BREAKING NEWS
Search

​លោក Ian Woan ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​៦​នាក់​ធ្វើតេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19​នៅ​ក្របខណ្ឌ Premier League

អ្នកចាត់ការ​ជំនួយការ​ក្លិប Burnley​លោក Ian Woan ត្រូវបាន​គេ​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​៦​នាក់​នៅ​ក្លិប​ចំនួន​៣​ក្នុង​ក្របខណ្ឌ Premier League​បានធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19 ។

លទ្ធផល​នេះ បាន​កើតមានឡើង ក្រោយ​ពេលដែល​ក្របខណ្ឌ Premier League​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រថា ពួកគេ​បានធ្វើ​តេស្ត​កីឡាករ និង​បុគ្គលិក​ក្លិប​ចំនួន ៧៤៨​នាក់ ដើម្បី​រក​ជំងឺ COVID-19​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ ។​

រុមមន្ត្រី Premier League​មិនបាន​បញ្ជាក់​ឈ្មោះ​អ្នក​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​នោះទេ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​របស់​ក្លិប Burnley​បាន​ឲ្យ​ដឹងថា ក្លិប Burnley Football Club​អាច​បញ្ជាប់​បាន​ថា ក្រោយ​ការ​បញ្ចប់​ការ​ធ្វើ​តេស្ត​រក​ជំងឺ COVID-19 កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា អ្នកចាត់ការ​ជំនួយការ Ian Woan បានធ្វើ​តេស្ត​វិជ្ជមាន​នៃ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ។

សេចក្តីថ្លែងការណ៍​នេះ បន្ត​ទៀត​ថា ដើម្បី​អនុវត្តន៍​តាម​តម្រូវការ​ដ៏​តឹងរ៉ឹង​របស់ Premier League​និង​បន្ទាប់ពី​ការធ្វើ​តេស្ត​វិជ្ជមាន​នេះ លោក Ian Woan នឹងដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក រយៈពេល​៧​ថ្ងៃ ពោលគឺ​លោក​នឹងធ្វើ​តេស្ត​ម្តងទៀត​នៅ​ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា ខាងមុខនេះ។

ពួកគេ​បាន​បញ្ជាក់​ថា លោក Ian​នៅ​មិនទាន់​លេចចេញ​រោគសញ្ញា​នោះ​ទេ ហើយ​បច្ចុប្បន្ន​លោក​មាន​សុវត្ថិភាព និង​កំពុងស្នាក់នៅ​ក្នុងផ្ទះ​រប​ស់លោក​។ លោក​នឹងចូលរួម​ចំណែក​នៅក្នុង​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ នៅពេលណា​ដែល​លោក​ជាសះស្បើយ​ពី​វីរុស​ហើយ​នោះ​។

សូម​បញ្ជាក់​ថា ក្លិប​នៅ Premier League​បានចាប់ផ្តើម​វិលត្រឡប់​មក​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម​តូចៗ​ឡើងវិញ កាលពី​ថ្ងៃ​អង្គារ ក្រោយ​មាន​ពិធីការ​លើ​វិធានការ​សុវត្ថិភាព ត្រូវបាន​ឯកភាព​កាលពី​ថ្ងៃ​ចន្ទ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114