​កម្ពុជា​បណ្ដេញ​ជនបរទេស​ម្នាក់ ​ក្រោយ​​ធ្វើ​សកម្មភាព​ ​​​​ផ្ដិត​ទឹក​មាត់​​លើ​លុយ​​​​​ក្លែងក្លាយ​ដាក់​លើ​ទូ​ATM​ជា​ច្រើន​កន្លែង​នៅ​​ភ្នំពេញ

ជនបរទេស​​ដែល​ផ្តិត​ទឹក​មាត់​​លើ​លុយ​​ដុល្លារ​​ក្លែងក្លាយ​បោះដាក់​លើទូ ATM ជាច្រើន​កន្លែងនៅរាជធានី​ភ្នំពេញ​ត្រូវ​បាន​អាជ្ញាធរ​បណ្តេញចេញ​ និង​ហាមឃាត់លែងឱ្យចូល​កម្ពុជា​រហូត​(blacklist)។នេះបើយោង​តា​មប្រភពពីសមត្ថកិច្ចបាន​ប្រាប់​គេហទំព័រកម្ពុជាថ្មី​នៅ​ថ្ងៃ​នេះ។ បុរសរូបនេះគឺជាជនជាតិអាមេរិក ត្រូវ​បានសង្ស័យ​ថា មានចេតនា​ចម្លងមេរោគ Covid-19 លើ​ក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ ខណៈកម្ពុជា​កំពុង​ប្រយុទ្ធនឹងជំងឹដ៏កាចសាហាវនេះ។ ​

ជនបរទេស​រូបនេះ​បាន​ធ្វើ​សកម្មភាព កាល​ពី​ពេល​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ និង​ត្រូវ​សមត្ថកិច្ចចាប់បានកាលពីថ្ងៃទី ២៧ ខែមីនា វេលាម៉ោងប្រមាណ​៧និង៣០នាទី ខណៈកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអង្គុយនៅគោលដៅ ដើម្បីបង្កានិង បង្រ្កាប បទល្មើសផ្សេងៗ ហើយក៏ប្រទះឃើញបុរសជនជាតិបរទេសរូបនេះ នៅចំណុចម៉ាត តាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន លុះនៅវេលាម៉ោង ៨យប់ថ្ងៃដដែល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ (ក៥) បានសហការជាមួយអធិការខណ្ឌចំការមន, អធិការខណ្ឌដូនពេញ និងមន្រ្តីសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ ឃាត់ខ្លួនបុរសជនបរទេសនៅចំនុចមុខផ្ទះលេខ១០៣ តាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវលេខ២១៤ ជិតស្តុប ត្រសក់ផ្អែម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចប្រគល់ឲ្យមន្រ្តីសុខាភិបាលដើម្បីយកទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពចាក់អង្រែ តែម្តង ៕