​បុរសម្នាក់ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ដោយគ្មានអ្នកណាដឹង
BREAKING NEWS
Search

​បុរសម្នាក់ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ដោយគ្មានអ្នកណាដឹង

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញស្លាប់អណ្តែតទឹកស្ទឹង នៅវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងស្ទឹងខាងលិចអាង ភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ ចម្ងាយពីភូមិប្រហែល៣៥០ម៉ែត្រ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ព្រេក គា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ ។

លោកវរសេនីយ៍ទោ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោងកើតហេតុនោះប្រជាពលរដ្ឋបានប្រទះឃើញ សពអណ្តែតទឹកស្ទឹង នៅចំណុចក្នុងស្ទឹងខាងលិចអាងភូមិបត់ត្រង់ រួចបានរត់មករាយការណ៍ឲ្យនគរបាលប៉ុស្តិ៍និងបង្កើតក្រុមការងារ ដើម្បីពិនិត្យ ដោយមានសមាសភាពចូលរួម កម្លាំងអធិការដ្ឋាននគរបាលស្រុក នគរបាលប៉ុស្តិ៍ មេឃុំសំរោង មេភូមិធ្មេញត្រី។

តាមការពិនិត្យបានធ្វើការសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារទៅឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ព្រោះនៅជាប់និងខ្លួនមានដងឆក់ និងអាគុយ  ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ណ្ធ និងករណីមនុស្សឃាតឡើយ។ ក្រោយពីពិនិត្យរួច សពត្រូវ​បាន​ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ គង្គា