BREAKING NEWS
Search

​បាល់ទាត់​អាមេរិក​ខាងត្បូង​នឹង​ចាប់ផ្តើម​ការប្រកួត​ជាមួយនឹង​ការធានា​កម្រិត​អតិបរមា​ស្របពេល​វិបត្តិ​ជំងឺ COVID-19

ប្រធាន​សម្ព័ន្ធ​បាល់ទាត់​អាមេរិក​ខាងត្បូង​(CONMEBOL)​លោក Alejandro Dominguez បាន​និយាយប្រាប់​ក្រុម​សុខា​គ្រូពេទ្យ​របស់​សមាគម​ក្នុង​តំបន់​ទាំង​១០ តាម​វីដេអូ​ខ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បាល់ទាត់​អាមេរិក​ខាងត្បូង នឹង​ចាប់ផ្តើម​ជាមួយនឹង​ការធានា​ក្នុង​កម្រិត​អតិ​មរ​មា សម្រាប់​សុខភាព​របស់​ក្រុម​កីឡាករ និង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រកួត​មួយ។

បាល់ទាត់​នៅ​អាមេរិក​ខាងត្បូង ត្រូវ​បាន​ផ្អាក ចាប់តាំងពី​ពាក់​កណ្តាល​ខែមីនា​រហូត​មក ដោយសារ​ការ​រីក​រាល​ដាល​ឆ្លង​សកល​នៃ​ជំងឺ COVID-19 ។

លោក Dominguez បាន​និយាយ​ថា នឹង​មាន​នូវ​ការឆ្លើយតប​ប្រកបដោយ​ការ​សម្របសម្រួល និង​ស្រប​ដូចគ្នា ដើម្បី​ឲ្យ​បាល់ទាត់​អាច​វិលត្រឡប់​មកវិញ​បាន​ជាមួយនឹង​ការធានា​ក្នុង​កម្រិត​អតិបរមា​សម្រាប់​អ្នក​រាល់គ្នា។

លោក Gonzalo Belloso គឺជា​នាយក​ក្រុម​គ្រប់គ្រង​ការអភិវឌ្ឍន៍​របស់ CONMEBOL បាន​និយាយ​ថា ទោះបីជា​យ៉ាងណាក៏ដោយ គណៈ​គ្រប់គ្រង​បាល់ទាត់​អាមេរិក​ខាងត្បូង​មួយ​នេះ ត្រូវ​រង់ចាំ​មើល​ថា​តើ​ប្រទេស​នីមួយៗ​នឹង​ចាត់វិធានការ​បែប​ណា​ខ្លះ មុន​ពេល​សម្រេចចិត្ត​លើ​ពេលវេលា​ចាប់ផ្តើម​ការប្រកួត​ក្លិប​កំពូល Copa Libertadores។

លោក Belloso បាន​និយាយ​ថា បញ្ហា​ដែល​ពិបាក​ជាងគេ​បំផុត​ដែល​យើង​ប្រឈម គឺ​ការ​ធ្វើ​ចំណាក​របស់​ក្រុម និង​អាកាសយានដ្ឋាន ហើយ CONMEBOL សង្ឃឹមថានឹង​អាច​ចាប់ផ្តើម​នៅ​ពេល​តែមួយ​នឹង​ការចាប់ផ្តើម Champions League របស់​អឺរ៉ុប​ដែរ នៅក្នុង​ខែកញ្ញា​ខាងមុខ។

លោក​បាន​បន្ត​ថា ពួក​យើង​នឹង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល។ ពួក​យើង​មិនអាច​យក​ជីវិត​មនុស្ស​មកលេង​សើច​បាន​នោះទេ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114