BREAKING NEWS
Search

៦​ខែ​ឆ្នាំ​២០២០ ​កម្ពុជា​គ្រប់គ្រង​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​ជាង​១​ម៉ឺន​នាក់

ភ្នំពេញ ៖ រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា​គ្រប់គ្រង​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​១២.៩៤២​នាក់ ក្នុង​នោះ​អ្នក​ដែល​បានជា​សះស្បើយ​ពី​គ្រឿងញៀន និង​ធ្វើ​សមាហរណកម្ម​ចេញពី​មណ្ឌល​មាន​ចំនួន​៤.៨៣៩​នាក់ អ្នក​ញៀន​គ្រឿងញៀន ដែល​បន្ត​ធ្វើការ​បន្សាប​ព្យាបាល​នៅ​តាម​មណ្ឌល​បណ្តោះ​អាសន្ន​មាន​ចំនួន​៤.០៦៣​នាក់ និង​អ្នក​ញៀន​គ្រឿងញៀន​ដែល​បាន​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ក្នុង​រាជធានី​-​ខេត្ត​មាន​ចំនួន​៣.៣៨២​នាក់។

លោកស្រី ឧ​ត្ត​ម​សេនីយ៍​ឯក ជ័យ បុប្ផា អគ្គលេខាធិការ​រង​នៃ​អគ្គលេខា​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​មានប្រសាសន៍​បញ្ជាក់​នៅក្នុង​របាយការណ៍​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការងារ​ព្យាបាល​និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​សម្រាប់​មន្ត្រី​ដែល​ត្រូវ​ទៅ​បម្រើ​នៅ​មជ្ឈមណ្ឌល​ជាតិ នៅ​ខេត្ត​ព្រះសីហនុ​ដែល​បាន​រៀប​ចំ​ឡើង ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (​កម្ពុជា​)​និង​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​(​ថៃ​)​នា​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០២០​។

ក្នុង​ឱកាស​នោះ​ដែរ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រ​និង​ផ្អែកលើ​សហគមន៍​ដល់​អ្នកញៀន​គ្រឿងញៀន ខេត្ត​ព្រះសីហនុ​នៅ​ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ​ចំពេល​ខួប​៧០​ឆ្នាំ​នៃ​ចំណង​សាមគ្គីភាព មិត្តភាព​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​បន្ត​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី ខេត្ត ពង្រឹង​និង​បង្កើត​គណៈកម្មការ​សម្របសម្រួល​សម្រាប់​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន ដោយ​ផ្អែកលើ​សហគមន៍ នៅ​តាម​ឃុំ​-​សង្កាត់​ដើម្បី​គាំទ្រ​ឲ្យ​អ្នកប្រើប្រាស់​និង​អ្នកញៀន​គ្រឿងញៀន មាន​ភាព​ងាយស្រួល​ទៅ​ទទួលយក​សេវា​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក ដោយ​មិន​គិតថ្លៃ មាន​ចំនួន​៤៥០​កន្លែង និង​លើកកម្ពស់​ការថែទាំ​បន្ត​នៅតាម​សហគមន៍​ដោយបាន និង​កំពុង​ជំរុញ​ការងារ​រៀបចំ​ទិន្នន័យ​អ្នកប្រើប្រាស់ និង​អ្នក​ញៀន​គ្រឿងញៀន​ឲ្យ​ស៊ីសង្វាក់​គ្នា​រវាង​ស្ថាប័ន​អនុវត្ត​ច្បាប់ ជាមួយនឹង​ស្ថាប័ន​ផ្តល់​សេវា​សុខភាព​សាធារណ។

សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំឡើង​មាន​រយ​:​ពេល​បី​ថ្ងៃ ថ្ងៃទី​១១-១៣ ខែសីហា ឆ្នាំ២០២០ ហើយ​មាន​ចែករំលែក​នូវ​បទពិសោធន៍​ផ្នែក​ច្បាប់ ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ការងារ​ជាក់ស្តែង​ដោយមាន​សិក្ខាកាម​មកពី​មន្ត្រី​ពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​មន្ត្រី​ពី​ក្រសួងសុខាភិបាល និង​មន្ត្រី​ពី​មណ្ឌល​កងពល​លេខ​៣១​ខេត្តកំពត និង​ឱកាស​ថ្មី​ខេត្តក្រចេះ៕

វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114