​មុខរបរ​ធ្វើ​ម្ទេស​ឆ្អើរ​របស់​អ្នកស្រុក​សង្កាត់​ផ្សារឆ្នាំង​​ចែករំលែកឲ្យ​អ្នកស្រុកមួយ​ចំនួនទៀត​មានការ​ងារ​ធ្វើ និង​អាច​រក​ចំណូល​ប្រចាំថ្ងៃ​បាន​​

កំពង់ឆ្នាំង​៖ ​ប្រជាពលរដ្ឋ​ភូមិ​កណ្តាល​ ​សង្កាត់​ ​ផ្សារឆ្នាំង​ ​ក្រុង​ កំពង់ឆ្នាំង​ ​ក្នុងពេលនោះ​ ​ក្រោយ​ផុតពី​ ​រដូវ​ធ្វើ​ត្រីឆ្អើរ​ ​ពួកគាត់​បាន​នាំគ្នា​ប្រមូល​ផល​ផ្លែ​ម្ទេស​ប្លោក​ពី​ចម្ការ​ មក​ស្រុះ​និង​រៀប​ហាលថ្ងៃ​អោយ​ក្រៀម​ ធ្វើជា​ម្ទេស ឆ្អើរ​លក់ ​ដែលជា​មុខរបរ​បន្ទាប់បន្សំ​តាម​រដូវ​កាល​ នៃ​ដំណាំ​ដាំ​ដុះ​នៅក្នុង​មូលដ្ឋាន​នេះ​ ដើម្បី​រួមចំណែក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។



​លោកស្រី​ គឹម ប៊ុណ្ណា ​អាយុ​៤៤ កំពុង​ស្រុះ​ផ្លែ​ម្ទេស​ប្លោក​ ​ដើម្បី​តម្រៀប​លើ​ថែប​យក​ទៅ​ហាល​ឲ្យ​ក្រៀម​ជា​ម្ទេស​ឆ្អើរ​នោះ​ ​នៅ​ល្ងាច ​ថ្ងៃ​ទី​១៨​ ​ខែកុម្ភៈ ឆ្នាំ​២០២០​ បានឲ្យ​ដឹងថា​ ក្រុមគ្រួសារ​គាត់​បាន​ប្រកប​មុខរបរ ​ធ្វើ​ម្ទេស​ឆ្អើរ តាម​រដូវកាល​ជា​រៀងរាល់​ឆ្នាំ​ ​ដែល​មកដល់​ថ្ងៃនេះ​ការ​ប្រមូល​ផល​ផ្លែ​ម្ទេស​ប្លោក ​គឺជា​ដំណាក់កាល​ទី​១​នៅឡើយ​។ ​កាលពីដើម ​រដូវ​ផ្លែ​ម្ទេស​ប្លោក​មានតម្លៃ​ថ្លៃ​ គឺ​គាត់​បាន​ទិញ​ក្នុង​១​គីឡូ ៣​ពាន់​រៀល ​ពេល​យកមក​ធ្វើជា​ម្ទេស​ឆ្អើរ​លក់​បោះ​ដុំ​បាន​ក្នុង​១​គីឡូក្រាម​ជាង​២​ម៉ឺន​រៀល​។ ​ក្នុង​ដំណាក់​កាល​ទី​២​ ​កណ្តាល​រដូវ​នេះ​ ​គាត់​បាន​ទិញ​ផ្លែ​ម្ទេស​ប្លោក​ពី​អ្នកចំការ​ក្នុង​១​គីឡូ​ថ្លៃ​២​ពាន់​រៀល ​ពេលធ្វើ​បានជា​ម្ទេស​ឆ្អើរ​ហើយ​យកទៅលក់​បោះ​ដុំ​អោយ​ម៉ូយ​នៅ​ផ្សារលើ​បាន​ថ្លៃ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ចំណែក​ម៉ូយ​គេ​យកទៅលក់​បោះ​ដុំ​បន្ត​នៅ​ក្រុងភ្នំពេញ បាន​ថ្លៃ​ជាង​២​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​។



លោកស្រី គឹម ប៊ុណ្ណា ​បាន​បញ្ជាក់​ទៀតថា ​មុខរបរ​ធ្វើ​ម្ទេស​ឆ្អើរ​លក់​នេះ​ ​ត្រូវ​ចំណាយ​ជួល​អ្នក​ស្រុក​ក្នុង​ភូមិ​ទាំង​ក្មេង​ទាំង​ចាស់​ ​ជួយ​វះ​ផ្លែ​ម្ទេស​ប្លោក​ជា​២ ​ដែល​តម្លៃ​ឈ្នួល​ក្នុង​១០០​គីឡូក្រាម​ថ្លៃ​១​ម៉ឺន​រៀល ឯ​តម្លៃ​ជួល​តម្រៀប​ផ្លែ​ម្ទេស ​ដាក់​លើ​ថែប​ក្នុង​១​ថែប​ៗ​ថ្លៃ​ ​៨០០​រៀល​ទៀត ​ដែល​អ្នកស្រុក​ក្នុង​ភូមិ​អា​ចរក​ប្រាក់​ចំណូល​ពី​ការ​វះ​ផ្លែ​ម្ទេស​នេះ​ ក្នុង​ម្នាក់ៗ ក្នុង​១​ថ្ងៃៗ បាន​ពី​ ១៥០០០​ទៅ ទៅ​២៥០០០​រៀល ​ផងដែរ​។ ​ដោយ​ឡែក​ ​នៅ​ពាក់​កណ្តាល​រដូវ​នេះ​ ​ក្នុង​១​ថ្ងៃ​គាត់​អាច​ទិញ​ផ្លែ​ម្ទេស​ប្លោក​ពី​អ្នក​​ចម្ការ​បាន​ពី​១០០០ ទៅ ១២០០ គីឡូ​ក្រាម​ ​ដើម្បី​យក​មក​ធ្វើ​ម្ទេស​ឆ្អើរ​លក់​។

​ចំណែក​របៀប​ធ្វើ​ម្ទេស​ឆ្អើរ​វិញ​នោះ​ ​លោកស្រី គឹម ប៊ុណ្ណា ​បាន​និយាយ​ឲ្យ​ដឹង​ថា ​ដំបូង​គេ​ត្រូវ​យក​ផ្លែ​ម្ទេស​មក​វះ​បំបែក​ជា​២ ​ហើយ​ត្រូវ​យក​ទៅ​ស្រុះទឹកក្តៅ​ ​នៅក្នុង​ទឹក​ក្ដៅ​នោះ​ ​គេ​ត្រូវដាក់​អំបិល​បន្តិច ដើម្បី​ឲ្យ​ផ្លែ​ម្ទេស​ស្វិត​ល្អ​ ​និង​អាច​ទុក​បាន​យូរ​។ ​បន្ទាប់មក​គេ​ត្រូវ​យក​ផ្លែ​ម្ទេស​នោះ​ទៅ​ស្រុះ​អោយ​ឆ្អិន​ល្មម​ ​ហើយ​យក​ទៅ​តម្រៀប​លើ​ថែប​ហាលថ្ងៃ ពី​២​ថ្ងៃ ទៅ​៣​ថ្ងៃ​ឲ្យ​ក្រៀម​ល្អ ​ទើប​យក​មក​ច្រក​កា​រ៉ុង​ទុក​នៅ​កន្លែង​ត្រជាក់​សម្រាប់​ទុក​លក់​បន្ត​។ ​ចំពោះ​មុខរបរ​នេះ ​គឺ​ធ្វើ​បានតែ​ក្នុង​រដូវ​កាល​នៃ​ការដាំដុះ​ម្ទេស​តែប៉ុណ្ណោះ​ ​ដែល​អាច​រកប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​បាន​មួយ​ចំនួន​ផងដែរ​។​ ​មិន​តែ​ប៉ុណ្ណោះ​មុខរបរ​នេះ​​ក៏​អាច​ឲ្យ​​អ្នកស្រុក​ក្នុង​ភូមិ​មួយ​ចំនួន​មានការ​ងារ​ធ្វើ​ ​ដែល​អាច​រក​បាន​ប្រាក់​ចំ​ណូល​ប្រចាំថ្ងៃ​បាន​ពី​១៥០០០​រៀល ទៅ ២៥០០០​រៀល ក្នុង​១​ថ្ងៃៗ ​ទាំង​ក្មេង​ទាំងចាស់​ ​មួយ​រយៈ​ផង​ដែរ៕


ឈៀង ថា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114