BREAKING NEWS
Search

៦​ក្រុម ​ប្រជែង​គ្នា​ដណ្ដើម​ពានរង្វាន់​Cambodian League​ លើក​ទី​១ ឆ្នាំ​២០១៧

បាល់ទះ ៖ ក្រុម​បាល់ទះ​ចំនួន​៦​ក្រុម នឹងធ្វើ​ការប្រកួតប្រជែង​គ្នា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ ដែល​ប្រសិទ្ធិនាម​ថា “ ពានរង្វាន់​បាល់ទះ ខេ​ម​បូ​ឌា​ន​លី​ក លើក​ទី​១ ឆ្នាំ​២០១៧ ” ( The 1st Cambodian Beer Volleyball League 2017 ) ដើម្បី​ដណ្ដើម​យក​ពានរង្វាន់​ដែល​មាន​ទឹកប្រាក់​ចំនួន​៥,០០០​ដុល្លារ​សហរដ្ឋអាមេរិក។

លោក​ ហៃ យូ​ណែ​ល អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង បាន​និយាយ​ក្នុង​សន្និសីទកាសែត​នា​ល្ងាច​ថ្ងៃទី​០២ ខែ​មករា​ ឆ្នាំ​២០១៧​ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​ថា ព្រឹត្តិការណ៍​នេះ បង្កើត​ឡើង​ក្រោម​ការ​ផ្ដួចផ្ដើម​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រួមជាមួយ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង ដោយមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រោម​ការឧបត្ថម្ភ​រប​ស់​ស្រា​បៀរ​កម្ពុជា​។​

ការប្រកួត​ នឹង​ចាប់ផ្ដើម​វគ្គ​ជម្រុះ​វិលជុំ​ដំបូង ព្រមជាមួយ​កម្មវិធី​បើក​ជា​ផ្លូវការ នៅ​ខេត្ត​ព្រៃវែង នា​ថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ​២០១៧​នេះ។​

ព្រឹត្តិការណ៍​នេះ ក្រុម​ជើងឯក ​នឹង​ទទួលបាន​រង្វាន់​៥.០០០​ដុល្លារ ចំណាត់ថ្នាក់​លេខ​២​បាន​៣.០០០​ដុល្លារ លេខ៣​ បាន​២.០០០​ដុល្លារ និង​លេខ​៤​ បាន​១.០០០​ដុល្លារ។ ក្រៅពីនេះ​នៅមាន​រង្វាន់ Fair-Play និង រង្វាន់​សម្រាប់​កីឡាករ​ដែល លេង​ល្អ​ជាងគេ​ទៀតផង។​

អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​រូបនេះ បាន​សំណូមពរ​ឲ្យ​ក្រុម​ដែល​ចូលរួម​ទាំងអស់ ត្រូវ​គោរព​ក្រមសីលធម៌​កីឡា និង​មាន​ភាព​អត់ធ្មត់​កម្រិត​ខ្ពស់​បំផុត។ ​ត្រូវគោរព​គោល​ការណ៍ Fair- Play និង​បទបញ្ជា​នៃ​ការប្រកួត។​

លោក ​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​បញ្ជាក់​ថា ពេលនេះ​បាល់ទះ​កម្ពុជា​កំពុងតែ​មានការ​ឈានឡើង​កាន់​តែ​ខ្ពស់​ហើយ។

លោក​មាន​ជំនឿ​ចិត្ត​ថា ព្រឹត្តិការណ៍​នេះ ​នឹង​ធ្វើ​ឲ្យ​សហព័ន្ធ​រក​បាន​កីឡាករ​ដែល ល្អៗ​បន្ថែម​ទៀត​សម្រាប់​បញ្ចូល​ទៅក្នុង​ក្រុម​ជម្រើសជាតិ។​

អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា លោក​ បឹង គឹម​តោ បានឲ្យ​ដឹងថា ក្រុម​ខ្លាំង​ទាំង​៦​ក្រុម​នោះ​រួមមាន ​ក្រុម​បាល់ទះ​វិសាខា កងពលធំ​អន្តរាគមន៍​លេខ​៣ សាលាខេត្ត​កំពង់ចាម ក្រសួង​មហាផ្ទៃ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស។​

លោក​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ការប្រកួត ​គឺ​ប្រព្រឹត្ត​ធ្វើតាម​រូបមន្ត​វិល​ជុំ គឺ​ក្រុម​ទាំងអស់​ត្រូវ​ជួបគ្នា​ទាំង​អស់ មិនតែប៉ុណ្ណោះ​ ខេត្ត​ដែល​ចូលរួម ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ម្ដងម្នាក់។

ថ្ងៃ​ទី​០៨​មករា ដែលជា​ថ្ងៃ​ចាប់ផ្ដើម​ដំបូង​នោះ ខេត្តព្រៃវែង​ធ្វើជា​ម្ចាស់ផ្ទះ​មុនគេ បន្ទាប់មក​ខេត្ត​កំពង់ចាម ព្រះវិហារ បាត់ដំបង ហើយ​ចុងក្រោយ​ដែល​ចាប់ពី​ថ្ងៃទី​០៤​កុម្ភៈ​ទៅដល់​ថ្ងៃទី​១៨​កុម្ភៈ គឺ​នៅរាជធានី​ភ្នំពេញ។​

លោក​អះអាងថា នេះ​ជាការ​ប្រកួត​កីឡាបាល់ទះ ដែល​អ្វីៗ​គោរព​តាមច្បាប់​ប្រកួត​របស់​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ។

លោក គួ​ន សុគ​ន្ធី មន្ត្រី​បច្ចេកទេស​សហព័ន្ធ​បាល់ទះ​បាន​បញ្ជាក់​ថា សម្រាប់​បាល់ទះ​បើ​លទ្ធផល​ឈ្នះ​៣​សិត ​ទល់​០ ឬ ៣សិត​ទល់​១​សិត​ ក្រុម​ឈ្នះ​បាន​៣​ពិន្ទុ ក្រុម​ចាញ់​បាន​០​ពិន្ទុ។​ តែ​បើ​លទ្ធផល​៣​សិត​ ទល់​២​សិត​នោះ ​ក្រុម​ឈ្នះ​បាន​២​ពិន្ទុ ឯ​ក្រុម​ចាញ់​បាន១​ពិន្ទុ។

លោក​បាន​ពន្យល់​ទៀតថា ក្នុងករណី​ក្រុម២ លេង​ស្មើគ្នា​នោះ ត្រូវយក​ចំនួន​សិត​ឈ្នះ​សរុប​ចែក​ចំនួន​សិត​ចាញ់​សរុប។ បើ​លទ្ធផល​ចំនួន​សិត​ឈ្នះ​សរុប ចែក​នឹង​ចំនួន​សិត​ចាញ់​សរុប​ស្មើគ្នា ត្រូវ​យក​ចំនួន​គ្រាប់​ឈ្នះ​សរុប ចែក​ចំនួន​គ្រាប់​ចាញ់​សរុប។ តែបើ​នៅតែ​ស្មើគ្នា​ទៀត ត្រូវយក​លទ្ធផល​ចំនួន​គ្រាប់​ឈ្នះ​សរុប ចែក​ចំនួន​គ្រាប់​ចាញ់​សរុប​ស្មើគ្នា​ទៀត ត្រូវ​គិត​លទ្ធផល​ នៃ​ក្រុម​ទាំងពីរ​ដែល​បាន​ជួបគ្នា​(​ក្រុម​ណា​ទទួល​បាន​ជ័យជំនះ​ពេល​ប្រកួត​នោះ គឺ​ចាត់ទុកជា​ក្រុម​ឈ្នះ​)៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114