​ក្រុម​ការងារ​​បច្ចេកទេស​ចាប់​ផ្ដើម​​​​សិក្សា​លើ​គម្រោង​ស្តា​ឡើងវិញ​​ប្រលាន​​យន្តហោះ​ខេត្ត​បាត់​ដំបង​​

ក្រុម​ការងារ​​បច្ចេកទេស​​កាល​ពី​សប្ដាហ៍​មុន​បាន​ផ្ដើម​សិក្សា​លើ​គម្រោង​ស្តា​ឡើង​វិញ​​ប្រលាន​យន្តហោះ​ខេត្ត​បាត់​ដំបង​។ នេះ​បើ​យោង​តាម​​ប្រសាសន៍​​លោក​ ងួន​ រតនៈ អភិបាល​​ខេត្ត​បាត់​ដំបង​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​​​​ ដែល​​រៀប​ចំ​ ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​នេះ។​

លោក​បាន​បន្ថែម​​ថា យោង​តាម​ដំណើរ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ ក្រុម​ការងារ​​ដែល​ដឹក​នាំ​ដោយ​​លោក​ សក់​ សេដ្ឋា ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ​បាន​ធ្វើ​ការ​សិក្សា​កាល​ពី​សប្ដាហ៍​មុន​ទៅ​លើ​លទ្ធភាព​​សម្បទាន​ប្រលាន ​​​ថា​តើ​ទាម​ទារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​បន្ថែម​ទៀត​​មុន​នឹងដាក់ឱ្យដំណើរការ​​ ខណៈ​ប្រលាន​​នេះ​បាន​សម្ពោធ​កាល​​ពី​ឆ្នាំ​១៩៦៨​ ដែល​បម្រើ​ឱ្យ​ការ​ហោះ​ហើរ​យន្តហោះ​ខ្នាត​តូច​។ ​ការ​សិក្សា​នេះ​​ក្រុម​​ការងារ​​ក៏​ចង់​ពិនិត្យ​ទៅ​​លើ​លទ្ធភាព​​ទីផ្សារ​បច្ចុប្បន្ន​ ក្នុង​ករណី​ពង្រីក​​ផ្លូវ​ហោះ​ហើរ​ធំ​​ជាង​បច្ចុប្បន្ន​​​អាច​ទៅ​រួច​ដែរ​ឬ​ទេ?។

“អញ្ចឹង​ការ​សិក្សា​បាន​​ចាប់​ផ្តើម​ហើយ​ ឯកឧត្តម​ សក់​ សេដ្ឋា រដ្ឋលេខាធិការ​​ប្រចាំ​ការ​ក្រសួង​​មហាផ្ទៃ​បាន​​ដឹក​​នាំ​ក្រុម​ការងារ​ហ្នឹង​ ក្រុម​ទី​១ ក្រុម​ទី​២​ ​រដ្ឋបាល​ខេត្ត​ជាមួយ​នឹង​ ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​​​បាន​បង្កើត​ក្រុម​ការងារ​​មួយ​សិក្សា​ផល​ប៉ះពាល់​​នៅ​ទីនោះ​ មាន​​បងប្អូន​​ប្រជាពលរដ្ឋ​ដែល​ជា​មន្រ្តី​រាជការ​បម្រើ​ការងារ​នៅ​ទីនោះ​បាន​រស់​នៅ​មួយ​ចំនួន​ដែរ។ដូច្នេះ​យើង​ធ្វើ​ការងារ​ពីរ​​ទន្ទឹម​​គ្នា​​”។

​​គម្រោង​​ស្តា​ឡើង​វិញ​ប្រលានយន្តហោះ​នេះ រដ្ឋបាល​​ខេត្ត​បាត់​ដំបង​មិន​ទាន់​អាច​វាយ​តម្លៃ​ថា​​ តើ​អស់​ថវិកា​ប៉ុន្មាន​នៅ​ឡើយ។ នេះ​បើតាម​លោក ងួន រតនៈ​។

កាល​ពី​ពេល​​ថ្មី​ៗ​មក​នេះ​​លោក​ ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាមួយលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅសាលាខេត្តបាត់ដំបង​ ខណៈ​គោលបំណបងនៃជំនួបពិភាក្សានេះគឺ លោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) បានធ្វើបទបង្ហាញអំពីគម្រោងជូនលោក​ អភិបាលខេត្ត ហើយលោកមានបំណង​មក​វិនិយាគលើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះ​ប្រភេទខ្នាតតូច។

លោកបន្តថា នេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើន​ក្នុងខេត្តបាត់ដំបង ។ លោក​ ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ។ លោកបានបន្តទៀតថា បើគម្រោងនេះទទួលបានជោគជ័យ​គឺងាយ​ស្រួល​ដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត៕

អត្ថបទ៖ នីតា

ចុចអាន៖ អតីតប្រលានយន្តហោះខេត្តរតនគិរី​ នឹង​ត្រូវអភិវឌ្ឍន៍សម្រាប់​ផល​ប្រយោជន៍សាធារណៈ


​​