ឯកអគ្គរាជទូត​ខ្មែរ​នៅ​សហ​អាមេរិក អំពាវនាវ​ប្រជាពលរដ្ឋ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​ជួបជុំ ខណៈ​បាតុកម្មហិង្សា​កំពុង​រីក​រាលដាល
BREAKING NEWS
Search

ឯកអគ្គរាជទូត​ខ្មែរ​នៅ​សហ​អាមេរិក អំពាវនាវ​ប្រជាពលរដ្ឋ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​ជួបជុំ ខណៈ​បាតុកម្មហិង្សា​កំពុង​រីក​រាលដាល

ភ្នំពេញ​ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​រៀនសូត្រ​នៅ​សហរដ្ឋអាមេរិក ត្រូវ​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពី​ការជួបជុំ ឬ​ប្រមូលផ្តុំ​នានា ទោះបី​ក្រោមរូបភាព ឬ​មូល​ហេតុអ្វី​ក៏ដោយ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន និង​ក្រុមគ្រួសារ​។​

ការអំពាវនាវ​របស់​ស្ថាន​ឯកអគ្គរាជទូត​បែបនេះ បានធ្វើ​ឡើងខណៈ​បាតុកម្ម​តវ៉ា​នានា បាន​រីក​រាលដាល និង​ឡាយ​ឡំ​ដោយ​អំពើហិង្សា នៅតាម​បណ្តា​រដ្ឋ​នានា នៅ​សហរដ្ឋអាមេរិក និង​បន្ទាប់ពី​មាន​អាជីវកម្ម​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុង​ប៊ិច បាន​រង​ការបំផ្លិចបំផ្លាញ ដោយសារតែ​ព្យុះ​បាតុកម្ម​ទាមទារ​យុត្តិធម៌​នេះ​ផងដែរ​។​

ក្នុង​លិខិត​អំពាវនាវ​ចុះ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​គោរព​ឱ្យបាន​ខ្ជាប់​ខ្លួន​តាម​បម្រាម​គោចរ និង​បម្រាម​នានា​របស់​អាជ្ញាធ​រ​មូលដ្ឋាន ដែល​ខ្លួន​កំពុង​ស្ថិតនៅ​។ បន្ថែម​ពីលើ​នេះ ក្នុងករណី​ចាំបាច់ ត្រូវ​ប្រកាន់​នូវ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពី​ការឆ្លង​ជំងឺ និង​ហានិភ័យ​ជាយថាហេតុ​បណ្ដា​លពី​បាតុកម្ម​។ បើតាម​ស្ថាន​ឯកអគ្គរាជទូត មានទ្រព្យ​សម្បត្តិ ព្រមទាំង​អាជីវកម្ម​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុង​ប៊ិច បាន​រង​ការបំផ្លិចបំផ្លាញ​។​

លិខិត​លើកឡើង​យ៉ាងនេះ​ថា “​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​បានទទួល​ព័ត៌មាន​ពី​ការខូចខាត​ធុរកិច្ច និង​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ខ្មែរ​យើង​មួយចំនួន​នៅ​ទីក្រុង​ឡុង​ប៊ិច ដោយ​បាតុកម្មហិង្សា កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០​កន្លងមក​។ ស្ថានទូត​សូម​ចូលរួម​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការខូចខាត​នេះ ហើយ​មានការ​ព្រួយបារម្ភ​ថា ករណីបែបនេះ​ក៏​អាច​កើតមាន​ផងដែរ​ចំពោះ​បងប្អូន​ខ្មែរ​យើង​នៅតាម​ទីក្រុង​ផ្សេងៗ​ទៀត​។ នៅ​ចំពោះមុខ​សភាពការណ៍ ដែល​កំពុង​ច្របូកច្របល់ និង​ហានិភ័យ​ដែល​អាច​កើតមាន​ពី​បាតុកម្ម​តវ៉ា​ដែល​កំពុង​រីក​រាលដាល និង​កាន់​តែមាន​ភាព​ហឹ​ង្សា នៅតាម​បណ្ដា​ទីក្រុង​នានា នៅ​សហរដ្ឋអាមេរិក ស្ថានទូត​សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ សិស្ស និង​និស្សិត​ខ្មែរ​ទាំងអស់ ដែល​កំពុងស្នាក់នៅ និង​សិក្សា​នៅ​សហរដ្ឋអាមេរិក សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ក៏ដូចជា​ទ្រព្យសម្បត្តិ​”​។

ជាមួយគ្នា​នោះ ស្ថានទូត​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ឲ្យ​បាន​ឆ្ងាយ​ពី​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​នានា ទោះបី​ក្រោមរូបភាព ឬ​មូល​ហេតុអ្វី​ក៏ដោយ​, ជៀសវាង​នឹង​ព្យាយាម​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត​កាល​ចេញទៅ​ខាងក្រៅ​, ក្នុងករណី​ចាំបាច់​ត្រូវ​ប្រកាន់​នូវ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ចំពោះ​សុវត្ថិភាព​ស​ខ្លួន​ពី​ការឆ្លង​ជំងឺ និង​ហានិភ័យ​ជាយថាហេតុ បណ្ដាលមកពី​បាតុកម្ម​, គោរព​អោយបាន​ខ្ជាប់ខ្ជួន​តាម​បម្រាម​គោចរ និង​បម្រាម​នានា​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​ឋិត​នៅ ហើយ​ក្នុងករណី​មាន​អាសន្ន ត្រូវ​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន​មាន​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍ បើ​ត្រូវការ​ប្រឹក្សា​យោបល់ ឬ​ព័ត៌មាន​ផ្សេងៗ​ត្រូវ​ទាក់ទង​ជាមួយ​ស្ថានទូត ឬ​ស្ថាន​អគ្គ​កុងស៊ុល​។​

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ ចលនា​តវ៉ា​របស់​ពល​រដ្ឋ​អាមេរិក បាន​រីក​កាន់តែ​ធំ​ជាង​មុន បន្ទាប់ពី​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd​។ ដំបូង​ជាការ​តវ៉ា​ដោយ​អហិង្សា​ប៉ុណ្ណោះ ប៉ុន្ដែ​ក្រោយមក​បាន​ឈានដល់​ហិង្សា មានការ​ដុតបំផ្លាញ និង​បង្ក​ការខូចខាត​នៅតាម​ទីតាំង និង​សម្ភារ​នានា​ដូចជា​រថយន្ដ​ប៉ូលិស ហាង​ទំនិញ​ជាដើម​។ បូលិស​បាន​ចាប់ខ្លួន​ក្រុមបាតុករ​ជាច្រើន​ពាន់​នាក់ ហើយក៏​មាន​សេចក្ដីរាយការណ៍​ថា មាន​បាតុករ​ស្លាប់​ផងដែរ​។

អំពើហិង្សា​បានកើត​ឡើង​នៅតាម​បណ្ដា​ទីក្រុង​ជាង​៧០​ទូទាំង​សហរដ្ឋអាមេរិក ហើយ​បម្រាម​គោចរ​ត្រូវ​បានដាក់​ក្នុង​ទីក្រុង​យ៉ាងតិចណាស់​៤០​។ កងកម្លាំង​សន្ដិសុខ​ជាតិ​អាមេរិក​បាន​ចុះ​អន្ដរាគមន៍​នៅក្នុង​រដ្ឋ​ចំនួន​១៥ រួមទាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ផងដែរ ហើយ​កំពុងមាន​ក្ដីបារម្ភ​ថា​អំពើហិង្សា​នឹង​បន្ដ​កើនឡើង​កាន់តែខ្លាំង ខណៈ​ក្រុមបាតុករ​បន្ដសកម្មភាព​តាម​ដងផ្លូវ ដោយ​ពុំ​ខ្លាចរអា និង​ការព្រមាន​របស់​អាជ្ញាធ​រ​ឈានចូល​ដល់​យប់​ទី​៦​ហើយ​។

ចលនា​តវ៉ា​ទាមទារ​រក​យុត្ដិធម៌​ឲ្យ​បុរស​ស្បែក​ខ្មៅ​George Floyd ក៏បាន​រីក​រាលដាល​ដល់​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​។ មនុស្ស​រាប់រយ​នាក់​បាននាំគ្នា​ចេញ​តវ៉ា​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃអាទិត្យ បង្ហាញ​សាមគ្គីភាព​ជាមួយ​ក្រុម​តវ៉ា​អាមេរិក​។ ពួកគេ​បាន​ស្រែកថា “​បើ​គ្មាន​យុត្ដិធម៌​ក៏​គ្មាន​សន្ដិភាព​ដែរ​” បន្ទាប់មក​ពួកគេ​បាន​ដើរ​ដង្ហែ​ក្បួន​ទៅកាន់​សភា និង​បញ្ចប់​សកម្មភាព​នៅ​ខាងក្រៅ​ទូត​អាមេរិក​។ នៅ​អាល្លឺម៉ង់​ក្រុម​តវ៉ា​រាប់រយ​នាក់​បាននាំគ្នា​តវ៉ា​នៅ​ខាងក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ប៊ែ​កឡាំង ដោយមាន​កាន់​ផ្ទាំង​បដា​សរសេរថា “​យុត្ដិធម៌​សម្រាប់ George Floyd, ឈប់​សម្លាប់​ពួកយើង​” និង “​តើន​រណា​បន្ទាប់​”​។

ដើមហេតុ​ដំបូង​នៃ​ការតវ៉ា​ក្លាយជា​ហិង្សា​នេះ ដោយសារតែ​ពលរដ្ឋ​អាមេរិក​ខឹង​នឹង​មន្ដ្រីប៉ូលិស​ស្បែ​កស ដែល​ចាប់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ហើយ​យក​ជង្គង់​សង្កត់​ក​បុរស​ស្បែក​ខ្មៅ​រហូត​បណ្ដាល​ឲ្យ​ស្លាប់​។ ក្រោយ​ហេតុការណ៍​នេះ​មន្ដ្រីប៉ូលិស​ពាក់ព័ន្ធ​៤​នាក់​ត្រូវ​បណ្ដេញ​ចេញពី​ការងារ ប៉ុន្ដែ​ក្រុម​តវ៉ា​មិន​សុខ​ចិ​ត្ដ​នឹង​ចំណាត់ការ​នេះ​ទេ ទីបំផុត​មន្ដ្រី​ប៉ូលិស​ដែល​ធ្វើ​សកម្មភាព​ផ្ទាល់​លើ​បុរស​ស្បែក​ខ្មៅ​ត្រូវ​ចាប់ខ្លួន ដែល​នឹង​ចូល​បង្ហាញខ្លួន​នៅ​តុលាការ​ក្នុង​សប្ដាហ៍​នេះ​។ ចំពោះ​បុរស​ស្បែក​ខ្មៅ​ដែល​ស្លាប់​មានឈ្មោះ George Floyd អាយុ​៤៦​ឆ្នាំ​នោះ ជា​ជនសង្ស័យ​ចាយប្រាក់​ដុល្លារ​ក្លែងក្លាយ​។

ជា​ការ​កត់​សម្គាល់ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​George Floyd បង្ក​ជា​ការ​តវ៉ា​ទូទាំង​សហរដ្ឋអាមេរិក មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ការរើសអើង​ជាតិ​សាសន៍ ក៏ដូចជា​ប្រព័ន្ធ​យុត្ដិធម៌​របស់​អាមេរិក ដែល​ករណីនេះ​ធ្លាប់​បាន​កើត​ឡើងជា​យូរណាស់​មកហើយ​ មិន​ងាយ​នឹង​ដោះស្រាយ​ទេ​។ ក៏​ធ្លាប់​មាន​ជនជាតិ​ស្បែក​ខ្មៅ​បាន​ស្លាប់​ក្រោម​ថ្វីដៃ​ប៉ូលិស​ស្បែក​ស​ដែរ​ពីមុន​ហើយក៏​បង្ក​ជា​ការ​តវ៉ា​ដូចគ្នា ប៉ុន្ដែ​ការ​តវ៉ា​លើក​នេះ​គេ​ប៉ាន់ប្រមាណ​ថា នឹង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​៕
កោះ​កែវ

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114