​កិច្ចប្រជុំ​ ស្ដីពី​ការ​ជំរុញ​ទីផ្សារ​សម្រាប់​គាំទ្រ​ផលិតកម្ម​កសិកម្ម​រប​ស់​ប្រជាកសិករ​ ទូទាំង​ក្នុង​ខេត្ត​
BREAKING NEWS
Search

​កិច្ចប្រជុំ​ ស្ដីពី​ការ​ជំរុញ​ទីផ្សារ​សម្រាប់​គាំទ្រ​ផលិតកម្ម​កសិកម្ម​រប​ស់​ប្រជាកសិករ​ ទូទាំង​ក្នុង​ខេត្ត​

បន្ទាយមានជ័យ​៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​កំពុង​ជំរុញ​ទីផ្សារ​សម្រាប់​គាំទ្រ​ផលិតកម្ម​កសិកម្ម​រប​ស់​ប្រជាកសិករ​ទូទាំង​ក្នុង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា ​ឆ្នាំ​២០២០ ក្នុង​សាលប្រជុំ​សាលា​ខេត្ត​។

កិច្ចប្រជុំ​ខាង​លើ មាន​ការចូលរួម​ពីលោក​លី​ សារី ​អភិបាលរង​ខេត្ត​ លោក​ប៉ុក​ ឡា​ជី ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​​ចូលរួមផងដែរ​។

​លោក​ប៉ុក ​ឡា​ជី​ បាន​មានប្រសាសន៍ថា​ សព្វថ្ងៃនេះ​ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ​មន្ត្រី​ពាក់ព័ន្ធ​ កំពុង​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព ដើម្បី​ទាក់​ទាញ​ទំនុក​ចិត្ត​ពី​ដៃគូ​អភិវឌ្ឍន៍ និង​បង្កើន​ប្រាក់ចំណូល​ជូន​ដល់​ប្រជាកសិករ​ក្រីក្រ​ក្នុង​ខេត្ត​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ បំណង​របស់​គម្រោង ​ផ្តោត​សំខាន់​ការ​អភិវឌ្ឍ​លើ​ការ​វាយតម្លៃ​ផលិតផល មាន​ដូចជា ស្រូវ ដំឡូង​មី មាន់​ស្រែ បន្លែ ដោយ​ត​ភ្ជាប់​ជាមួយ​ផលិតកម្ម និង​ទីផ្សារ​ទាំង​អស់ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សំដៅ​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍​ជាតិ​។​

លោក​បានបញ្ជាក់​បន្ថែម​ថា​ ការដាំដុះ​ដំណាំ ​និង​ចិញ្ចឹម​សត្វ​ក្នុងស្រុក​នោះ​ ដើម្បី​ផ្គត់ផ្គង់​លើ​ការ​ហូប​ចុក​ប្រចាំថ្ងៃ​របស់​ប្រជាកសិករ ក៏​ចង់​បង្ហាញ​ស្នាដៃ​របស់​ខ្មែរ​ផលិត​ក្នុងស្រុក ​ឲ្យ​ប្រជាពលរដ្ឋ​ជាតិ អន្តរជាតិ​បានដឹង។ ​ចង់​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុងស្រុក ​និង​ក្រៅ​ស្រុក​ ឲ្យ​ងាក​មក​គាំ​ទ្រ​ការ​ដាំ​ដំណាំ​ក្រុង​ស្រុក ដែល​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ពិតៗ ក៏ដូចជា​ជួយ​ស្វែងរក​ទីផ្សារ​ដល់​អ្នក​ដាំ​ទៀត​ផង​។​

លោក​បាន​បន្ត​ទៀតថា ​ការដាំដុះ​ដំណាំ​ទូទៅ និង​ចិញ្ចឹម​សត្វ​ ដើម្បី​ផ្គត់ផ្គង់​លើ​ការហូបចុក​នេះ ​ចង់​ឲ្យ​ជនជាតិ​បរទេស​មក​ចាប់អារម្មណ៍​លើ​ការ​ដាំដុះ​របស់​ខ្មែរ ​និង​ក៏​ដូច​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ឲ្យ​គេ​បាន​ស្គា​ល់​ពី​ស្នាដៃ​របស់​ខ្មែរ​ ដែល​បាន​បន្សល់ទុក​តាំងពី​ដូនតា​យើង​ជា​យូរ​មក​ហើយ​។​ ពិសេស​យើងទាំងអស់គ្នា ​ត្រូវ​ជួយ​គាំទ្រ​ការដាំដុះ​បន្លែ​គ្រប់មុខ​របស់​យើង ជាជាង​យក​បន្លែ​មកពី​ក្រៅ​ស្រុក ជា​ហេតុ​នាំ​ឲ្យ​អាជីវករ​អ្នក​ដាំ​ដុះ​បាក់​ទឹកចិត្ត​ក្នុង​ការ​ដាំដុះ និង​ត្រូវ​ចូលរួម​លុបបំបាត់​ការ​នាំ​ចូល​បន្លែ​ដឹក​ចូល​មកពី​ប្រទេសជិតខាង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​ខ្លួន​យើង​ទៀតផង។

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ លោក​លី ​សារី ​បាន​មានប្រសាសន៍ថា ​អ្វីដែល​ជាការ​ចង់បានរ​បស់​ប្រជាកសិករ​គឺ​ប្រាក់ចំណូល ​យើង​ត្រូវធ្វើ​ឲ្យ​ប្រាកដ​ថា កសិករ ​នឹងមិន​ដួលរលំ ឬ​បរាជ័យ​ក្នុង​មុខរបរ​ដាំ​ដុះ​បន្លែ ចិញ្ចឹម​សត្វ​នេះឡើយ។ ដូច្នេះ​សូម​មន្ត្រី​ទាំងអស់ ប្រឹងប្រែង​អនុវត្ត​ការងារ​របស់ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ជាមួយ​ប្រជាកសិករ​ឲ្យ​បាន​ម៉ត់ចត់​បំផុត​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ គោលបំណង​សំខាន់​ នៃ​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យ​ឡើងវិញ ដោយ​ផ្តោតទៅលើ​ការវាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​ការ​ដាំដុះ​របស់​ប្រជាកសិករ ចិញ្ចឹម​សត្វ ការកំណត់​នូវ​បញ្ហា​ប្រឈម ប្រតិបត្តិការ​បច្ចេកទេស និង​ហានិភ័យ ដែល​អាច​ជះឥទ្ធិពល​ដល់​គោលដៅ​អភិវឌ្ឍន៍​គម្រោង និង​ការ​ជំរុញ​ទីផ្សារ​សម្រាប់​គាំទ្រ​ផលិតកម្ម​កម្ម​កសិកម្ម​របស់​ប្រជាកសិករ​ទូទាំង​ក្នុង​ខេត្ត​តែម្ដង​៕

សូមចុចអាន ៖ គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៦ ​ខែ​មេសា​ កើតឡើង​៩​លើក​ស្លាប់​៦​នាក់ ​របួសធ្ងន់​ស្រាល​៩​នាក់


អត្ថបទ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114