​លិខិតមិត្តអ្នកអាន៖ “សម្តេច ហ៊ុន សែន វីរៈបុរស របស់ពលរដ្ឋខ្មែរ “

“ទីណាមានទុក្ខ ទីនោះមានមុខ សម្តេចតេជោ សែន” នេះគឺជាពាក្យដែលគេតែងលឺពលរដ្ឋខ្មែរនិយាយ និងជាពាក្យស័ក្តិសមឥតខ្ចោះសម្រាប់ពិពណ៌នាបុរសម្នាក់ឈ្មោះថា “ហ៊ុន សែន” ហើយសកម្មភាពពីរចុងក្រោយនេះ  ដែលសម្តេចហ៊ុន សែន បានធ្វើ ពិតជាបានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំរូបនេះពិតជាវីរៈបុរស របស់ជនជាតិខ្មែរពិតៗឥតប្រកែក​បានឡើយ។

សកម្មភាពទី១ គឺ​ពាក់ព័ន្ធនឹងករណីបាក់រលំអាគារ​៧ជាន់ ក្នុងក្រុងព្រះសីហនុ​ កាលពីខែមិថុនា ឆ្នាំ​២០១៩ និងការបាក់រលំអាគារកម្ពស់​៦ ជាន់ក្នុងខេត្តកែប កាលពីរសៀលថ្ងៃទី​៣ ខែមករា  ឆ្នាំ​២០២០ នេះ បានចាក់ចំបេះដូងខ្ញុំ ជាយុវជនម្នាក់ក៏ដូចជាបេះដូងពលរដ្ឋខ្មែរទូទាំងប្រទេស​។ សកម្មភាពនេះបានរម្លឹកឲ្យយើង នឹកឃើញឡើងវិញនូវវីរៈភាពគ្រប់បែបយ៉ាង ដែលសម្តេច ហ៊ុន សែន បានធ្វើស្ទើរពេញមួយជីវិត​របស់ខ្លួន ដើម្បីតែបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា និងជនរួមជាតិជាទីស្រឡាញ់របស់គាត់ពោល គឺ​មួយជីវិតនេះ សម្តេចតេជោ សែន កើតមក ដើម្បីតែបម្រើប្រទេសជាតិ និងប្រជាជនរបស់លោកតែប៉ុណ្ណោះ។

ជាក់ស្តែង គ្រាន់តែបានទទួលដំណឹងពីការបាក់រលំអាគារ ក្នុងខេត្តកែប ភ្លាម​សម្តេច ហ៊ុន សែន បានទុកការងារផ្សេងៗមួយអន្លើ ជាពិសេសបានបោះបង់ចោលទាំងស្រុងការសម្រាកចុងសប្តាហ៍របស់ខ្លួន ដើម្បីប្រញាប់ប្រញាល់ធ្វើដំណើរទាំងយប់​ទៅកាន់ទីកន្លែងកើតហេតុ ដើម្បីដឹកនាំបញ្ជាផ្ទាល់ប្រតិបត្តិការជួយសង្គ្រោះជីវិតកម្មករ ដែលជាប់គាំងក្នុងគំនរបែកបាក់។ ក្នុងនាមនាយករដ្ឋមន្ត្រី សម្តេចតេជោ សែន បានឈរបញ្ជា នៅកន្លែងកើតហេតុដោយផ្ទាល់អស់ទាំងយប់ទាំងថ្ងៃដោយ មិនបានសម្រាកឡើយ។

ក្រៅពីចុះជាប់នៅកន្លែងកើតហេតុ ប្រមុខដឹកនាំរូបនេះក៏នៅបានឆ្លៀតទៅសួរសុខទុក្ខអ្នករងរបួសក្នុងមន្ទីរពេទ្យថែមទៀត។ សកម្មភាពជាច្រើនត្រូវបានចាត់ចែងធ្វើ ក្នុងពេលតែមួយ។ ជាក់ស្តែង ការបញ្ជាប្រតិបត្តិការជួយសង្គ្រោះ, ការឆ្លៀតសួរសុខទុក្ខអ្នកសម្រាកនៅមន្ទីរពេទ្យ, ការស្វះស្វែងរកថវិកាដើម្បីជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះទាំងអ្នករបួស និងអ្នកស្លាប់ ព្រមទាំង​ការប្រមូលព័ត៌មាននានាជុំវិញហេតុការណ៍ បាក់រលំអាគារដើម្បីធ្វើជា មូលដ្ឋានក្នុងការចាត់វិធានការដោះស្រាយជាក់ស្តែងជាបន្ត។ ខ្ញុំនៅចាំបានថា កាលពី​ហេតុការណ៍បាក់រលំអាគារ ក្នុងខេត្តព្រះសីហនុ គ្រាន់តែចុះពីលើយន្តហោះ មកពីកិច្ចប្រជុំក្រៅប្រទេសភ្លាម សម្តេច ហ៊ុន សែន ក្នុង​ភាព​ជាអ្នកដឹកនាំប្រទេសដែលជានិច្ចជាកាល មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជនរួមជាតិរបស់គាត់ ហើយ​ដែលតែងតែប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលការណ៍ និងគោលជំហរ “នៅរួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជនជា​ដាច់ខាត​” បានឡើងរថយន្តភ្លាមឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដោយមិនបានគិតពី​ការនឿយហត់នោះឡើយ។ ធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយរហូតដល់ម៉ោងរំលងអធ្រាត្រទើបទៅដល់គោលដៅ។ មិនបង្អង់យូរ បុរសក្នុងសម្លៀកបំពាក់យោធារូបនេះបានចុះទៅ ពិនិត្យមើលដោយផ្ទាល់ដល់កន្លែងកើតហេតុ និងបន្តស្ថិតនៅជាមួយក្រុមសង្គ្រោះរហូតដល់ទៀបភ្លឺ ទើបវិលទៅកន្លែងសម្រាក​ ប៉ុន្តែ​ទោះជាវិលទៅកន្លែងសម្រាកក៏ពិតមែន ក៏យើងបានដឹងថា សម្តេច ហ៊ុន សែន មិនអាចសម្រាកលង់លក់បានឡើយ នៅក្នុងខណៈពេលដែលប្រជាពលរដ្ឋរបស់គាត់កំពុងមានទុក្ខលំបាកដោយក្តី សោកសង្រេង​បែបនេះ។

កិច្ចកា​រ​ជាច្រើនត្រូវបាន​ប្រមុខរាជ​រដ្ឋាភិ​បាល​ចាប់​យក​មក​ពិនិត្យ និង​សម្រេច​ជា​បន្ទាន់ និងជាបន្ត​បន្ទាប់​ប្រកបដោយការ​ទទួល​ខុស​ត្រូវ។ ដៃម្ខាងបញ្ជាក្រុមការងារ ដើម្បី​រុករក​ជន​រង​គ្រោះដែល​កប់​ក្នុង​គំនរ បាក់​បែកនៃអាគារ រីឯដៃម្ខាងទៀតកាន់ប៊ិច ដើម្បីចារលើឯកសារ និងធ្វើសេចក្តីសម្រេចជាបន្ទាន់មួយចំនួន។ លើកនេះ ក៏ដូចលើកមុនដែរ ក្នុង​ទឹក​មុខ​ដ៏ក្រៀម​ក្រំ ក្នុងស្ថាន​ភាព​នឿយ​ហត់ អត់​ងងុយ​យ៉ាង​ណា ក៏​នាយក​រដ្ឋ​មន្ត្រី​រូប នេះ​មិន​ដែល​ត្អូញ​ត្អែរ​សូម្បី​មួយម៉ាត់​ឡើយ។ អារម្មណ៍របស់គាត់ គឺ​បានដិតជាប់​ជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលជាជន រួម​ឈាមរបស់គាត់ ហើយ​ដែល​គាត់​ចាត់ទុកដូចជាសាច់ញាតិរបស់ខ្លួនយ៉ាងដូច្នោះដែរ។

ដោយ​សារ​គាត់​មាន​សញ្ជាតិ​ញាណជាខ្មែរ និង​មាន​ញាណពិសេសជាប់​ខ្លួន​តាំងពីកំណើត សម្តេច ហ៊ុន សែន មានអារម្មណ៍​រសាប់រសល់​ក្នុង​ក្តី​រំពឹង​ថា អាច មាន​មនុស្ស ដែល​នៅ​រស់​រានមាន​ជីវិតនៅ​ឡើយ​កំពុងកប់ក្នុងគំនរឥដ្ឋ និងដែក ដែលជាបំណែក នៃការបែកបាក់របស់អាគារ។ ញាណពិសេសនេះហើយដែល បានជំរុញចិត្តគាត់ឲ្យបញ្ជាទៅក្រុមរុករកឲ្យបង្កើនសកម្ម​ភាព ដើម្បីជួយសង្គ្រោះ។ ទីបំផុតទាំងនៅខេត្តព្រះសីហនុ ទាំងនៅខេត្តកែប ញាណពិសេសរបស់​សម្តេចបានជំរុញឲ្យក្រុមសង្គ្រោះជួយសង្គ្រោះជីវិត មនុស្សជាបន្តបន្ទាប់ចេញពីគំនរ បាក់បែក។ ខ្ញុំយល់ថា បើគ្មានការដឹកនាំបញ្ជាផ្ទាល់ពីមេដឹកនាំកំពូលដូចសម្តេចហ៊ុន សែន ទេនោះ និងបើគ្មានក្រុមជួយសង្គ្រោះដ៏សកម្មមោះមុតបែបនេះទេ ម៉្លេះសមគ្មានជីវិតនៅរស់សូម្បីតែម្នាក់ឡើយ។

ដោយក្តីរំភើប ក្តុកក្តួល អួលដើមក និងហូរទឹកភ្នែកមិនដឹងខ្លួន នាយករដ្ឋមន្ត្រីរូបនេះ ក៏បានឡើង​ជិះរថយន្តអមដំណើរជនរងគ្រោះទៅកាន់មន្ទីរពេទ្យដោយផ្ទាល់។ នៅលើលោកនេះ តើមានមេដឹកនាំរូបណាដែលអាចធ្វើបានដូច្នេះ? តើមានមេដឹកនាំរូបណាដែលមាន សមានចិត្តដក់ជាប់ជាមួយប្រជាពលរដ្ឋពិតៗយ៉ាងដូច្នេះ?។ នេះគ្រាន់តែជាសកម្មភាព២ ចុងក្រោយក្នុងចំណោម សកម្មភាពជាច្រើនរាប់មិនអស់ដែលបុរសឈ្មោះ ហ៊ុន សែន បានធ្វើជាមួយជនរួមជាតិរបស់គាត់។

កាលពីជាង៤០ ឆ្នាំមុន គាត់ធ្លាប់​បានយកជីវិតធ្វើដើមទុន ដើម្បី​សង្គ្រោះខ្មែរទូទាំងនគរឲ្យរួចផុតពីវាលពិឃាតនៃរបបអាវខ្មៅ ចន្លោះពីឆ្នាំ​១៩៧៥ ដល់​១៩៧៩។ កាលណោះ នៅពេលដែលឃើញជនរួមជាតិរបស់ខ្លួនកំពុងធ្លាក់ក្នុងរណ្តៅមរណៈ បុរសម្នាក់ នេះបានចាកចោលផ្ទះសម្បែង ចោលប្រពន្ធកូនជាទីស្រឡាញ់ដើម្បីចេញទៅរកវិធីជួយសង្គ្រោះពលរដ្ឋខ្មែរឲ្យរួចផុតពីសេចក្តីស្លាប់។ ខុស​ពីមនុស្សមួយចំនួនដែលចាកចេញពីស្រុក ដើម្បីគេចយករួចខ្លួនពី សេចក្តី ស្លាប់តែម្នាក់ឯង បុរសឈ្មោះ ហ៊ុន សែន បានចាកចេញពី​ស្រុកកំណើត បែកក្រុមគ្រួសារ ប្រពន្ធកូន និងប្រថុយជាមួយ​សេចក្តីស្លាប់គ្រប់ប្រការ គឺដើម្បីរំដោះខ្មែររាប់លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់។ នេះគឺជា​បេសកកម្មធំដំបូងគេបង្អស់មួយរបស់បុរស ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា​សព្វថ្ងៃ។ បេសកកម្មនេះ ក៏បានសម្រេចដូច​បំណងនៅថ្ងៃ​ ៧​មករា ឆ្នាំ ១៩៧៩។ ទោះយ៉ាងណា បេសកកម្មរបស់គាត់នៅមិនទាន់ចប់ត្រឹមការរំដោះខ្មែររួចផុតពីស្លាប់នោះទេ។ នៅមានកិច្ចការជាច្រើនទៀតដែលសម្តេច ហ៊ុន សែន ត្រូវបំពេញ​នោះ គឺ​ដៃម្ខាងការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់វិញ, រីឯដៃម្ខាងទៀតស្តារប្រទេសជាតិឡើងវិញ ពីគំនរផេះផង នៅក្រោមសម្ពាធអន្តរជាតិជុំទិស។ ទោះបីជារបបប៉ុល ពត បានដួល​រលំ ក៏ពិតមែន ប៉ុន្តែ​កម្លាំងរបស់ពួកខ្មែរក្រហមនៅបន្តមាននៅឡើយ និងបន្តរំខានសេចក្តី​សុខសាន្តរបស់ពលរដ្ឋខ្មែរគ្រប់ពេល។ សូម្បីតែមានអន្តរាគមន៍ពី អង្គការសហប្រជាជាតិក៏នៅតែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជាបានដែរ។

ក្នុងស្ថានភាពបែបនេះ បុរសឈ្មោះ ហ៊ុន សែន ដែលបាន​ចាប់កំណើតលើផែនដីនេះ ក្នុងនាមជា​អ្នកជួយសង្គ្រោះខ្មែរ ក៏បានរកឃើញនូវរូបមន្តដ៏ស័ក្តិសសិទ្ធបំផុតមួយដើម្បីបញ្ចប់សង្គ្រាម។ រូបមន្តនោះគឺ “នយោបាយឈ្នះៗ” មានន័យថា ការបញ្ចប់សង្គ្រាមដោយមិន​ចាំបាច់ធ្វើសង្គ្រាម។ តាមរយៈ​រូបមន្តដ៏កម្រនេះ កម្ពុជាក៏បានស្គាល់សន្តិភាពពេញលេញចាប់ពីឆ្នាំ​១៩៩៨ រហូតមក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាដើម​ឆ្នាំ​២០២០​នេះ ពលរដ្ឋ​ខ្មែរគ្រប់ទិសទីបានគាំទ្រ ប្រ​កប​ដោយក្តីអំណរនូវសារ នយោបាយ “អរគុណ​សន្តិភាព” ដែល​បាន​ផ្តល់​ឲ្យ​ពួក​យើង​នូវអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។

ប្រទេសជាតិមានសន្តិភាព គឺជាពេលវេលាដែលត្រូវអភិវឌ្ឍន៍។ កម្ពុជា​ដែល​ធ្លាប់​តែស្ងាត់ជ្រងំ, ភ្នំពេញ ដែលធ្លាប់ជាទីក្រុងខ្មោច​បានប្រែក្លាយជាប្រទេសដែលមានចរាចរណ៍អ៊ូរអ និងមានសំណង់​លូតលាស់គ្រប់ទិសទី។ ភ្នំពេញ​បានក្លាយ​ជារាជធានី ដែលណែនណាន់ ដោយមនុស្ស​ម្នា យានយន្ត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក។ ភ្នំពេញ​ដែលធ្លាប់តែនៅឆ្ងាយដាច់សង្វែងពីខេត្តនានា បានក្លាយជាជិតបង្កើយដោយសារតែមានផ្លូវថ្នល់ខ្វែងខ្វាត់ រលោងស្រិល ស្ពានឆ្លងទន្លេព្រោងព្រាង រីឯយានជំនិះក៏សម្បូរបែប។ អាគារខ្ពស់ទាបរីកដុះដាលព្រោង​ព្រាត ដូច​ផ្សិតត្រូវទឹកភ្លៀង​ គឺក្នុងបរិបទនៃការអភិវឌ្ឍន៍នេះហើយ ដែលសំណង់អាគារ មួយចំនួនតូច គឺយ៉ាងតិចតួចបំផុត ដែលជួបបញ្ហារលំបាក់បើធៀប នឹងអាគារច្រូងច្រាងពាសពេញប្រទេស ដែលបានងើបឡើងក្នុងសម័យតេជោសន្តិភាព។

ទោះជាយ៉ាងនេះក៏ដោយ ក៏បុរសឈ្មោះ ហ៊ុន សែន មិនដែល​បោះបង់ចោលពលរដ្ឋរបស់ខ្លួនម្តងណាឡើយ។ រាល់ពេលដែល​ពលរដ្ឋជួបបញ្ហាដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ឬមានបញ្ហាធំៗផ្សេងទៀត ដូចជាករណីបាក់រលំអាគារពេលនេះជាដើម គេតែង​ឃើញមានវត្តមានរបស់បុរសឈ្មោះ ហ៊ុន សែន ចុះដល់ទីនោះជាដរាបដើម្បីរួមសុខរួមទុក្ខជាមួយជនរួមជាតិរបស់ខ្លួន។ ក្នុងនាមជាអ្នកដឹកនាំ បុរសម្នាក់​នេះ មិនដែលរត់ចោលប្រជាពលរដ្ឋ និងមិនដែលគេចវេសពីបញ្ហាឡើយ។ ផ្ទុយទៅវិញ ទីណាមានទុក្ខ ទីនោះពិតជាមានមុខសម្តេច ហ៊ុន សែន។ ដូច្នេះ គាត់ពិតជាវីរៈបុរស របស់ពលរដ្ឋខ្មែរយ៉ាង​ពិតប្រាកដ។ គុណសម្បត្តិរបស់គាត់មានទំហំធំធេងឥតគណនា ដែលគ្មានមេដឹកនាំខ្មែរណាអាចធ្វើបាននៅឡើយ។ គាត់​ត្រូវ​​បាន​ជនបរ​ទេសដាក់រហ័សនាមថា ជាបុរសខ្លាំង​របស់​កម្ពុជា។ ចំណុចខ្លាំងរបស់គាត់ គឺស្ថិត​នៅ​ត្រង់ថា គាត់​មិនត្រឹមតែជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឈន៍ប៉ុណ្ណោះទេ ប៉ុន្តែ​គាត់អាចឈរយ៉ាងរឹងមាំ ដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍន៍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរមិន​ឲ្យ​មានអ្នកណាអាចមកបំផ្លាញបានឡើយ។

ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់​សម្តេច ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទីជាពិសេសជនរងគ្រោះ ដោយហេតុការណ៍ណាមួយ។ បុរសរូបនេះហើយ ដែលជាវីរៈបុរសរបស់ពលរដ្ឋខ្មែរ យ៉ាងពិតប្រាកដ​នោះ គឺតេជោសែន ដ៏ជាទីកក់ក្តៅរបស់ពលរដ្ឋ និងជាពិសេសយុវជនខ្មែរ៕

ដោយ: និស្សិតឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ធកិច្ច​