BREAKING NEWS
Search

​គ្រឿងញៀន​នៅ​ក្លឹប « ម៉ៃ​អា​មី » តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ ដល់​១២​ឆ្នាំ

ភ្នំពេញ ៖ ម្ចាស់​ក្លឹប​រាត្រី យីហោ « ម៉ៃ​អា​មី »​ និង​បក្សពួក​ចំនួន​៧​នាក់ ដែល​ពាក់ព័ន្ធ​បទល្មើស​ផលិត​គ្រឿងញៀន រក្សាទុក និង​ជួញ​ដូរ​សារធាតុ​ញៀន ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា ប្រកាស​សាលក្រម​ កាលពី​ព្រឹក​ថ្ងៃទី​១២​ ខែ​មិថុនា ឆ្នាំ​២០២០​នេះ សម្រេច​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​កំណត់​ពី​៥​ឆ្នាំ ដល់​១២​ឆ្នាំ។​

ជន​ត្រូវ​ចោទ​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​ទាំងនេះ​រួមមាន ៖
ទី​១/ ឈ្មោះ ស្រេង វីរៈ ហៅ​លាក់ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ ជា​មេការ​ក្លឹប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគារ​កំណត់​១២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤០​លាន​រៀល។​
ទី​២/ ឈ្មោះ ស្រី កា អាយុ​២២​ឆ្នាំ ជា​មេការ​ និង​ជា​គណនេយ្យ​ក្លឹប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣០​លាន​រៀល។​
ទី​៣/ ឈ្មោះ ដាំ សារ៉ាត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​សន្តិសុខ​ក្លឹប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល។​
ទី​៤/ ឈ្មោះ សារ៉ូ សា​ដែន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​សន្តិសុខ​ក្លឹប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល។
ទី​៥/ ឈ្មោះ មិន សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​តុ​ក្លឹប​ និង​លក់​ចែកចាយ​គ្រឿងញៀន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២០​លាន​រៀល។​
ទី​៦/ ឈ្មោះ អ៊ិន ស្រី​ពេជ្រ អាយុ​២៣​ឆ្នាំ ជា​អ្នក​រត់​តុ និង​លក់​ចែកចាយ​ថ្នាំញៀន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២០​លាន​រៀល។
ទី​៧/ ឈ្មោះ ប៊ុន រ័ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នក​រៀបចំ​ឆាក​តន្ត្រី​ក្នុង​ក្លឹប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២០​លាន​រៀល។
ទី​៨/ ឈ្មោះ ញឹម សុខុន ភេទ​ស្រី ត្រូវ​ផ្ដន្ទាទោស​កំបាំងមុខ​ដាក់​ពន្ធនាគារ​កំណត់​៧​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន​៣០​លាន​រៀល និង​ចេញ​ដីកា​បង្គាប់​ឲ្យ​​ចាប់ខ្លួន​ឈ្មោះ​នេះ​មក​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​តុលាការ។

សាលក្រម​នេះ​ ប្រកាស​ជា​សាធារណៈ​ ក្រោយពី​តុលាការ​បាន​លើក​យក​មក កាលពី​ថ្ងៃ​ទី​០២​ ខែ​មិថុនា ឆ្នាំ​២០២០ បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

តាម​អង្គហេតុ​ នៃ​រឿង កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រំលង​អធ្រាត្រ ​ចំណុច​ក្លឹប​កម្សាន្ត «​ម៉ៃ​អា​មី​» មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​ក្លឹប​នេះ​ទាំង​ស្រុង​តែម្ដង ដោយ​ចាប់​ឃាត់ខ្លួន​មនុស្ស​ទាំង​ស្រី ប្រុស​ចំនួន​៥៨​នាក់។ ក្នុងនោះ ៣២​នាក់ ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​រឹបអូស​គ្រឿងញៀន​ច្រើន​ប្រភេទ​ ទម្ងន់​សរុប​ជាង​១០​គីឡូក្រាម ព្រមទាំង​សម្ភារៈ​ផលិត​គ្រឿងញៀន​យ៉ាង​ច្រើន​ផង​ដែរ​។ ប៉ុន្តែ​ក្នុងចំណោម​មនុស្ស​ប្រុស/ស្រី​ទាំង​៣២​នាក់​ដែល​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន មានតែ​មនុស្ស​៧​នាក់​ប៉ុណ្ណោះ ​ត្រូវ​បញ្ជូន​ឡើង​តុលាការ ហើយ​ចៅ​ក្រម​ស៊ើបសួរ ឈ្មោះ ថា​ន់ ឡេង បានសម្រេច​ឃុំខ្លួន​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​ចោទ​ឈ្មោះ ស្រេង វីរៈ ដែល​ជា​ម្ចាស់​ក្លឹប និង​មេការ​ពីរ​នាក់ ​ពី​ប​ទ​ល្មើស «​ផលិត ជួញដូរ រក្សាទុក ចាត់ចែង​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​»។​

ចំណែក​បក្ខពួក​៤​នាក់​ទៀត ត្រូវ​ចោទប្រកាន់​ពី​បទ «​សមគំនិត​ក្នុង​អំពើ​ជួញដូរ រក្សាទុក ចាត់ចែង​ប្រើប្រាស់ និង​សម្រួល​ឲ្យ​ប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​»។​

នៅ​ក្នុង​សវនាការ ​កាលពី​ថ្ងៃទី​០២​ ខែ​មិថុនា ឆ្នាំ​២០២០​នេះ ក្រុម​ជនជាប់ចោទ​បាន​បដិសេធ​ថា​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ក្នុង​ក្លឹប​រាត្រី​នោះ​ទេ។ ​ពួកគេ​ម្នាក់ៗ​បាន​ចោទ​ប៉ូលិស​ថា ​ធ្វើ​ទារុណកម្ម​ដើម្បី​ឲ្យ​ពួកគេ​ផ្ដិតមេដៃ​លើ​កំណត់ហេតុ​សួរចម្លើយ ហើយ​ថែមទាំង​ធ្វើជា​មិន​ស្គាល់​គ្នា និង​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ជំរំ​គ្រឿងញៀន​ដ៏​សម្បើម​នោះ។ បន្ទាប់មក​នៅ​ដំណាក់​កាល​ចុងក្រោយ ពួកគេ​បាន​ឆ្លើយ​ថា​ ឈ្មោះ ញឹក សា​ខន ភេទ​ស្រី គឺ​ជា​ម្ចាស់​ក្លឹប​ម៉ៃ​អា​មីនេះ។​

ទោះបីជា​ពួក​ជន​ត្រូវ​ចោទ​បដិសេធ​ក៏ដោយ ប៉ុន្តែ​តំណាង​អយ្យការ លោក សឿ ឡងឌី បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ រក្សាទុក​បទ​ចោទ​លើ​ជនសង្ស័យ​ដដែល និង​ស្នើ​ឲ្យ​ក្រុមប្រឹក្សាតុលាការ​សម្រេច​តាមច្បាប់។​

លោក លិ សុខា ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​កំណត់​យក​ថ្ងៃ​ទី​១២​ ខែ​មិថុនា ឆ្នាំ​២០២០​ ដើម្បី​ប្រកាស​សាលក្រម។​

សូម​បញ្ជាក់​ថា គ្រឿងញៀន​ប្រមាណ​ជាង​១០​គីឡូក្រាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទាំង​យប់​នៅ​ក្លឹប «​ម៉ៃ​អា​មី​»​នោះ រួម​ទាំង​ឧបករណ៍​ជក់ និង​កែច្នៃ​យ៉ាង​ច្រើន​នៅ​ក្នុង​ក្លឹប​ផងដែរ។​
ចំពោះ​ម្ចាស់​ក្លឹប «​ម៉ៃ​អា​មី​» ឈ្មោះ ស្រេង វីរៈ ហៅ​លាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ផង​ដែរ ហើយ​ចេញពី​ពន្ធនាគារ​វិញ នៅ​ឆ្នាំ​២០១៥​កន្លងទៅ៕
អត្ថបទ ៖ មករា​

សូមចុចអាន ៖ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ខុសច្បាប់​៣​នាក់ ​ត្រូវ​ប៉ូលិស​ស្រុក​បាទី​បង្ក្រាប



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114