ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​ លើកទឹកចិត្ត​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​ យកចិត្ត​ដាក់​ខ្ពស់​ទៅលើ​ការ​គ្រប់គ្រង​គុណភាព​សំណង់​
BREAKING NEWS
Search

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​ លើកទឹកចិត្ត​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​ យកចិត្ត​ដាក់​ខ្ពស់​ទៅលើ​ការ​គ្រប់គ្រង​គុណភាព​សំណង់​

ភ្នំពេញ​ ៖​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​ នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​ បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​ក្រុមហ៊ុន​ និង​សហគ្រិន​ ដែលជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​សាងសង់ គម្រោង​លំនៅដ្ឋាន​នានា ​ត្រូវ​យកចិត្ត​ដាក់​ខ្ពស់​ទៅលើ​ផ្នែក​ការគ្រប់គ្រង​គុណភាព​ និង​សុវត្ថិភាព​ នៃ​គម្រោង​សាងសង់​របស់​ខ្លួន ​ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​ណាមួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ខុន​ដូរ Urban Village គម្រោង​ទី​ពីរ​កាលពី​ថ្ងៃទី​២២​មករា​កន្លងទៅនេះ​ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ​បាន​មានប្រសាសន៍ថា ​ជាងនេះទៅទៀត ម្ចាស់​អគារ​សំណង់​ទាំងអស់ ត្រូវ​គោរព​ទៅតាម​លក្ខខណ្ឌ​ច្បាប់ ​នៃ​ស្តង់ដារ​គុណភាព​សំណង់ លក្ខខណ្ឌ​បច្ចេក​ទេស​សាងសង់​ និង ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​បុគ្គលិក​ និង​អតិថិជន​របស់​ខ្លួន​។​

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​ បាន​បន្តថា ​នៅពេល​សំណង់​មានគុណ​ភាព ​និង​មាន​រចនាបថ​ល្អ ​នឹង​ជួយ​ទាក់ទាញ​ដល់​អតិថិជន​វ័យក្មេង​កម្ពុជា​ដែល​ទើប​ចាប់ផ្ដើម​មានគ្រួសារ​ថ្មី​ដែល​មាន​តម្រូវការ​លំនៅដ្ឋាន​បែប​ថ្មី ទំនើប ផាសុកភាព ស៊ីវិល័យ​ និង​ប្រកបដោយ​សុវត្ថិភាព​។​

ឯកឧត្ដម បាន​បន្តថា​ ប្រទេស​កម្ពុជា​ ស្ថិតក្នុង​ចំណោម​ជម្រើស​ល្អ​បំផុត​សម្រាប់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ដោយ​ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន ​ធ្វើ​ឲ្យ​ប្រាក់ចំណូល​ប្រជាជន​កើនឡើង​ខ្ពស់​គួបផ្សំ​នឹង​ស្ថិរភាព​នយោបាយ​ដ៏​រឹងមាំ​ដូចជា ​ក្របខណ្ឌ​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​វិស័យ​អចលន​ទ្រព្យ ​និង​សំណង់​។​

ជា​មួយ​គ្នា​នេះ​ដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្ដែង​អបអរសាទរ​ចំពោះ​ជោគ​ជ័យ​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន Urban Village ដែល​គម្រោង​ទាំងនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​គាំទ្រ និង​ការជឿទុកចិត្ត​របស់​អតិថិជន​ចំពោះ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំង​ផ្នែក​គុណ​ភាព និង​សោភ័ណភាព​។

លោក Ben Li ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Urban Hub (Cambodia) បាន​មានប្រសាសន៍ថា​គម្រោង Urban Village Phase II នេះ​ ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ នៃ​ការ​រស់​នៅ​របស់​សហគមន៍​បែប​ទំនើប​ ហើយ​គម្រោង​នេះ ជា​ប្រភេទ​លំនៅដ្ឋាន​ប្រកបដោយ​ផាសុកភាព​និង​ភាព​កក់ក្ដៅ ជា​កន្លែងធ្វើការ​ដែល​មាន​លក្ខណៈ​ងាយស្រួល និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ជា​កន្លែង​កម្សាន្ត​ដែល​អាច​ផ្សារភ្ជាប់​ក្ដី​ស្រលាញ់​ជាមួយគ្នា​ជា​រៀងរាល់ថ្ងៃ​។

លោក​បន្តថា គម្រោង​ទី​២ នេះ បាន​បើក​ការដ្ឋាន​សាងសង់​លើ​ផ្ទៃដី ១.២ ហិកតា នៃ​ផ្ទៃដី​សរុប​៧​ហិក​តា ដែលមាន​អគារ ចំនួន៤ខ្នង កម្ពស់៥១ជាន់​។ ជាន់​ទី ១-៣ សម្រាប់​ចំណត​យានយន្ត ជាន់​ទី៤ សួន​ច្បារ និង​ចាប់ពី​ជាន់​ទី ៥-៥១ គឺជា​ខុន​ដូ (​មាន​ប្រភេទ​បន្ទប់​គេង​ចាប់ពី ១-៣ បន្ទប់​) គ្រោង​នឹង​បញ្ចប់​ការសាងសង​ក្នុង​ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ​។​

លោក​បាន​បន្ថែមថា ​ការសង់​គម្រោង​ទី​២​នេះ ​បន្ទាប់ពី​ក្រុមហ៊ុន ទទួលបាន​នូវ​ការគាំទ្រ និង​ជោគ​ជ័យ​យ៉ាងខ្លាំង​ គឺ​លក់​អស់​១០០%​ លើ​គម្រោង​ទី​១​ និង​ទទួលបាន​ការវាយតម្លៃ​ចំណាត់ថ្នាក់ (A++) ពី​សមាគម​អធិការកិច្ច​អគារ​ហុងកុង ​ដែលជា​គម្រោង​តែមួយគត់​នៅ​អាស៊ីអាគ្នេយ៍ ​ដែល​ទទួលបាន​ចំណាត់​នេះ​។​

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ និង​សំណង់ គឺជា​ការរួមចំណែក​មួ​យ​ចក្ខុវិស័យ​នៃ​យុទ្ធសាស្ត្រ​តម្រង់​ទិស​អភិវឌ្ឍន៍​របស់​រាជធានី​ភ្នំពេញ​ឆ្នាំ ២០៣៥ ដែល​ទទួលបាន​ការគាំទ្រ​ពី ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី សំដៅ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព​។​

ឯកឧត្ដម បាន​រំលឹកថា ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ​ជាក់ស្តែង យោងតាម​សន្ទស្សន៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការវិនិយោគ​លើ​វិស័យ​សំណង់​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មានតម្លៃ​ជាង​១,៦០០​ដុល្លារ​។ ឯកឧត្ដម បាន​បញ្ជាក់ថា​ សក្ដានុពល​ នៃ​កំណើន​នេះ នឹង​នៅតែ​បន្ត​ទៅមុខទៀត ជាពិសេស​បើ​ពិនិត្យ​ទៅលើ​តម្រូវការ​ផ្នែក Apartment ដែល​ត្រូវ​ព្យាករណ៍​ថា ឆ្នាំ​២០២០ នឹងមាន​ការកើនឡើង​ទៀត​ផង​ដែរ ក្នុងនោះ​ចំណែក​ទីផ្សារ​របស់ អា​ផាត​មិន (Apartment) ប្រភេទ​ប្រណិត​មាន ២៤% និង​ប្រភេទ​មធ្យម មាន ៤៦% និង​តម្លៃ​ទាប មាន ៣០%៕


អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114