ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងប្រាប់ប្រជាពលរដ្ឋកុំឲ្យមានការបារម្ភអំពីសន្តិសុខនៅក្នុងរាជធានីភ្នំពេញ ការជ្រួលច្របល់ណាមួយ វាមិនអាចកើតមានទេ ហើយ ហ៊ុន សែន ក៏មិនមែនជាអ្នកដែលត្រូវឲ្យគេចាប់នោះដែរ។ រាជរដ្ឋាភិបាល មានច្បាប់របស់ខ្លួនដើម្បីចាប់អ្នកដែលប្រព្រឹត្តខុសនេះមិនមែនជាការគំរាមទេតែជាច្បាប់ទម្លាប់។ កាលថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងខណៈ ដែលប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខនៅរាជធានីភ្នំពេញហើយបានហៅកូនចៅដែលកំពុងធ្វើការនៅភ្នំពេញឲ្យត្រឡប់ទៅផ្ទះវិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងធ្វើការអំពាវនាវនេះនាព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា នៅក្នុងពិធីប្រកាសដាក់ឲ្យប្រើ«ផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣»នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកានេះនៅរាជធានីភ្នំពេញ។
សម្តេចតេជោមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះមានកង្វល់ពីសំណាក់មាតាបិតាចំពោះកូនជាកម្មករនៅភ្នំពេញក៏មានមួយចំនួនបានហៅឲ្យកូនត្រឡប់ទៅ ផ្ទះព្រោះខ្លាចមានបញ្ហាអសន្តិសុខនៅភ្នំពេញ។ សម្តេចបានធ្វើការបញ្ជាក់ថាវាគ្មានអ្នកណាមកវ៉ៃគ្នានៅកណ្ដាលទីក្រុងភ្នំពេញទេ។ អ្នកត្រូវធ្វើសកម្មភាពគឺគេធ្វើសកម្មភាពចំពោះតែមុខសញ្ញា ៩ នាក់តែប៉ុណ្ណោះយ៉ាងច្រើន។ ប៉ុន្តែអា៩នាក់នឹងវាមិនមកទេសូមកុំឆ្ងល់ពេក…។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «សុំកុំឲ្យមានការបារម្ភអំពីសន្តិសុខនៅក្នុងទីក្រុងភ្នំពេញការជ្រួលច្របល់ណាមួយវាមិនអាចកើតមានទេ ហើយហ៊ុនសែនក៏មិនមែនជាអ្នកដែលត្រូវឲ្យគេចាប់នោះដែរ។ អ្នកណាចាប់អ្នកណា រាជរដ្ឋាភិបាលមានច្បាប់របស់ខ្លួនដើម្បីចាប់អ្នកដែលប្រព្រឹត្តខុស អញ្ចឹងយើងអត់មានការគំរាមទៅជាមួយអ្នកណាទេតែជារឿងច្បាប់ទម្លាប់»។
សម្តេចតេជោមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះមានកង្វល់ពីសំណាក់មាតាបិតាចំពោះកូនជាកម្មករនៅភ្នំពេញក៏មានមួយចំនួនបានហៅឲ្យកូនត្រឡប់ទៅ ផ្ទះព្រោះខ្លាចមានបញ្ហាអសន្តិសុខនៅភ្នំពេញ។ សម្តេចបានធ្វើការបញ្ជាក់ថាវាគ្មានអ្នកណាមកវ៉ៃគ្នានៅកណ្ដាលទីក្រុងភ្នំពេញទេ។ អ្នកត្រូវធ្វើសកម្មភាពគឺគេធ្វើសកម្មភាពចំពោះតែមុខសញ្ញា ៩ នាក់តែប៉ុណ្ណោះយ៉ាងច្រើន ។ ប៉ុន្តែអា៩នាក់នឹងវាមិនមកទេសូមកុំឆ្ងល់ពេក…។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «ឥឡូវគាត់ពន្យារសំបុត្រយន្តហោះចេញពីប៉ារីសមកថ្ងៃទី ៩ ឯណោះមិនមែនមកថ្ងៃទី៧ឆ្លងកាត់ថៃថ្ងៃទី៨ ហើយមកស្រុកខ្មែរថ្ងៃទី៩ទេហើយមិនប្រាកដថា ចេញពីប៉ារីសទេ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណចំពោះកិច្ចសហការរបស់ប្រទេសឥណ្ឌូនេស៊ី,ម៉ាឡេស៊ីនិងជាពិសេសប្រទេសថៃដែលលោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីបានចេញមកថ្លែងកាលពីម្សិលមិញ។ សម្តេចបានបន្តឲ្យដឹងទៀតថា ក្នុងអំឡុងពេលប្រជុំអាស៊ាននៅទីក្រុងបាងកក សម្តេចបាន ធ្វើការជាមួយដៃគូទាំងអស់នៅក្នុងអាស៊ានដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់ស្ថិរភាពរបស់ប្រទេសកម្ពុជា។ សម្តេចបន្តថា ជាក់ស្តែង នៅម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី យប់មិញនេះកាន់ប៉ាស្ព័រអាមេរិកទេតែគេបណ្តេញចេញពីស្រុកគេ។ ប្រទេសនៅក្របខ័ណ្ឌអាស៊ានជាមួយគ្នាមានកិច្ចសហការគ្នា ដោយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នានោះទេ។ សម្តេចបន្តថា មានប្រទេសមួយចំនួនទៀតនៅក្រៅតំបន់អាស៊ានក៏គេមិនឲ្យចូល ប្រទេសគេនោះដែរព្រោះគេយល់។
សម្តេចបានបន្តថា សម្តេចតែងប្រាប់មិត្តបរទេសឲ្យបកប្រែអាសំដីដែលគេនិយាយឲ្យចេញទៅជាភាសា ដែលអ្នកឯងស្តាប់បានមើលបាន ព្រោះពេលដែលគេនិយាយជាអង់គ្លេសវាផ្សេង និង និយាយជាខ្មែរគឺមានន័យផ្សេង ដល់ពេលគេធ្វើតាមគេមើលទៅគឺ វាពិតជាហួសពីកម្រិតនៃការទាមទារសិទ្ធិ និង ប្រជាធិបតេយ្យ គេក៏មិនគាំទ្រ។
គួរបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍ម៉ាឡេស៊ីបានឃាត់ខ្លួនអ្នកស្រី មូរ សុខហួរ នៅក្នុងទឹកដីម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័តមាន Reuters នៅថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០១៩នេះ។ នៅយប់ថ្ងៃទី ៦ ខែវិច្ឆិកា អ្នកស្រី មូរ សុខហួរ បានហោះចេញពីឥណ្ឌូណេស៊ីទៅកាន់ម៉ាឡេស៊ី។
ក្នុងអំឡុង អ្នកស្រីស្ថិតនៅឥណ្ឌូណេស៊ីស្ថានទូតកម្ពុជានៅទីនោះបានស្នើឲ្យអាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួនអ្នកស្រីអាជ្ញាធរឥណ្ឌូណេស៊ីបានបណ្តេញអ្នកស្រី មូរ សុខហួរ ចេញពីប្រទេស។ រហូតទៅដល់ម៉ាឡេស៊ីក៏មានព័ត៌មានថា ម៉ាឡេស៊ី មិនអនុញ្ញាតឲ្យអ្នកស្រីចូលនិងរហូតមានព័ត៌មានថាអ្នកស្រីត្រូវឃាត់ខ្លួននៅថ្ងៃ ទី៧ខែវិច្ឆិកានេះ។ដោយឡែកសារព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយអត្ថបទមួយនារសៀលថ្ងៃទី ៦ ខែវិច្ឆិកានេះដោយបានដកស្រង់ការអះអាងរបស់លោក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូចា ដែលថាលោកសម រង្ស៊ី មិនអាចជាន់ទឹកដីថៃដើម្បីឆ្លងចូលប្រទេសកម្ពុជានោះឡើយ។ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា នៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះថា «យើងនឹងមិនអនុញ្ញាតឲ្យជនប្រឆាំងរដ្ឋាភិបាលណាមួយប្រើប្រាស់ទឹកដីថៃដើម្បីធ្វើចលនានយោបាយឡើយ។ ខ្ញុំបានដាក់បទបញ្ជាហើយដូច្នេះគាត់មិនអាចចូលមកបានទេ»។
ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យអ្នកគាំទ្របក្សប្រឆាំងមួយចំនួនដែលកំពុងលាក់ខ្លួននៅក្នុងព្រៃដូចជានៅភ្នំក្រវ៉ាញជាដើមបើដឹងថា ខុសឆាប់ចេញមកសារភាពនិងចូលរួមលេងកំសាន្តក្នុងបុណ្យអុំទូកទៅ ព្រោះបើមិនធ្វើសកម្មភាពអ្វីទេគេមិនធ្វើអីយើងដែរ។ សម្តេចបានបន្តថា ការចាប់ខ្លួននេះ ដោយសារតែអ្នកឯងបានដើរហួសពីសិទ្ធិបញ្ចេញមតិ ហួសបន្ទាត់ក្រហមហើយអ្នកដែលចូលរួមត្រូវតែមានទោសដូច្នេះសុំចេញសារភាពឲ្យត្រង់មក។ បើមិនចេញទេគឺតាមដល់ត្រង់ណាចាប់យកនៅត្រង់នោះតែម្ដង។ សម្តេចជោបន្តថា អ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធហើយមានក្នុងបញ្ជីរួចហើយ អ្នកឯងមិនអាចទៅណារួចទេប្រសិនជានៅលាក់ខ្លួនទៀតនឹងត្រូវចាប់ខ្លួនប៉ុន្តែបើអ្នកឯងចេញមកសារភាពយើងនឹងសណ្ដោសប្រណីដោយសារអ្នកឯង បានបោះបង់ចោលនូវផែនការក្បត់,ផែនការផ្ដួលរលំរាជរដ្ឋាភិបាល។ ដូចនេះវាជារឿងមួយមិត្តភ័ក្កិបរទេសសុំយោគយល់ចំពោះកម្ពុជា ព្រោះកម្ពុជាគ្មានជម្រើសណាក្រៅពីការពារជីវិតរបស់ប្រជាជននៅក្នុងសុខសន្តិភាពមួយដែលមិនត្រូវឲ្យបំផ្លាញដោយសារក្រុមមនុស្សមួយក្រុមតូចនោះឡើយ។
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលមួយដែលមានរចនាសម្ព័ន្ធពីលើដល់ក្រោមមានកម្លាំងប្រដាប់អាវុធតើគេអាចធ្វើឲ្យដួលបានទេ។ សម្តេចតេជោបន្តថា អ្នកមិនយល់គឺនៅតែមិនយល់ទេ។ ប៉ុន្តែអ្នកឯងមុខសញ្ញាត្រូវមានរហូតបើអ្នកឯងមិនចេញមកសារភាពទេនោះ គឺរដ្ឋាភិបាលនឹងបន្តចាប់ខ្លួនវាមិនចប់ថ្ងៃ ត្រឹមថ្ងៃទី៩ វិច្ឆិកាទេគឺវានៅតែតភាគបើអាឆ្កែមួយក្បាលនោះមិនព្រមប្រកាសបញ្ចប់នោះ យើងក៏នៅតែបន្តហើយអ្នកដែលរងគ្រោះគឺអ្នកដែលគាំទ្រ។
សម្តេចបន្តថា អាអ្នកនៅក្រៅប្រទេសវាមិនជួបបញ្ហាទេ តែអាអ្នកនៅក្នុងប្រទេសត្រូវចាប់ខ្លួននិងត្រូវជាប់គុកដូចនេះយកល្អចេញមកលេងបុណ្យអុំទូកជា មួយគ្នាទៅបើមិនចេះអុំទូកទេមកសុំហាត់ធ្វើជាអ្នកអុំទូកជាមួយគេទៅបានវាស្រួលនិងចូលរួមអកអំបុក៩វិច្ឆិកាក្រោមពាក្យស្លោកអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ។ ឯការប្រកាសចាប់ខ្លួន ហ៊ុន សែន តែ ហ៊ុន សែន ប្រកាសស៊ីអំបុក។
ជាមួយនេះដែរ សម្តេចក៏បានថ្លែងទៅកាន់មិត្តភក្តិបរទេសសុំឲ្យយល់ពីស្ថានភាពរបស់កម្ពុជាព្រោះកម្ពុជាត្រូវគ្រប់គ្រងសភាពការណ៍មួយចាំបាច់គឺរក្សាឲ្យ នូវស្ថិរភាពនិងសន្តិភាព ។ពីព្រោះកម្ពុជាធ្លាប់បានទទួលការឈឺចាប់វារាប់ភ្លេចរាប់មិនអស់ទៅហើយច្រើនពេកហើយដែលប្រជាជនកម្ពុជាទទួលរងនូវការឈឺចាប់ ដោយសារតែអាពាក្យប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបន្ទាប់មកគឺការផ្ដួលរំលំដែលធ្វើឲ្យប្រជាជនកម្ពុជាស្លាប់រាប់លាននាក់ ឥឡូវយើងមិនអាចជឿ ទៅលើអ្វីដែលជាពាក្យគ្រាន់តែនិយាយប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនោះទេ។ សិទ្ធិមនុស្សពិតប្រាកដគឺសិទ្ធិរស់រានមានជីវិតដែលមិនត្រូវទទួលការគំរាមកំហែង ដោយការស្លាប់ឬត្រូវរបួសដោយសង្គ្រាមនោះទេ។
ខ្ញុំមិនទុកឲ្យប្រជាជនកម្ពុជារបស់ខ្ញុំទទួលរងនូវវិនាសកម្មព្រាត់ប្រាសដូចអតីតកាលទៀតនោះ ទេ។ ទម្រាំរកបានសន្តិភាពយើងត្រូវចំណាយសាច់ឈាមដើម្បីធានាឲ្យកម្ពុជាមួយមានការឯកភាពទឹកដីលើកដំបូងនៅក្នុងប្រវត្តិសាស្ត្របើមិននិយាយដល់ ៥០០ឆ្នាំទេនិយាយត្រឹម១០០ឆ្នាំបន្ទាប់ពីបារាំងបានចូលមកដាក់អាណានិគមនៅកម្ពុជាទឹកដីកម្ពុជាតែងតែមានការបែងចែកក្រុមប្រដាប់អាវុធច្រើនក្រុមយើងខ្ញុំបានយកជីវិតធ្វើដើមទុនដើម្បីធានាឲ្យជាតិមួយនេះមានឯកភាពជាតិ ។ ដូច្នេះដោយតម្លៃណាក៏ដោយខ្ញុំត្រូវធ្វើសកម្មភាពទប់ស្កាត់ឲ្យខាងតែបាន។ យើងខ្ញុំគោរពដំណើរការប្រជាធិបតេយ្យយើងខ្ញុំនឹងផ្ដល់សិទ្ធិឲ្យអ្នកណាដែលឈ្នះឆ្នោតដោយប្រជាធិបតេយ្យមិនមែនមកដណ្ដើមអំណាចប្រកាសចាប់ខ្លួនហ៊ុនសែននៅថ្ងៃទី៩វិច្ឆិកានោះទេ។ សម្តេចតេជោបន្តទៀតថាចាំមើលថ្ងៃទី៩វិច្ឆិកា អាមួយនេះវានៅប៉ារីសតើមកចាប់ ហ៊ុន សែន នៅភ្នំពេញបែបណា។ វាដូចជាឆ្ងល់វាដូចជាកម្លាំងនោះវាច្រើនហួសប្រសិនជាចឹងមែន ហ៊ុន សែន មិនអាចនឹងដើរធ្វើការបានទេ។ សម្តេចបន្តទៀតថា ប្រជុំអាស៊ានមិនមានអ្នកណាមួយលើកមកនិយាយអំពីបញ្ហាទាក់ទងនឹងកម្ពុជានោះទេ។ ទាំងក្នុងក្របខ័ណ្ឌអាស៊ានទាំងដៃគូអាស៊ាននិងអាស៊ីបូព៌ាគឺមិនមានទេ៕
ណារី