ឪពុកម្ដាយ​រវល់​រាវ​លៀស​ទុក​ធ្វើ​ម្ហូប កូន​លង់​ទឹក​ស្លាប់​ទាំង​ពីរ​នាក់​បង​ប្អូន​
BREAKING NEWS
Search

ឪពុកម្ដាយ​រវល់​រាវ​លៀស​ទុក​ធ្វើ​ម្ហូប កូន​លង់​ទឹក​ស្លាប់​ទាំង​ពីរ​នាក់​បង​ប្អូន​

បាត់ដំបង ៖ ជា​លទ្ធផល​ឪពុក​ម្តាយ ​បាន​ត្រឹម​ទ្រហោ​យំ​សោកស្ដាយ​អាឡោះអាល័យ​កូន​តូច​ប្រុស​ស្រី​ទាំងពីរ​នាក់​ ខណៈ​ដែល​ឪពុក​ម្តាយ​រវល់​តែ​រាវ​លៀស​ ដើម្បី​ធ្វើ​ម្ហូបអាហារ​ឲ្យ​កូន​ទើប​មានការ​ធ្វេសប្រហែស​បន្តិច ​បង្ក​ឲ្យ​កូនប្រុស​ស្រី​ទាំងពីរ​នាក់​ បាត់បង់​ជីវិត​មួយ​ពព្រិច​ភ្នែក​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ហេតុ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​នា​រសៀល ​កាល​ពី​ថ្ងៃ​ទី​០៣ ​ខែ​ឧសភា ​ឆ្នាំ​២០២០ ​ដែល​ហេតុ​ការ​នេះ​កើតឡើង​នៅ​ត្រង់​ចំណុច​ក្រុម​ទី​០១​ពហុ​បំណង​សេក​សក​ ស្ថិត​ក្នុង​ភូមិ​ទឹកសាប​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតនមណ្ឌល​ ខេត្ត​បាត់ដំបង​។

​សមត្ថកិច្ច​បន្ត​ថា ​ក្មេង​តូច​ប្រុស​ស្រី​ ដែល​បាន​បាត់​បង់ជីវិត​ ដោយ​សារ​លង់ទឹក​រួមមាន ១. ឈ្មោះ​គឹម សុផាន់​ណា​ ភេទ​ប្រុស ​អាយុ​១០​ឆ្នាំ​ ស្នាក់នៅ​ភូមិ​បា​ដាក​ត្បូង ​ឃុំ​ផ្លូវ​មាស​ ខេត្តបាត់ដំបង​ត្រូវជា​កូនប្រុស​បង​។ ​២. ឈ្មោះ​ពេជ្រ​ ភ​ត្រា ​ភេទ​ស្រី​ អាយុ​០៦​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ឃុំ​រួមគ្នា​ខាង​លើ​ត្រូវជា​ប្អូនស្រី ​ដែល​មាន​ឪពុក​ឈ្មោះ​គឹម សុខា​ អាយុ​៣៦​ឆ្នាំ ​រស់នៅ​ភូមិ​បា​ដាក​ត្បូង​ ឃុំ​រស្មី​សង្ហារ​ ស្រុក​រតនមណ្ឌល​ ខេត្ត​បាត់ដំបង ​ម្តាយ​ឈ្មោះ​ហួត​ ស្រី​ អាយុ​៣៥​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ឃុំ ​រួមគ្នា​ខាង​លើ​ជា​មួយគ្នា​។

​ក្រោយពី​មានការ​ភ្ញាក់ផ្អើល​សមត្ថ​កិច្ច​ បាន​ចុះ​ពិនិត្យ​ជុំវិញ​កន្លែង​កើត​ហេតុ​បាន​សន្និដ្ឋាន​ថា ​ក្មេង​រងគ្រោះ​ទាំងពីរ​ ពិតជា​បាន​លង់ទឹក​ស្លាប់​ ដោយ​ក្មេង​រង​គ្រោះ​បាន​នាំ​បងប្អូន​ចុះ​លេង​ទឹក​ ខណៈ​ដែល​ឪពុក​ម្តាយ​កំពុងតែ​រាវ​លៀស​ មិន​ចាំ​អារម្មណ៍​ទើប​កូន​ទាំងពីរ​នាំគ្នា​ចុះ​លេង​ក្នុង​ទឹក​ ហើយក៏​រអិល​ចូល​កន្លែង​ទឹក​ជ្រៅ​លង់​ស្លាប់​ទឹក​ពីរ​នាក់​តែ​ម្តង​។​ បច្ចុប្បន្ន​ឪពុក​ម្តាយ​កំពុង​រៀបចំ​ធ្វើ​ពិធីបុណ្យ​ឲ្យ​កូនប្រុស​ស្រី​ទាំងពីរ​នាក់ ​ទៅ​តា​ប្រពៃណី​៕​
អត្ថបទ៖ សៅ សារិទ្ធ​

​ចុចអាន៖ យុវជន​ម្នាក់​ត្រូវបានសមត្ថកិច្ច​នាំខ្លួន​សាកសួរ​ បន្ទាប់​ពីបង្ហោះសារលើហ្វេសបុក​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយសសមត្ថកិច្ច​