​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ​សម្រេច​បាន​៨៦​ភាគរយ​ គ្រោង​បញ្ចប់​ដើម​ឆ្នាំក្រោយ

កំពង់ចាម ៖ ការស្ថាបនា​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់ (​ខេត្ត​កំពង់ចាម​) ទៅ​ស្រុក​ក្រូចឆ្មារ (​ខេត្ត​ត្បូង​ឃ្មុំ​) ដែល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បើ​គិត​រហូតមកដល់​ត្រឹម​ពាក់កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០២០ សម្រច​បាន​៨៦​ភាគរយ​ហើយ គ្រោង​នឹង​បញ្ចប់​នៅមុន​ខែ​មេសា ឆ្នាំ​២០២១​ខាងមុខ​។​ នេះ​បើ​យោង​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ក្រសួង​សាធារណការ និង ដឹក​ជញ្ជូន។​

ស្ពាន​មិត្តភាព កម្ពុជា ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ នេះ​មាន​ប្រវែង​សរុប​១.១៣១​ម៉ែត្រ និង​ទទឹង ១៣,៥០​ម ជា​ប្រភេទ​ស្ពានបេតុង​សរសៃ​ដែក​ គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋ​អាមេ​រិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រួមជាមួយ​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ដោះស្រាយ​ផលប៉ះពាល់ ​និង​បោសសំអាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ។

ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​នេះ​ មាន​ទីតាំង​ឋិត​នៅត្រង់ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម ឆ្លងកាត់​ទន្លេ​មេគង្គ​ទៅ​ត្រើយ​ខាងកើត​ ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

គម្រោង​ស្ពាន​នេះ​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់ សៀង ហៃ​គ្រុប (Shanghai Construction Group) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ​វ៉ាន​អាន​។ តាម​គ្រោង​ការណ៍​ស្ថាបនា​នេះ នឹង​ត្រូវ​ចំណាយ​រយៈពេល​ចំនួន​៤២​ខែ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨៕
​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

សូមចុចអាន ៖ អតីតប្រលានយន្តហោះខេត្តរតនគិរី​ នឹង​ត្រូវអភិវឌ្ឍន៍សម្រាប់​ផល​ប្រយោជន៍សាធារណៈ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114