​អ្នកចាំទី​ជើងចាស់​ អ៊ុំ វិចិត្រ​ ​ថា​រកបាន​៣​ពិន្ទុ ​ថ្ងៃ​បើកឆាក​លីគ​កំពូល​កម្ពុជា​គឺ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​

ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ ​ដណ្តើម​បាន​៣​ពិន្ទុ​ក្នុងការ​ប្រកួត​បើកឆាក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​២០២០ (Metfone Cambodian League 2020) ​ក្រោយ​បាន​យកឈ្នះ​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា​ ៣​ទល់​០ ​នៅ​កីឡដ្ឋាន​ Smart RSN ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​។ ​កីឡាករ​ ​Timothy Okereke ​​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ ​ភ្នំពេញ​ក្រោ​ន ​និង​ជួន ចាន់​ចាវ រក​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែមទៀត​ដើម្បី​ជួយ​ក្រុម​ទទួលបាន​៣​ពិន្ទុ​។​

​ទន្ទឹមនឹង​គ្នា​នេះដែរ​ ​កីឡាករ អ៊ុំ វិចិត្រ ​ដែលជា​អ្នកចាំទី​ជើងចាស់​ទើប​ផ្ទេរ​ចេញពី​ក្រសួងការពារជាតិ (​ខ​.​ភ​.​ម​) ​បានបញ្ជាក់​ថា​ ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​មួយ​សម្រាប់​ ​ភ្នំពេញ​ក្រោន​ ​ខណៈ​រូបគេ​បាន​ចាត់​ទុក​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល​ថា​ ​ជា​ក្រុម​ល្អ​ជាង​ក្នុង​ការ​ឈ្នះ ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។ ​«​ខ្ញុំ​គិតថា​អ្នក​ទាំងអស់គ្នា​ដឹង​ពី​គុណភាព​រវាង​ភាគី​ទាំងពីរ​ ​ពីព្រោះ​យើង​ជា​ក្រុម​ល្អ​ជាង​អគ្គិសនី​កម្ពុជា​។ ​យើង​បាន​ចូលទៅក្នុង​ការប្រកួត​ដោយ​ដឹងថា​យើង​នឹង​ឈ្នះ​បី​ពិន្ទុ​»​។ ​អ៊ុំ វិចិត្រ បន្ថែម​។

​កីឡាករ អ៊ុំ វិចិត្រ ​បន្តថា​៖ ​«​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ ​ហើយ​យើង​ត្រូវតែ​មើលទៅ​មុខ​​។ យើង​មាន​កីឡាករ​របួស​ច្រើន​។ ​ដូច្នេះ​ទម្រង់​លេង​មិនទាន់​ឈាន​ដល់​កម្រិត​ដែល​យើង​ចង់បាន​នៅឡើយ​ទេ​។ យើង​អាច​វាយតម្លៃ​សមត្ថភាព​ក្រុម​របស់​យើង​នៅពេលដែល​យើង​ជួប​ក្រុម​ធំ​។ ​យើង​បាន​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​ ​ប៉ុន្តែ​យើង​មាន​ភាពប្រសើរឡើង​ច្រើន​។ យើង​នឹង​ព្យាយាម​កែលម្អ​ ​និង​រៀន​សូត្រ​បន្ថែមទៀត​។ យើង​ធ្វើបាន​យ៉ាង​ល្អ​ក្នុងនាម​ជា​ក្រុម​មួយ​ដែលជា​ភាព​វិជ្ជមាន​មួយ​ផ្សេង​ទៀត​ដែល​ខ្ញុំ​មើលឃើញ​ពី​ការប្រកួត​នេះ​»​។​

​ជាមួយនឹង​ការរក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត​ដំបូង​ជាមួយ​ ភ្នំពេញ​ក្រោ​ន រូបគេ​​បានបង្ហាញ​អារម្មណ៍​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ចំពោះ​ការងារ​ដ៏​អស្ចារ្យ​នៅក្នុង​ការការពារ​។ អ៊ុំ វិចិត្រ បាន​បន្ថែមថា៖ ​«​វា​មិនមែនជា​ការប្រកួត​ពិបាក​សម្រាប់​ពួកយើង​ទេ ​ប៉ុន្តែ​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុង​ការជួយ​យើង​រក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​គ្រាប់​បាល់​»៕


អត្ថបទ៖ ​ម៉េង ហួរ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114