ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Inter Milan និង Napoli​កំពុង​រង​សំពាធ​ខ្លាំង ខណៈដែល​ក្រុម​ជើង​ខ្លាំង Juventus ប៉ះ​ជាមួយ​ក្រុម​ដុនដាប AC Milan

ក្រុម Inter Milan និង​ក្រុម Napoli នឹង​វិលត្រឡប់​មកលេង​ការប្រកួត Serie A វិញ ក្រោយ​មាន​សប្តាហ៍​ដ៏​ខកចិត្ត​នៅ​អឺរ៉ុប​សម្រាប់​ក្រុម​យក្ស​អ៊ីតាលី​ទាំង​២​នេះ ខណៈពេលដែល​ក្រុម Juventus រកបាន​កៅអី​លេង​របស់​ពួកគេ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League​។

ក្រុម Juventus មាន​២៩​ពិន្ទុ​ក្រោយ​លេង​បាន​១១​ប្រកួត ពោលគឺ​មាន​១​ពិន្ទុ​នាំ​មុន​ក្រុម Inter Milan ក្នុងនោះ​ក្រុម Roma​មាន​៦​ពិន្ទុ​តាម​ពីក្រោយ និង​ឈរ​នៅ​លេខ​រៀង​ទី​៣​។

ដោយឡែក ក្រុម Napoli​ឈរ​នៅ​លេខ​រៀង​ទី​៧ ក្រោយ​លេង​៣​ប្រកួត​ដោយ​គ្មាន​រកបាន​ជ័យជំនះ​ណា​ម្តង​ឡើយ​។

ជ័យជំនះ​លើ​ក្រុម​ត្រ​ដាប​ត្រ​ដួល AC Milan​នឹងធ្វើ​ឲ្យ​ក្រុម Juventus​បន្ត​ការ​នាំមុខ​ក្រុម Inter Milan​ដែល​នឹងធ្វើ​ម្ចាស់ផ្ទះ​ជាមួយ​ក្រុម Verona​ក្រោយ​បរាជ័យ​២-៣​នៅ Champions League​ជាមួយ​ក្រុម Borussia Dortmund ។

ក្រោយពី​បណ្តោយ​ឲ្យ​ការ​នាំមុខគេ​២​គ្រាប់​មុន ពេល​ប៉ះ​ជាមួយ​ក្រុម​អាល្លឺម៉ង់ ត្រូវ​អសារ​បង់​នោះ ក្រុម Inter Milan​របស់លោក Antonio Conte​ត្រូវ​ការលេង​ខ្លាំង​ជា​ចាំបាច់​ជាមួយ​ក្រុម Verona​ដែល​បច្ចុប្បន្ន កំពុង​រង​សំពាធ​ខ្លាំង ក្រោយ​ពេលដែល​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ​ស្រែក​ប្រកាន់​ជាតិ​សាសន៍​មកលើ​កីឡាករ Mario Balotelli របស់​ក្រុម Brescia កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។

​លោក Conte បាន​និយាយថា បរាជ័យ​នេះ ត្រូវតែ​ធ្លាក់​មកលើ​រូបលោក ហើយ​លោក​គិតថា វា​ក៏​ធ្លាក់​មកលើ​ក្រុម​កីឡាករ​របស់លោក​ផងដែរ​។ លោក​បន្តថា ពួកយើង​បាន​បង្កើត​កំហុស ហេតុ​ដូច្នេះហើយ​ពួកយើង​ត្រូវតែ​ចេះ​កែ​កំហុស​ខ្លួនឯង​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114