​ដំណឹងល្អ! រដូវ​ធ្វើប្រហុក​ ផ្អក បាន​មក​ដល់​ហើយ​ប្រជាពលរដ្ឋ​អាច​នេសាទ​ត្រី​ដើម្បី​ធ្វើ​ប្រហុក ផ្អក​បាន​ច្រើន​ចាប់​ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩

ភ្នំពេញ ​៖​ លោក​អេង ជា​សាន ប្រតិភូ ទទួលបន្ទុក រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ កាលពី​ ​​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩​​ បាន​ចេញ​សេចក្ដី​ ជូនដំណឹង​មួយ​ដោយ​បាន ធ្វើការ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ធ្វើ​ប្រហុក​ផ្អក ទុក​បរិភោគ​ទាន់​រដូវ​ត្រី​ត្រូវ​ចាប់ពី​ថ្ងៃ​ទី​៥ រហូតដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩។

យោង​តាម​សេចក្ដីជូនដំណឹង​ របស់​រដ្ឋបាល​ជលផល​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ធ្នូ​ បាន​ឲ្យ​ដឹង​ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៩-២០២០​នេះ​ បន្ទាប់ពី​ បាន​ធ្វើ​ការសង្កេត តាមដាន​លើ​កម្ពស់​ទឹក ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប ឃើញ​ថា ទឹកបាន​ស្រក​ចុះ​យ៉ាង​លឿន ដែល​មិន​ធ្លាប់​ជួបប្រទះ ក្នុង​រយៈកាល​កន្លងមក។ ទឹក​ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប​ស្រក​ចុះ​យ៉ាង​លឿន​បែបនេះ ធ្វើ​ឲ្យ​គន្លង​ដាយ​នៅ​តាម​ដង​ទន្លេសាប ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន ក្នុង​ខែ​មិគសិរ​នេះ គឺ​ចាប់​ពី​ថ្ងៃ​៩​កើត ដល់​ថ្ងៃ​១៣​កើត ត្រូវ​នឹង​ថ្ងៃ​ទី​៥ រហូតដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ។

​យោង លើ​ស្ថានភាព ដូច​បាន​ជម្រាបជូន​ខាងលើ រដ្ឋបាល​ជលផល ស្នើសុំ​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ -​ល​-​។ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ មេត្តា​អញ្ជើញ​មក​ទិញ​ត្រី ក្នុង​ខែ​មិគសិរ​នេះ ឲ្យ​បាន​រួសរាន់ តាម​ពេលវេលា​និង​ទីកន្លែង ដូច​បាន​ជម្រាបជូន​ខាងលើ។

ជាមួយគ្នានេះដែរ រដ្ឋបាល​ជលផល សូម​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មេត្តា បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ បាន​ធ្វើ​ដំណើរ​ទៅមក ស្នាក់នៅ​ និង​ដឹកជញ្ជូន​ផលិតផល​ត្រី​កុំ ឲ្យ​មានការ​រាំងស្ទះ​តាម​ការគួរ៕
ឌួង​វិ​រៈ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114