ឯម ឡេង​លី តតាំង​ជាមួយ​ថៃ​ចំណូល​ថ្មី ផេ​ត​ឆី​ន​ស៊ី នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ឯម ឡេង​លី ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៧០​គីឡូក្រាម មកពី​ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​តតាំង​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃអាទិត្យ​ទី​២២​មីនា​២០២០​នេះ។

​ទោះជា​យ៉ាងណា អ្នកទស្សនា​ ដែល​ជា​ម៉ូយ​របស់​សង្វៀន​បាយ័ន គឺ​មិនបាន​ទស្សនា​ដោយ​ផ្ទាល់​ដូច​កន្លងមក​ទេ ព្រោះ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅ​គ្រប់​សង្វៀន​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង ប៊ី​ធី​វី ចាប់ពី​ចុង​សប្ដាហ៍​នេះ​តទៅ ការប្រកួត​គឺ​ពុំ​មាន​អនុញ្ញាត​ឲ្យ​អ្នកទស្សនា​ចូល​មើល​ទេ គឺ​ស្ថានីយ​Live​សម្រាប់​ឲ្យ​បងប្អូន​ទស្សនា​តាម​ផ្ទះ​ប៉ុណ្ណោះ ហើយ​ស្ថានីយ​ធ្វើ​បែប​នេះ​ដោយសារ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នៃ​វីរុស​ផ្លូវ​ដង្ហើម កូវីដ១៩។

​សម្រាប់​ការផ្គូផ្គង​រវាង ឯម ឡេង​លី ម្ចាស់​ខ្សែក្រវាត់​ដែល​ទើប​ដណ្តើម​បាន​កាលពី​ចុងខែ​កុ​ម្ភៈ​កន្លង​មក​នេះ ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ឈ្មោះ​ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន (Petchinsri Wor. Shungnuen )​។​ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម​។

​ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន ជា​អ្នក​ប្រដាល់​ជើងចាស់​នៅ​ប្រទេស​ថៃ ប៉ុន្តែ​គេ​មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​នោះ​ទេ​កន្លងមក ដូច្នេះ​នេះ​ជា​លើក​ទី​១​សម្រាប់​ផេ​ត​ឆី​ន​ស៊ី ដែល​មក​ប្រកួត​នៅ​កម្ពុជា​នេះ ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​មាន​សមត្ថ​ភាព​ខ្លាំង​គួរសម​ដែរ។ នេះ​បើ​តាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង។

​បើតាម​ប្រវត្តិ​របស់​ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន នេះ គឺ​មិនធម្មតា​ទេ ព្រោះ​នាំមក​ជួប​ជាមួយ ម្ចាស់​ខ្សែក្រវាត់​កម្ពុជា​ឯម ឡេង​លី បែបនេះ ក៏​អាច​សន្និដ្ឋាន​បាន​ថា​គេ​ខ្លាំង និង​មិនធម្មតា​នោះ​ឡើយ ព្រោះ​បើ​ល្មមៗ​ធ្វើ​ម៉េច​នឹង​អាច​ទប់​ជាមួយ​ឯម ឡេង​លី​បាន​នោះ? ព្រោះ​សូម្បីតែ​ជើង​ខ្លាំង​ចែគ​ស្យ៉ា​ម ក៏​ពុំ​អាច​រារាំង​ឡេង​ លី​ មិន​ឲ្យ​យក​ខ្សែក្រវាត់​មក​ពាក់​បាន​ដែ​រ។ ចាំ​មើល តើ​ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន អាច​យកឈ្នះ​ឯម​ ឡេង​លី បាន​ឬ​អត់​នោះ ?។ យ៉ាងណា ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន ជា​ជើង​ខ្លាំង​នៅ​ស្រុក​ថៃ​។​អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៥​លើក ឈ្នះ​៨០​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក​។​ នេះ​បើ​តាម​ប្រវត្តិ​ប្រកួត​របស់​ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន។

​ឯម ឡេង​លី មាន​កំណត់​ត្រា​ប្រកួត​តែ​៥៥​លើក ឈ្នះ​៤៤​លើក ចាញ់​១០​លើក ស្មើ​០១​លើក​ក៏ដោយ ក៏​មិនទាន់​ប្រាកដ​ថា គេ​ចាញ់​ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន នោះ​ដែរ។ ឡេង ​លី ឥឡូវ​គេ​មាន​តិចនិក​ប្រកួត​ខ្ពស់​ជាង​មុន។

​ទោះជា​យ៉ាងណា ឯម​ឡេង​លី មិន​អាច​ធ្វេសប្រហែស​ឬ​មើលងាយ ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន បាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ខ្សោយ​ជាង​អ្នក​មុន​នោះ​ទេ ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​រូប​នេះ បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​ជាមួយ ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន នេះ​ហើយ ចាំ​មើល ឯម ឡេង​លី និង ផេ​ត​ឆី​ន​ស៊ី វ៉​.​ស៊ូ​នឺ​ន តើន​រណា​ឈ្នះ នៅ​ក្នុង​ការ​ជួប​គ្នា​លើកដំបូង​នេះ ?៕

​អត្ថបទ៖ វិ​សិទ្ធ