​ជប៉ុន​ស្វាគមន៍​ភ្លើង​គប់​កីឡា​អូឡាំពិក ស្រប​ពេល​មាន​ភាព​ស្រពិចស្រពិល​ចំពោះ​ព្រឹ​ត្តិការណ៍ Games

​ភ្លើង​គប់​កីឡា​អូឡាំពិក បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​សុក្រ ស្របពេល​ដែល​មាន​ភាព​ស្រពិចស្រពិល​ថា​តើ ព្រឹ​ត្តិ​ការណ៍ Tokyo Games នឹង​អាច​បន្ត​តាម​ការ​គ្រោងទុក​ឬ​យ៉ាងណា ខណៈដែល​មានការ​រីក​រាលដាល​សកល​នៃ​ជំងឺ COVID-19​។

ក្រុម​អ្នករៀបចំ បាន​ធ្វើ​ការ​សម្រេចចិត្ត​រួច​ទៅ​ហើយ​ក្នុង​ការ​កាត់បន្ថយ​ព្រ​ត្តិការណ៍​ពាក់ព័ន្ធ​នឹង​ការ​រត់​បណ្តាក់ ខណៈ​ដែល​ពិភពលោក កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៩​ពាន់​នាក់​នៅ​ទូទាំង​សកលលោក និង​គំរាមកំហែង​ដល់​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​។

ភ្លើង​គប់​កីឡា​អូឡាំពិក​នេះ បាន​ធ្វើ​ដំណើរ​មកដល់​តាម​ជើងហោះហើរ​ពិសេស ដែល​បាន​ចុះចត​នៅ​មូលដ្ឋាន​ទ័ពអាកាស Matsushima ស្ថិតក្នុង​ខេត្ត Miyagi ប្រទេស​ជប៉ុន។

ប៉ុន្តែ​កុមារ​២០០​នាក់ ដែល​គ្រោង​នឹង​ស្វាគមន៍​ភ្លើង​គប់​នេះ ត្រូវ​បាន​លុប​ចោល​វិញ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 ដែល​បាន​ឆ្លង​មនុស្ស​៩០០​នាក់​នៅក្នុង​ប្រទេស​ជប៉ុន។

ការ​រត់​បណ្តាក់ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៦ ខែមីនា ខាងមុខ ចាប់ពី​ភូមិ​កីឡា J-Village ស្ថិតនៅក្នុង​ទីក្រុង Fukushima ជា​កន្លែង​ដែល​ជួប​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ បង្កឡើង​ដោយសារ​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ កាលពី​ឆ្នាំ​២០១១​។

លោក Toshiro Muto គឺជា​ប្រធាន​ប្រតិបត្តិ​ក្រុម​រៀបចំ​ព្រឹ​ត្តិ​ការណ៍ Tokyo 2020​បាន​និយាយ​ថា ការ​រត់​បណ្តាក់​ភ្លើង​គប់​កីឡា​អូឡាំពិក គឺជា​ព្រឹ​ត្តិ​ការណ៍​ធំ​បំផុត មុន​ព្រឹ​ត្តិ​ការណ៍​កីឡា​អូឡាំពិក​។ វា​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​ពួក​យើង ដើម្បី​រត់​បណ្តាក់ ទោះ​ត្រូវ​ចំណាយ​អ្វី​ក៏ដោយ​។ វា​គឺជា​ឱកាស​មួយ​ឲ្យ​មនុស្ស​នៅក្រៅ​ទីក្រុង​តូ​ក្យូ មាន​អារម្មណ៍​ជិតស្និត​ជាមួយ​កីឡា​អូឡាំពិក​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114