​មន្ទីរ​ពាណិជ្ជកម្ម​ ៖ បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​ផលិតករ អាជីវករ​
BREAKING NEWS
Search

​មន្ទីរ​ពាណិជ្ជកម្ម​ ៖ បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​ផលិតករ អាជីវករ​

​កណ្តាល​ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់ ត្រូវ បន្តធ្វើ​សហប្រតិបត្តិ​ការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បញ្ចៀស​ដាច់ខាត​ការ​ទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​ផលិតករ អា​ជីវករ ដែល​ផ្ទុយ​ពី​ខ្លឹមសារ ប្រកាស​រួម​ស្តី​ពី​កម្រង​សេវា​សាធារណៈ​រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ការណែនាំ​របស់លោក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើ​ឡើង នៅក្នុង​ពិធី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល​ថ្មី នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្តាល កាលពី ថ្ងៃទី​២១ ឧសភា​ម្សិលមិញ។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ដោយ​ក្តី​មោទនភាព​ចំពោះ​វ​ឌ្ឍ​ភាព និង​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​នៃ​អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តកណ្តាល សម្រាប់​បម្រើ​ការងារ និង​ជា​កន្លែង​ផ្ដល់​សេវាកម្ម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​លើ​វិស័យ​ពាណិជ្ជកម្ម​។

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី ក៏បានផ្ដល់​អនុសា​ស​ន៍​ណែនាំ​នូវ​ចំណុច​មួយចំនួន ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ដូចជា ទី​១-​ស្នើឱ្យ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម បន្ត​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ពង្រីក​ចំណេះ​ដឹងខ្លួន​បន្ថែម​ទៀត ទាំង​កម្រិត​ជំនាញ និង​ភាសាបរទេស តាមរយៈ​ការសិក្សា​បន្ថែម ការស្រាវជ្រាវ និង​ដកស្រង់​នូវ​បទពិសោធន៍​ពី​មន្ត្រីរាជការ​នៅ​ក្រសួងពាណិជ្ជកម្ម​។

ទី​២-​ស្នើ​ឲ្យ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម បន្តធ្វើ​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ជាពិសេស​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ដាក់ចេញ​គោលនយោបាយ​ពាណិជ្ជកម្ម សំដៅ​ជួយ​សម្រួល​ពាណិជ្ជកម្ម និង​សម្រួល​ដល់​ការនាំចេញ​។

ទី​៣-​បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ​ពី​ផលិតករ អាជីវករ ដែល​ផ្ទុយ​ពី​ខ្លឹមសារ ប្រកាស​រួម​ស្តីពី​កម្រង​សេវាសាធារណ​:​រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​ទី​៤-​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ស្នើសុំ​គ្រប់​ស្ថាប័ន​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ អំពី​ការការពារ​ជំងឺ​នេះ ដល់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ឱ្យធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឱ្យ​កាន់តែ​ទូលំទូលាយ ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​យើង​ឆ្លង​ផុតពី​រលក​ជំងឺ​នេះ ជា​លើក​ទី​២ ទៀត​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា វិស័យ​ពាណិជ្ជកម្ម ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​វិស័យ​គន្លឹះ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដោយសារ​ប្រទេស​យើង​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ពង្រីក​ផលិតកម្ម​ក្នុងស្រុក និង​សម្រាប់ធ្វើ​ពិពិធ​កម្ម ការនាំចេញ​ទៅកាន់​ទីផ្សា​រ​អន្តរជាតិ​។ ក្រសួងពាណិជ្ជកម្ម ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​កំពុងធ្វើការ​ងារ​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​យុទ្ធសាស្ត្រ​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បច្ចុប្បន្ន​ឱ្យបាន​ទាន់ពេលវេលា​។

ជាក់ស្តែង​ក្រសួង​កំពុងតែ​អនុវត្ត យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ដែលជា​គោលនយោបាយ​ពាណិជ្ជកម្ម​ជំនា​ន់ទី​បួន និង​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​វេទិកា​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​នៃ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពី​ខែកក្កដា ឆ្នាំ​២០១៩​។ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ជា​ផែនទី​បង្ហាញផ្លូវ​ដែលមាន​ភាពស៊ីចង្វាក់​គ្នា និង​ប្រទាក់ក្រឡា​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​មួយ​ចំនួន​ទៀត៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114