ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Andre Gomes អាច​នឹង​វិលត្រឡប់​មកកាន់​ការប្រកួត​វិញ​នៅ​ដំណាច់​រដូវ​កាល​នេះ​

​ខ្សែបម្រើ Andre Gomes របស់​ក្លិប Everton​អាច​នឹង​លេង​ម្តងទៀត​បាន​មុន​ដំណាច់​រដូវ​កាល​នេះ ក្រោយ​ការវះកាត់​លើ​របួស​កជើង​របស់គាត់ បាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកចាត់ការ Marco Silva បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​២៦​ឆ្នាំ​ម្នាក់នេះ បាន​បាក់ឆ្អឹង​នៅត្រង់​កជើង​ស្តាំ​របស់​គាត់ ក្រោយ​ការទា​ក់ជើង​កីឡាករ Son Heung-min របស់​ក្រុម​Spurs​អំឡុង​ការ​ទាត់​ស្មើ​១-១​របស់​ពួកគេ​កាលពី​ថ្ងៃអាទិត្យ​។

​លោក Silva បាន​និយាយ​ថា ព័ត៌មាន​ពី​គ្រូពេទ្យ​របស់​ក្លិប​បាន​ឲ្យ​ដឹងថា ការវះកាត់​កាលពី​ថ្ងៃ​ចន្ទ បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ហើយ​ពួកគេ​បាន​អះអាងថា កីឡាករ​ម្នាក់នេះ នឹង​អាច​វិលត្រឡប់​មកលេង​វិញ​បាន​នៅ​ដំណាច់​រដូវ​កាល​នេះ ពោលគឺ​អំឡុង​ពេល​ពាក់​កណ្តាលខែ​ឧសភា​ឆ្នាំក្រោយ​។

​លោក Silva បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មុន​ការប្រកួត​នា​ចុង​សប្តាហ៍​នេះ​ជាមួយ​ក្រុម Southampton ថា វា​មិន​ងាយស្រួល​នោះទេ​សម្រាប់​ពួកយើង​ក្នុងការ​កំណត់​កាលបរិច្ឆេទ​ពិតប្រាកដ​ពី​ការវិលត្រឡប់​មកលេង​វិញ​របស់​កីឡាករ Gomes​។

លោក​បន្តថា ប៉ុន្តែ​អ្វី​ដែ​លោក​ទទួលបាន​ព័ត៌មាន​ពី​ក្រុមគ្រូពេទ្យ​របស់​ក្លិប គឺ​គាត់​នឹង​អាច​វិលត្រឡប់​មកលេង​វិញ​បាន​នៅក្នុង​រដូវ​កាល​នេះ​។

​លោក Silva ដែល​ក្រុម​របស់លោក​កំពុង​ត្រូវការ​ពិន្ទុ​ខ្លាំង​ដោយសារតែ​ពួកគេ​ឈរ​នៅតែ​១​កាំ​ពីលើ​តំបន់​គ្រោះថ្នាក់​នៅ​បាត​តារាង Premier League​បាន​និយាយថា លោក​យល់​ពី​អារម្មណ៍​សោកស្តាយ​របស់​កីឡាករ Son​និង​កីឡាករ​កូ​ឌី​វ័រ Serge Aurier ។

សូម​បញ្ជាក់​ថា កីឡាករ Gomes​បាន​ដួល​ទៅ​ទាំង​កម្រោល បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​កីឡារ Son ហើយ​សន្ទុះ​រត់លឿន​រប​ស់គា​ត់ បានធ្វើ​ឲ្យ​គាត់​ដួល​មកលើ​កីឡាករ Aurier​ទាំង​កម្រោល​តែម្តង​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114