ព័ត៍មានទាន់​ហេតុការណ៏
Search

៩​ខែ​ឆ្នាំនេះ ការនាំចេញ​ផ្លែ​ចេក​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន មាន​ចំនួន​សរុប​ជាង​១១,០៥​ម៉ឺន​តោន

ភ្នំពេញ ៖ ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង ថា រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ កម្ពុជា បានធ្វើ ការនាំចេញ​ផ្លែ​ចេក​ពី​កម្ពុជា កាន់​ទីផ្សារ ប្រទេស​ចិន មាន​ចំនួន​សរុប​ជាង​១១,០៥​ម៉ឺន​តោន ខណៈ​ផលិតផល​នេះ​ នឹង​អាចបង្កើត​បាន​ប្រាក់ចំណូល​ខ្ពស់ជាង​ផលិតផល​អង្ករ​។​

យោងតាម​ការផ្សាយ​គណ​នី​ផ្លូវការ​របស់ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង ថា តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ការនាំចេញ​ផ្លែ​ចេក​កម្ពុជា​ក្នុង​រយៈពេល​៩​ខែ នា​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​សរុប​ជាង​១១,០៥​ម៉ឺន​តោន ក្នុងនោះ​ទីផ្សារ​ដែល​នាំចេញ​ដ៏​សំខាន់​ជាងគេ​នោះ​គឺ​ប្រទេស​ចិន​។ អ្នកទទួលខុសត្រូវ​ក្នុង​ក្រុមហ៊ុន​Longmate​ដែល​ទទួលបាន​ការអនុញ្ញាត​នាំ​ផ្លែ​ចេក​ចេញទៅ​ប្រទេស​ចិន​ដំបូង​គេ​មានប្រសាសន៍ថា ដោយ​ទទួលបាន​អត្ថប្រយោជន៍​នៃ​សក្តានុពល​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ចិន ការនាំចេញ​ផ្លែ​ចេក​នៃ​កម្ពុជា​នឹងមាន​ការកើនឡើង​កាន់​តែ​ខ្ពស់ សង្ឃឹមថា​អាច​ក្លាយជា​ផលិតផល​ដ៏​ចាំបាច់​ក្នុងការ​នាំចេញ​នៃ​ប្រទេស​កម្ពុជា នឹង​អាច​បង្កើតបាន​ប្រាក់ចំណូល​ខ្ពស់ជាង​ផលិតផល​អង្ករ​ផងដែរ​។​

ស្ថានទូត​បន្តថា​ បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​នេះ​កំពុងមាន​គម្រោង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ចេក​កាន់តែ​ធំ ដើម្បី​សម្រេច​ទទួលបាន​ការនាំ​ចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន​ចំនួន​២,២​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩​នេះ និង​សម្រេចបាន​៣,៣​ម៉ឺន​តោន​នា​ឆ្នាំ​២០២០​ខាងមុខនេះ​។ ក្នុង​រយៈពេល​ថ្មីៗ​កន្លងមកនេះ ចិន​បានអនុញ្ញាត​សហគ្រាស​ថ្មី​ចំនួន​៤​ក្នុងការ​នាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន ហើយ​បច្ចុប្បន្ននេះ​សហគ្រាស​ដែល​នាំចេញ​ផ្លែ​ចេក​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​៩​ក្រុមហ៊ុន​។ ក្រៅពីនេះ ក្រុមហ៊ុន Beijing Capital Agribusiness Group (CAG)​ក៏បាន​ប្រកាសថា ​នឹង​វិនិយោគ​តម្លៃ​ជាង​៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើការ​បង្កើត​ចម្ការ​ដាំ​ដុះ​ដំណាំ​ចេក​ក្នុងប្រទេស​កម្ពុជា​លើ​ផ្ទៃដី​ជាង​១៥០០​ហិកតា​។​

យោងតាម លោក​ឧកញ៉ា ហ៊ុន ឡាក អគ្គនាយក​ក្រុមហ៊ុន Longmate ដែល​ទទួលបាន​ការអនុញ្ញាត​នាំ​ផ្លែ​ចេក​ចេញទៅ​ប្រទេស​ចិន​ដំបូង​គេ បាន​ថ្លែងថា ដោយ​ទទួលបាន​អត្ថប្រយោជន៍ នៃ​សក្តានុពល​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ចិន ការនាំចេញ​ផ្លែ​ចេក​របស់​កម្ពុជា នឹងមាន​ការកើនឡើង​កាន់តែ​ខ្ពស់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114