ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌូណេស៊ី ​កំពុង​រង់ចាំ​និយតករ​អាកាសចរណ៍​ធំៗ​របស់​ពិភពលោក​សម្រាប់​ការ​បើក​ឱ្យ​យន្តហោះ 737 MAX អាច​ហោះហើរ​ឡើងវិញ​បាន

មន្ត្រី​មួយរូប​នៅ​និយតករ​អាកាសចរណ៍​ឥណ្ឌូណេស៊ី​បានលើកឡើង​ថា ឥណ្ឌូណេស៊ី​នឹងមិន​អនុម័ត​ការ​វិល​មក​ហោះហើរ​ឡើងវិញ​របស់​យន្តហោះ Boeing Co 737 MAX ឡើយ លុះត្រា​តែមាន​និយតករ​អាកាសចរណ៍​សហរដ្ឋ​អាមេរិក អឺរ៉ុប ប្រេ​ស៊ី​ល កាណាដា និង​ចិន​អនុម័ត​ជាមុនសិន។

គួររម្លឹកថា យន្តហោះ Lion Air 737 MAX មួយ គ្រឿង​បាន​ធ្លាក់​ភ្លាមៗ​បន្ទាប់ពី​ហោះ​ចេញពី​ក្រុង​ហ្សា​កាតា​កាលពី​ឆ្នាំមុន ដោយបាន​សម្លាប់​មនុស្ស​ទាំងអស់​នៅលើ​យន្ដហោះ​ចំនួន​១៨៩​នាក់ ហើយ​យន្តហោះ​ម៉ូ​ដែល​ដដែល​នេះ​ក៏​ត្រូវបាន​ផ្អាក​ការហោះហើរ​នៅ​ទូទាំង​ពិភពលោក ក្រោយ​មានការ​ធ្លាក់​ករណី​ទី​២​ដ៏​សាហាវ​នៅឯ​ប្រទេស​អេ​ត្យូ​ពី​កាលពី​ខែមីនា​ឆ្នាំនេះ​។​

ក្រុម​អ្នកស៊ើប​អង្កេត​ឥណ្ឌូណេស៊ី​កាលពី​ខែ​មុន​បានចេញ​ផ្សាយ​របាយការណ៍​ចុងក្រោយ​មួយ​ស្តីពី​ការធ្លាក់​យន្តហោះ Lion Air ដែល​រួមបញ្ចូល​ទាំង​ការផ្តល់​អនុសាសន៍​ទៅដល់​ក្រុមហ៊ុន Boeing រដ្ឋបាល​សហព័ន្ធ​អាកាសចរណ៍​សហរដ្ឋអាមេរិក (FAA) និង​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​ស្តីពី​ការកែលម្អ​ការអនុវត្ត​ផ្នែក​សុវត្ថិភាព​។​

ក្រុមហ៊ុន Boeing បាននិងកំពុង​ធ្វើការ​ងារ​ជាច្រើន​ដើម្បី​ទទួលបាន​ការអនុម័ត​បទ​ប្បញ្ញត្តិ​សម្រាប់​ការផ្លាស់ប្តូរ​ប្រព័ន្ធ Anti-stall system ដែល​ភ្ជាប់​ទៅនឹង​ការ​គាំង​ទាំង​ពីរលើក​មុនពេល​យន្តហោះ​ម៉ូ​ដែល​នេះ​អាច​ហោះហើរ​បាន​ឡើងវិញ​បាន​។​

លោក Sokhib Al Rokhman ប្រធាន​ផ្នែក​អាកាសចរណ៍​និង​យន្តហោះ​នៅ​អគ្គនាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល (DGCA) បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សា​កាតា​កាលពី​ថ្ងៃ​ពុធ​ថា “​ឥណ្ឌូណេស៊ី​កំពុង​រង់ចាំ FAA និង​ប្រទេស​ធំៗ​ផ្សេងទៀត​ដើម្បី​ចេញ​លិខិតបញ្ជាក់​ឱ្យ​យន្តហោះ​ម៉ូ​ដែល MAX​នេះ​បាន​” ។​

ដោយឡែក ក្រុមហ៊ុន Boeing កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្លែងថា ក្រុមហ៊ុន​រំពឹងថា​ក្រុម​និយតករ​អាមេរិក​នឹង​អនុម័ត​ការវិលត្រឡប់​របស់​យ​ន្ត​ហោះ 737 MAX អាច​បម្រើ​សេវាកម្ម​ពាណិជ្ជកម្ម​ឡើងវិញ​បាន​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ប៉ុន្តែ​និយតករ​អាកាសចរណ៍​របស់​អឺរ៉ុប​បាន​បង្ហាញថា​វា​អាច​នឹង​ចំណាយពេល​យូរ​ជាង​នេះ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114