​អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​យកចិត្តទុកដាក់​ និង​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ទាំងអស់​ដែល​មាន​ ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​

ភ្នំពេញ​៖ ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​លោក ​ឃួ​ង ​ស្រេង​​បាន​ជំរុញ​ឲ្យ​អភិបាល​ ​ខណ្ឌ​ទាំង​១៤ ​ត្រូវ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ទាំងអស់​ ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ឲ្យ​ការដ្ឋាន​ទាំង​នោះ​មាន​ច្បាប់​ត្រឹមត្រូវ​ ​ចៀសវាង​ការ​កើត​ឡើង​នូវ​ហានិភ័យ​ផ្សេងៗ​ ​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ ពិសេស​កម្មករ​ដែល​កំពុង​បំពេញ​ការងារ​ ​នៅ​ក្នុង​ការដ្ឋាន​។

​ការជំរុញ​បែបនេះ​ ​របស់អភិបាល​រាជធានីភ្នំពេញ​ ​បានធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី១៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០​​ នៅ​សាលា​រាជធានី​ភ្នំពេញ​ ​ដោយ​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​ ​ទាំង​១៤ ​មន្ទីរ​ពាក់ព័ន្ធ​ ​និង​មន្ត្រី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ទៀត​។​

​លោក​ ឃួង ស្រេង ​បានមាន​ប្រសាសន៍​លើកឡើងថា​ ​កាលពីដើម​ឡើយ​ការសុំច្បាប់​អនុញ្ញាត​ ​សាង សង់​គឺ​ ​ប្រើប្រាស់​ពេលយូរ​រហូតដល់​កន្លះឆ្នាំ​ ​ដែលធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការលំបាក​ ​ក្នុងការសុំច្បាប់ ​អនុញ្ញាត​ ​សាងសង់​លំនៅ​ដ្ឋាន​របស់ខ្លួន​ ​តែមកដល់​ពេលនេះ​ ​ក្រោយពី​រដ្ឋាភិបាល​បានប្រតិភូកម្ម​ ​ឲ្យថ្នាក់​ក្រោម​ជាតិ​ ​សំណង់​មួយ​ចំនួន​ត្រូវបាន​អនុញ្ញាត​ ​ត្រឹមថ្នាក់​ខណ្ឌ ​​និងថ្នាក់​រាជធានី​តាមរយៈ​ច្រក ចេញ ចូល​តែមួយ​ ​និងប្រើប្រាស់​ពេលវេលា​មិនយូរ​ដូច​ពេលមុន​​នោះទេ​។ ​ដូច្នេះ​ការងារ​នេះ ​ត្រូវ​តែ​ធ្វើ​ឡើង​ឲ្យបាន​ម៉ត់ចត់​ ​ពោល​គឺ​ ​ខណ្ឌ​ទាំងអស់​ ​ត្រូវតែ​ចុះ​ទៅពិនិត្យ​ ​មើល​ដល់​សំណង់​នានា ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួនថា​ ​តើ​ការដ្ឋាន​ទាំងនោះ​ ​មាន​ច្បាប់​អនុញ្ញាត ​ឬទេ​ ​បើ​មិនមាន​ច្បាប់​ ​ត្រូវ​ជំរុញ​ឲ្យ​ពួកគាត់​មក​បំពេញ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​។

​លោក ឃួង ស្រេង ​បាន​បញ្ជាក់​ថា​ ​មកដល់​ម៉ោងនេះ​ ​នៅមាន​ការដ្ឋាន​សំណង់ធំៗ​ ​មួយ​ចំនួ​ននៅមិន​ទាន់​ មាន​ច្បាប់​អនុញ្ញាត​នៅឡើយ​ ​ដោយ​ការដ្ឋាន​សំណង់​ខ្លះសាងសង់​ ​ខុសច្បាប់​ ​អនុញ្ញាត ​ពោល​គឺ ​ច្បាប់​អនុញ្ញាត​ត្រឹមតែ២២ ជាន់ ​ប៉ុន្តែ​ការសាងសង់​រំលោភច្បាប់​ ​រហូតដល់ ២៩ ជាន់​។ ​នេះជា​បញ្ហា​ ​ដែល​យើង​ ​ត្រូវតែធ្វើការ​ ​ដើម្បីកុំឲ្យ​មាន​បញ្ហា​កើតឡើង​ ​បង្កគ្រោះថ្នាក់​ដល់​មនុស្ស​។​

​លោក ឃួង ស្រេង​ ​ក៏បាន​បញ្ជាក់​ផង​ដែរថា​ ​ការ​សង់​មិន​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស មិន​មាន​គុណ​ភាព​ ​វា​នឹង​បង្ក​ហានិភ័យ​ ​ដែល​អាច​បាក់​រលំ​ ​ធ្វើឲ្យ​មនុស្ស​ស្លាប់​ ​ក្នុង​ខណៈ​ពេល​កំពុង​សាង​សង់​ ​និង​ក្រោយ​ការសាងសង់​។​ ​

​លោក​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​ក៏បាន​បញ្ជា​ឲ្យ​អភិបាលខណ្ឌ​ទាំងអស់​ ​ត្រូវចុះ​ពិនិត្យ​គ្រប់​ការដ្ឋាន​ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ ​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​ឡើយ​។

​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ​បើតាម​ការ​បញ្ជាក់​ពី​លោក​ សេង វណ្ណៈ​ ​នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ​នៅក្នុង​ទូទាំង​ ១៤ ខណ្ឌ ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​សំណង់ ​ដែល​មិន​មាន​ច្បាប់​អនុ​ញ្ញាត​ប្រមាណ​ជាង​ ៥០០ ទីតាំង​។ ​ប៉ុន្តែ​ក្នុង​ចំនួន​នេះ​ ​ត្រូវ​បាន​អភិបាលខណ្ឌ​មួយ​ចំនួន​បញ្ជាក់​ថា​ ចំនួន​នេះ​បាន​ថយ​ចុះ​ច្រើន​ហើយ​ ​ដោយ​ថ្មីៗ​នេះ​អភិបាល​ខណ្ឌ​មួយ​ចំនួន​នោះ​ ​បាន​អនុវត្ត​ចុះ​ទៅ​ធ្វើ​ការ​ត្រួតពិនិត្យ​ ​និង​បាន​ជំរុញ​ឲ្យ​ការដ្ឋាន​សំណង់​ដែល​មិន​ច្បាស់​នោះ​ ​ទៅ​បំពេញ​ច្បាប់​បាន​យ៉ាង​ច្រើន​ហើយ​។

​បើ​ស្ថិតិ​របស់​មន្ទីរ​រៀប​ចំ​ដែនដី​នគរោបនីយកម្ម​ ​និង​សំណង់​រាជធានី​ភ្នំពេញ​ឲ្យដឹង​ថា​នៅក្នុង​រាជធានី​ភ្នំពេញ​ចាប់​ពីឆ្នាំ​ ​២០០៥​ ​ដល់​ឆ្នាំ​ ​២០១៩​ ​សំណង់​ដែល​បាន​សាងសង់​រួច​ ​និង​កំពុង​ដំណើរ​ការ​សាង​សង់​ ចាប់​ពីកម្ពស់​ ​៥ជាន់​ ដល់ ​៤០ជាន់ ​មាន​ប្រមាណ​១២៩២​​ អគារ​។​

​សម្រាប់​ស្ថិតិ​ឆ្នាំ ២០១៩ ​សំណង់​កម្ពស់​ ៥ជាន់ ​ដល់ ​៩ជាន់ ​មាន​ចំនួន​ ៣៨១ អគារ​, ​កម្ពស់ ១០ជាន់ ដល់ ១៩ជាន់ មាន ១១០អគារ, ចាប់ពី កម្ពស់ ២០ជាន់ ទៅ ២៩ជាន់ មាន ១៥អគារ, ពី ៣០ជាន់ ទៅ ៣៩ជាន់ មាន ១៤អគារ, ពី ៤០ជាន់ ទៅ មាន ១២អគារ ​ចំណែក​សំណង់​បុរី​ ​មាន​ចំនួន ​២៤៤បុរី៕


​អត្ថបទ ៖ ស្រីរ័ត្ន​