ព័ត៍មានទាន់​ហេតុការណ៏
Search

អ​ណាស់ ! ខេត្ត​ប៉ៃលិន បន្ត​ដាក់​ចេញ​យុទ្ធសាស្ត្រ​នាំចេញ​ផ្លែ​មៀន​ឲ្យបាន​ច្រើន​ទៅ​ប្រទេស​ថៃ​

ប៉ៃលិន​ ៖ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់ក្រោម​ជាតិ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​របាំង​បច្ចេកទេស និង​លិខិតបញ្ជាក់ ស្ថិតក្រោម​អធិបតីភាព​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ​។

បើតាម​របាយការណ៍រ​ប​ស់លោក សុខ សា​ធី​ម ទីប្រឹក្សា​ក្រសួង​ពា​ណិ​ជ្ចក​ម្ម និង​ជា​ប្រធាន​មន្ទីរ​ពា​ណិ​ជ្ចក​ម្ម ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ បច្ចុប្បន្ន​ក្នុង​១​ឆ្នាំ ក្រុមហ៊ុន ឆាយ​ណា ជីន​វ័រ​យន្ត អ៊ី​ម​ផត អិ​ច​ផត (​ខេ​ម​បូ​ឌា​) បាន​បញ្ជា​ទិញ​ផ្លែ​មៀន​ប៉ៃលិន ពី​ខេត្ត​ចំនួន ៨ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានដូចជា​៖ ១-​ខេត្ត​ប៉ៃលិន ចំនួន ២០​ពាន់​តោន ២-​ខេត្តបាត់ដំបង ចំនួន ២៥​ពាន់​តោន ៣-​ខេត្តបន្ទាយមានជ័យ ចំនួន ១០​ពាន់​តោន ៤-​ខេត្តពោធិសាត់ ចំនួន ៣​ពាន់​តោន ៥-​ខេត្តព្រះវិហារ ចំនួន ២​ពាន់​តោន ៦-​ខេត្តកំពង់ចាម ចំនួន ៣​ពាន់​តោន ៧-​ខេត្ត​រតនៈគីរី ចំនួន ៣ ៥០០​តោន និង​៨-​ខេត្តកំពង់ធំ ចំនួន ៣​ពាន់​តោន សរុប​ចំនួន ៦៩៥០០​តោន គិត​ជា​ទឹកប្រាក់​ចំនួន ៧០,៥៧០,៥០០​ដុល្លា​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះដែរ​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើងថា​៖ បច្ចុប្បន្ននេះ ផ្លែ​មៀន​ប៉ៃលិន មាន​បរិមាណ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដូច្នេះ​អាជ្ញាធរខេត្ត ក៍​ដូចជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ គឺ​កំពុង​ជួយ​សម្របសម្រួល និង​បើកផ្លូវ​ឱ្យ​ការនាំចេញ​ផ្លែ​មៀន​ប៉ៃលិន ទៅ​លក់​នៅក្រៅ​ប្រទេស ប៉ុន្តែ​បាន​ជួបប្រទះ​នូវ​បញ្ហា​រាំងស្ទះ​មួយចំនួន ដូចជា​៖ បញ្ហា​របាំង​បច្ចេកទេស និង​លិខិតបញ្ជាក់ (១-GAP: ការអនុវត្ត​កសិកម្ម​ល្អ ២-GMP: ការ​វេច​ខ្ចប់​ទំនិញ ៣-ISO 22000: ការបញ្ជាក់​ពី​ស្តង់ដារ​ទំនិញ​) ដែល​តម្រូវឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​ចូលរួម​ដោះស្រាយ​ជាបន្ទាន់ ព្រោះ​បញ្ហា​នេះ​ធ្វើឱ្យប៉ះពាល់​សេដ្ឋកិច្ច​របស់ ប្រជាកសិករ​ដាំ​ដុះ​ដំណាំ​មៀន​ប៉ៃលិន​។

 

​លោក​អភិបាលខេត្ត ក៍​មានប្រសាសន៍​កោតសរសើ​ដល់​សមាគម​មៀន​ប៉ៃលិន ទាំង ៣​ខេត្ត ដែល​បាន​ខិតខំ​រួម​ចងក្រង​គ្នា​ជា​សមាគម និង​ចូលរួម​លើកស្ទួយ​គុណភាព​កសិផល​ខ្មែរ សម្គាល់​ភូមិសាស្ត្រ ហើយ​ត្រូវ​រួមគ្នា​ផលិត​ផ្លែ​មៀន​ឱ្យបាន​បរិមាណ​ច្រើន ព្រមទាំង​មានគុណ​ភាព អនាម័យ ស្រម​តាម​ស្តង់ដា និង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។ នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ផាន់ ចាន់​ធុល ក៍​បានស្នើ​ដល់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រៀបចំ​ឯកសា ទៅ​ក្រសួងសាមី​របស់ខ្លួន ដើម្បី​ត្រៀម​កិច្ចប្រជុំ​អន្តរក្រសួង នាពេលខាងមុខ ក្នុង​ធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ផងដែរ​៕​
សេង សុ​វណ្ណា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114