២​ថ្ងៃ នគរបាល​ខេត្ត​កំពង់ឆ្នាំង​ បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​២០​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

កំពង់ឆ្នាំង ៖ កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ គិត​ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២២ ក្នុង​រយៈពេល​០២​ថ្ងៃ បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន និង​អ្នក​ជួញដូរ ក្នុងស្រុក​សាមគ្គី​មានជ័យ​ចំនួន​២០​នាក់ ដែល​ក្នុង​នោះ​មាន​ចាប់​តាម​ដីកា និង​បទល្មើស​ជាក់ស្ដែង​។​

​ចំពោះ​វត្ថុតាង​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​​រឹបអូស​បាន​រួម​មាន​ ៖ ម៉ូតូ​១៣​គ្រឿង មនុស្ស​​២០​នាក់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន រួម​ទាំង​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​។​

​មហាជន​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​​ ក្នុង​ករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នេះ បាន​សាទរ​ចំពោះ លោក អ៊ិត សុធា ព្រះរាជអាជ្ញា ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង និង​លោក​ឧត្ដមសេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​សហការ​ដឹកនាំ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន រួម​ទាំង​បទល្មើស​មួយចំនួនទៀត​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឲ្យ​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់។​

​ជា​មួយ​គ្នា​នោះ​ដែរ លោក អ៊ិត សុធា ព្រះរាជអាជ្ញា បាន​កោតសរសើរ​ដល់​លោកស្នងការ នគរបាល​ខេត្ត​កំពង់ឆ្នាំង និង​លោក​ស្នងការ​រង​ទទួលបន្ទុក ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​គ្រប់​ស្ថាប័ន ពាក់​ព័ន្ធ​ ដែល​​សហការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ល្អ​ប្រសើរ។​

​ជា​ចុងក្រោយ លោក​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ សិស្សានុសិស្ស រួម​ទាំង​ក្រុម​យុវជន​ទាំងឡាយ សូម​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន។​ ព្រោះ​គ្រឿងញៀន ​ជា​អាវុធ​បំផ្លាញ​អនាគត បំផ្លាញ​ប្រទេសជាតិ និង​គ្រួសារ​ខ្លួនឯង៕
អត្ថបទ ៖ នាងតូច​

សូមចុចអាន ៖ ថ្នាំញៀន​ជា​ច្រើន និង​ជនសង្ស័យ​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្រ្កាប​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114