ទូក​ និង​​ប្រណាំង​សេះ​ដើម្បី​អបអរ​បុណ្យ​អុំ​ទូក

កំពត ៖ ដើម្បី​អបអរ​សាទរ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ​បណ្ដែត​ប្រទីប ​អក​អំបុក ​និង​សំពះ​ព្រះ​ខែ​ ស្រុក​កំពង់​ត្រាច ​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកប​ ដោយ​ភាព​សប្បាយ​រីករាយ​ គឺ​ការ​ប្រណាំង​សេះ​និង​ការ​ប្រណាំង​ទូក។

ព្រឹត្តិការណ៍​នេះ ​បាន​រៀប​ចំ​ឡើង​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១០​ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ ​ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​ អូន ​ខន ​អភិបាល​ស្រុក​កំពង់​ត្រាច​ ​និង​លោក​ ស៊ីតទ័រ​​ ហែន​នីង ​អគ្គនាយក​ក្រុម​ហ៊ុន​ហា​ទៀង​វេហ្គាស ​រីស៊ត​។​

កម្មវិធី​​​ប្រណាំង​សេះ​​រៀប​ចំ​ឡើង​នៅ​វត្ត​រា​ជា​លំពូ ​ស្ថិត​ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ​ឃុំ​អង្គ​សុរភី ​ស្រុក​កំពង់​ត្រាច​។​ ដោយ​ឡែក​ការ​ប្រណាំង​ទូក​ បាន​រៀប​ចំ​ឡើង​រយៈ​ពេល​បី​ថ្ងៃ ​នៅ​ចំណុច​ទំនប់​អូរ​ច្រនៀង​ នៃ​ឃុំ​កំពង់​ត្រាច​ខាង​លិច​ ស្រុក​កំពង់​ត្រាច ​ខេត្ត​កំពត​។​

លោក​ អូន ​ខន ​អភិបាល​ស្រុក​កំពង់​ត្រាច ​បាន​បញ្ជាក់​ថា​ ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្ដែត​ប្រទីប ​អកអំបុក ​និង​សំពះ​ព្រះ​ខែ​ ដែល​ជា​ប្រពៃណី​ជាតិ​របស់​យើង ​ពិសេស​ការ​អបអរ​ នៃ​ការ​ជួបជុំ​ពិសា​អំបុក​ការពារ​ជាតិ ​សាសនា ​ព្រះមហាក្សត្រ​ ដោយ​ការ​រៀប​ចំ​ឡើង​របស់​រដ្ឋបាល​ស្រុក ​និង​មាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ហាទៀង ​វេហ្គាស ​សប្បុរសជន​អាជីវករ និង​ប្រជាពលរដ្ឋ ​ដោយ​ប្រមូល​បាន​ថវិកា​ប្រមាណ​ជាង​៨​លាន​រៀល។

សូម​ជម្រាប​ថា ​ការ​បើក​ព្រឹត្តិការណ៍​ប្រណាំង​ទូក​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ​ ក្រោម​ការ​ផ្ដួច​ផ្ដើម​ពី​រដ្ឋបាល​ស្រុក​កំពង់​ត្រាច ​និង​ក្រុមហ៊ុន​ ហាទៀង​ វេហ្គាស ​ព្រម​ទាំង​មាន​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​​នានា​ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ហើយ​ចំពោះ​ការ​ប្រណាំង​ទូក​ផ្ដាច់ព្រ័ត្រ​​​នា​រសៀល​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​ទូក​ដែល​ទទួល​បាន​ជយលាភី​លេខ​១ ​គឺ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ចំនួន​ ១,០០០,០០០​រៀល ​ជយលាភី លេខ​២ ទទួល​បាន​ថវិកា​ចំនួន ​៥០០,០០០​រៀល ​និង​លេខ​៣ ​ទទួល​បាន​ថវិកា​ចំនួន​ ៣០០,០០០​រៀល​ផង​ដែរ៕

អត្ថបទ៖ សេង ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114