​សមត្ថកិច្ច​បន្ត​នីតិវិធី​គ្រឿង​ញៀន​ឆ្លងដែន​២ករណី ឃាត់​ខ្លួន​៥នាក់​ ដក​ហូត​វត្ថុតាង​ជិត​៤​គីឡូក្រាម
BREAKING NEWS
Search

​សមត្ថកិច្ច​បន្ត​នីតិវិធី​គ្រឿង​ញៀន​ឆ្លងដែន​២ករណី ឃាត់​ខ្លួន​៥នាក់​ ដក​ហូត​វត្ថុតាង​ជិត​៤​គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កំពុង​បន្ត​នីតិវិធី ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន ០២​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៥​នាក់ រឹបអូស​គ្រឿងញៀន​ជិត ៤​គីឡូក្រាម រួមទាំង​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន​ធំ​ទៀត។

សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ករណី​ទី​១ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​យោធា​ការពារ ព្រំដែន​វៀតណាម ខេត្ត ឡុង​អាង បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​អាវុធ នៅ​ចំណុច​ទល់មុខ ច្រក​អន្តរជាតិ ប៊ិ​ញ​ហៀ​ប​- ព្រៃ​វ​ល្លិ៍ (​ខេត្តស្វាយរៀង​-​ឡុង​អាង​) ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ ត្រិ​ន ទួន​ខា​ញ់ ភេទ​ប្រុស ជនជាតិ​វៀតណាម ដកហូត គ្រឿងញៀន ទម្ងន់ ២០.៨ គ​.​ក្រ និង អាវុធខ្លី ៣​ដើម។

បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ភាគី​វៀតណាម រួចមក នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត ស្វាយរៀង និង​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោម​ការសម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ស្រា​ជ្រាវ ស៊ើបអង្កេត បន្ត​នៅ​គោលដៅ ផ្ទះ​លេខ ៨០ ផ្លូវ​លេខ​១០ បុរី ប៉េង ហួត ភូមិ​ព្រែកលៀប សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ១. ឈ្មោះ ឯក សារិទ្ធ ភេទ​ប្រុស កើត​ឆ្នាំ ១៩៨៦ ជនជាតិខ្មែរ (​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ទៅ​វៀតណាម​) ២. ឈ្មោះ សួន គីម​បូរ ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៧ ជនជាតិខ្មែរ (​អ្នកជួញដូរ​) ចាប់យក​សារធាតុ​ញៀន​សរុប ទម្ងន់ ២៤៦០.១៤​ក្រាម រួមមាន ៖ 1) ហេ​រ៉ូ​អ៊ី​ន (Heroin) ទម្ងន់ ២១៣៥.៥៧​ក្រាម​, 2) មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៤.៦៨​ក្រាម​, 3) អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ១៥៦.៥២​ក្រាម​, 4) កេ​តា​មីន​(Ketamine) ទម្ងន់ ១០.៩១​ក្រាម​, 5) នី​មេ​តា​ហ្ស៊េ​បា​ម ទម្ងន់ ២៧៥.១៨​ក្រាម​, 6) សារធាតុ​គីមី​ផ្សំ​ផ្សេងទៀត ទម្ងន់ ២៨៧.២២​ក្រាម រថយន្ត ២​គ្រឿង ម៉ូតូ ៣​គ្រឿង​, អាវុធខ្លី ១​ដើម និង អាវុធ​វែង ១​ដើម ។

ប្រភព​ព័​ត៌​មាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ករណី​ទី ២ កាលពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​ប្រតិបត្តិការ ស្រា​ជ្រាវ ស៊ើបអង្កេត បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​ពី​កម្ពុជា​ទៅ​តៃវ៉ាន់ នៅ ០៣​គោលដៅ​ផ្សេងៗ​ពីគ្នា ទី​១.​ស្ថិតនៅ​ចំណុច​ក្នុងភូមិ​គង្គា​ផុស​១ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ទី​២.​នៅ​ចំណុច​មុខ​សណ្ឋាគារ កាំបូឌីយ៉ាណា វិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង ទី​៣. នៅ​បន្ទប់​ជួល​លេខ ១២២២ ជាន់​ទី​១២ នៃ​ខូ​ន​ដូ Diamond One ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ ១. ឈ្មោះ ហាន រី​ណា ភេទ​ប្រុស កើត​ឆ្នាំ ១៩៩០ ជនជាតិខ្មែរ ២. ឈ្មោះ EGOR SERGIENKO កើត​ថ្ងៃ ០២/០៩/១៩៨៥ ភេទ​ប្រុស ជនជាតិ រុស្សី ៣. ឈ្មោះ LU CHAO FENG ភេទ​ប្រុស ជនជាតិ​ចិន (​តៃវ៉ាន់​) ចាប់យក​សារធាតុ​ញៀន សរុប ទម្ងន់ ១,៣៥៧.៨៥​ក្រាម រួមមាន ៖ ហេ​រ៉ូ​អ៊ី​ន (Heroin) ទម្ងន់ ១២២៨.០៨​ក្រាម មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៥.៥០​ក្រាម ទូរសព្ទដៃ៤ គ្រឿង​, រថយន្ត ២​គ្រឿង ម៉ូតូ ១​គ្រឿង​, ជញ្ជីង​ថ្លឹង ២​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់ មួយចំនួន។

ចំពោះ​បទល្មើស​គ្រឿងញៀន​នេះ សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កំពុង​បន្ត​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕
តារា​វុទ្ធី

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114