BREAKING NEWS
Search

៩​ចំណុច របស់​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជា​ប្រធាន បាន​ចេញ​សេចក្តី​អំពាវនាវ​ចំនួន​៩​ចំណុច ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ នា​ថ្ងៃទី​១៦,១៧ និង​១៨ ខែកញ្ញា ឆ្នាំ​២០២០​ខាងមុខ​។

សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍ ក្នុង​រយៈកាល​កន្លងមក​បាន​ធូរស្រាល គួរ​ឲ្យ​កត់សម្គាល់ គឺ​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០ នេះ ប្រៀបធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយ​ចុះ​ចំនួន​៦៦៧​ករណី ស្មើ ២៤​ភាគរយ អ្នកស្លាប់​ថយចុះ​២១៥​នាក់ ស្មើ​១៦​ភាគរយ និង​អ្នករបួស​ថយចុះ​ចំនួន ១០១០ នាក់ ស្មើ​២៤​ភាគរយ ហើយ​នៅក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ ប្រជាពលរដ្ឋ អាច​នឹងមាន​សកម្មភាព ធ្វើ​ចរាចរណ៍ ទៅកាន់​វត្ត​អារាម ស្រុកកំណើត និង​ដំណើរ​កំសាន្ត​ទូទាំង​ប្រទេស​យ៉ាង​មមាញឹក ហើយក៏​អាចមាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។

ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​រក្សា​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សំខាន់ៗ​មួយចំនួន​រួមមាន​៖
​ទី​១- ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ជាពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិនត្រូវ​ផ្ទុក​មនុស្ស​នៅលើ​ដំបូល និង​សុំ​កុំ​ដំឡើងថ្លៃ​សំបុត្រ​ធ្វើដំណើរ​។

ទី​២- ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​រប​ស់​ខ្លួន មុន​ពេលធ្វើ​ចរាចរណ៍​។​
​ទី​៣- អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ សូម​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ជាប់​ជាប្រចាំ។ ទី​៤- អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា ទោះ​ធ្វើដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា​។ ត្រូវ​ចងចាំ​ជានិច្ច​ថា “​មួកសុវត្ថិភាព​មួយ ជួយ​ការពារ​ជីវិត​បាន​ម្នាក់​”​។

ទី​៥- អ្នកបើកបរ ត្រូវ​បន្ថយល្បឿន​បើកបរ​របស់ខ្លួន ទៅតាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល​ល។ មូលហេតុ​ចម្បង ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺ​ការបើកបរ​លើស​ល្បឿន​កំណត់ ៦- អ្នកបើកបរ​មុននឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា ផ្លូវ​ខាងមុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព​ជៀសវាង​ការ​វ៉ា​ជែង ដោយ​ប្រថុយប្រថាន ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។

ទី​៧- អ្នកបើកបរ ត្រូវគោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បើកបរ​បន្ថយល្បឿន នៅពេល​ជិត​ដល់​ផ្លូវ​ប្រសព្វ និង​ត្រូវ​ទុក​សិទ្ធិ​ឲ្យ​អ្នកបើកបរ ដែល​ធ្វើ​ចរាចរណ៍ នៅលើ​ផ្លូវធំ និង​ត្រង់ ទៅមុន​។

ទី​៨- មិន​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន និង​សូម​ចងចាំ​ជានិច្ច​នូវ​ពាក្យស្លោក “​បើ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរ​”​។ ស្ថានភាព​ស្រវឹង នឹង​បង្ក​ឲ្យ​អ្នកបើកបរ​បាត់​ការ​ចងចាំ វង្វេងស្មារតី មិនអាច​បញ្ជា​យាន​បាន​ដោយ​សុវត្ថិភាព ងាយ​ប្រឈម​នឹង​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។

ទី​៩- នៅពេល​បើកបរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ការយោគយល់​អធ្យាស្រ័យ​ទៅវិញទៅមក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ឬ​សម្រួល​ស្ថានភាព​កកស្ទះ​ចរាចរណ៍​។

របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧-២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស សរុប​ចំនួន ៥២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២៦​នាក់ របួសស្រាល ២៨​នាក់ និង​របួសធ្ងន់ ៥២​នាក់ ។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥២​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ ចំនួន ៦៦​គ្រឿង រថយន្ត​តូច ២៤​គ្រឿង រថយន្ដ​ធំ ៣​គ្រឿង ហើយ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ ប្រជែង បត់​គ្រោះថ្នាក់ និង​ស្រវឹង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ កាលពី​ឆ្នាំ​២០១៩ បើ​ប្រៀបធៀប​នឹង​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៨ គឺ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​បុណ្យ​ភ្ជុំបិណ្ឌ កាលពី​ឆ្នាំ​២០១៩ ថយ​ចុះ ០១​លើក ចំនួន​អ្នកស្លាប់ ថយ​ចុះ ០២​នាក់ និង​អ្នករងរបួស ថយចុះ​ចំនួន ០៥​នាក់​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114